ជាតិ
«ទិវាជាតិអំណានលើកទី៦» រៀបចំតាមអនឡាញ ដោយភ្ជាប់ជាមួយកម្មវិធី «សប្ដាហ៍សៀវភៅ»
10, Mar 2021 , 7:59 am        
រូបភាព
រូបភាពពី Cambodia Book Fair ក្នុង ទីវាជាតិអំណានលើកទី៥
រូបភាពពី Cambodia Book Fair ក្នុង ទីវាជាតិអំណានលើកទី៥
ដោយ៖ ស៊ុល រ៉វី

ភ្នំពេញ៖ ដោយការគំរាមកំហែងពីជំងឺកូវីដ-១៩ ក្រសួងអប់រំ សម្រេចប្រារព្ធ «ទិវាជាតិអំណានលើកទី៦» តាមប្រព័ន្ធអនឡាញ ព្រមទាំងមាន «សប្ដាហ៍សៀវភៅ» ដើម្បីអបអរសាទរ ទិវាជាតិអំណានថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២១ ក្រោមប្រធានបទ «អំណានក្នុងបរិបទកូវីដ-១៩»។ ការជ្រើសរើសប្រធានបទនេះឡើង លោក រស់ សុវាចា អ្នកនាំពាក្យនៃក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា អំណាននៅតែដើរតួយ៉ាងសំខាន់ បើទោះជាក្នុងបរិបទកូវីដ-១៩នេះក៏ដោយ។


«ទិវាអំណានជាតិលើកទី៦» នឹងរៀបចំឡើងនៅថ្ងៃទី១១ ខែមីនា ដោយផ្សាយបន្តផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង អប់រំ យុវជន និងកីឡា (MoEYS Cambodia)។ បើតាមក្រសួងអប់រំ «ទិវាអំណានជាតិ» ដែលមានកម្មវិធី «សប្ដាហ៍សៀវភៅ» នឹងរៀបចំតាមអនឡាញរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី០៩-១៤ ខែមីនា ពីម៉ោង៧ព្រឹក ដល់ម៉ោង៨យប់។ 
 
លោក រស់ សុវាចា អ្នកនាំពាក្យនៃក្រសួងអប់រំ ប្រាប់ Thmey Thmey 25 តាមប្រព័ន្ធទំនាក់ទំនងTelegram ថា ការប្រារព្ធ «ទិវាអំណានជាតិ» ដោយរៀបចំតាមប្រព័ន្ធអនឡាញ ដោយពុំមានរៀបចំផ្ទាល់នៅវិទ្យាស្ថានជាតិអប់រំ និងពិព័រណ៍សៀវភៅឡើយ។ លោក សុវាចា លើកឡើងថា៖ «ការប្រារព្ធទិវាជាតិអំណានថ្ងៃទិ១១ ខែមីនា ជាកម្មវិធីប្រចំាឆ្នាំ ដើម្បីលើកកម្ពស់វប្បធម៌អាន បង្កើនទម្លាប់អាននៅកម្ពុជា»។
 
ជាលើកទី៦ហើយ ដែលក្រសួងអប់រំ និងដៃគូសហការ ប្រារព្ធ«ទិវាអំណានជាតិ» នេះឡើង ក្នុងការលើកកម្ពស់ការអាន នៅប្រទេសកម្ពុជា។ «ក្រសួងអប់រំ យុវជន និងកីឡា សង្កេតឃើញថាការអាន ក្នុងស្រទាប់អ្នកអានគ្រប់អាយុ មានការកើនឡើង»។ នេះជាការលើកឡើងរបស់ លោក រស់ សុវាចា ដោយផ្អែកលើការកើនឡើងនៃចំនួនការបោះពុម្ព នៃសហគ្រាសបោះពុម្ពសៀវភៅ និងអ្នកនិពន្ធ និងការជំរុញបន្ថែម តាមរយៈ«ទិវាអំណានជាតិ»នេះ។
 
សូមជម្រាបថា «ទិវាអំណានជាតិ» ត្រូវបានប្រារព្ធឡើងជាលើកដំបូងក្នុងឆ្នាំ ២០១៦ រៀងរាល់ថ្ងៃទី១១ ខែមីនា។ ការជ្រើសរើសថ្ងៃទី១១ ខែមីនានេះ គឺជាកំណើតរបស់ សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត។ ចំណែកការបង្កើតឡើងក្នុងគោលបំណងដើម្បីបំផុសប្រជាពលរដ្ឋកម្ពុជា ក្នុងការអាន និងរំឭកគុណព្រះសង្ឃរាជ ជួន ណាត ផងដែរ៕
 
 

Tag:
 ទិវាជាតិអំណានលើកទី៦
  អំណានក្នុងបរិបទកូវីដ
  Cambodia Book Fair
  ក្រសួងអប់រំ យុវជន និងកីឡា
© រក្សាសិទ្ធិដោយ thmeythmey.com