ជាតិ
អាមេរិកខ្វល់ខ្វាយចំពោះការបន្តបំផ្លាញព្រៃឈើនៅព្រៃឡង់ ខណៈមន្ត្រីកម្ពុជាថា បានដោះស្រាយបញ្ហាជាច្រើន
09, Mar 2021 , 9:29 pm        
រូបភាព
រូបថត៖ GPL
រូបថត៖ GPL
ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនា បានចេញសេចក្តីថ្លែងការណ៍បង្ហាញពីកង្វល់ចំពោះការ បំផ្លាញព្រៃឈើដែលចេះតែបន្តនៅតំបន់ព្រៃឡង់ និងទូទាំងប្រទេស។ ការលើកឡើងបែបនេះ  គឺដោយសារតែអាមេរិកជាប្រទេសដែលគាំទ្រកិច្ចសហប្រតិបត្តិការលើការអភរិក្សជីវសាស្រ្តចម្រុះសម្បូរបែប នៅដែនជម្រកសត្វព្រៃនៅព្រៃឡង់ និងបេតិកភណ្ឌធម្មជាតិនៅកម្ពុជា។ អ្នកនាំពាក្យក្រសួងបរិស្ថាន ស្វាគមន៍ចំពោះក្តីកង្វល់របស់អាមេរិក ហើយបានអះអាងថា រដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងដោះស្រាយរាល់បញ្ហាដែលមាននៅក្នុងតំបន់ការពារធម្មជាតិ។

 
«ការបាត់បង់ព្រៃឈើនៅព្រៃឡង់ និងនៅទូទាំងប្រទេសកម្ពុជា មានការទាក់ទងនឹងកត្តាមួយចំនួន ដែលរួមមានការពង្រឹងការអនុវត្តច្បាប់នៅខ្សោយ និងប្រព័ន្ធអភិបាលកិច្ចគ្មានភាពច្បាស់លាស់»។  ស្ថានទូតអាមេរិក  បានអះអាងយ៉ាងដូច្នេះ ដោយបន្តថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ អ្នកពាក់ព័ន្ធនៅថ្នាក់អាជ្ញាធរមូលដ្ឋាន អាជ្ញាធរខេត្ត និងជាតិ ទូទាំងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែដើរស្របគ្នា ក្នុងការងារអភិរក្សតំបន់ការពារ ដូចជាព្រៃឡង់។ 


 
ទីភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាមេរិក USAID  បានធ្វើការងារដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយលើកកម្ពស់សមត្ថភាពបច្ចេកទេសនៅគ្រប់លំដាប់ថ្នាក់ ជំរុញឱ្យមានតម្លាភាព និងគណនេយ្យភាព គាំទ្រការចូលរួមយ៉ាងសកម្មរបស់សហគមន៍  ហើយផ្តល់ជម្រើសផ្សេងក្នុងការប្រកបជីវភាពរស់នៅ។ បើតាមសេចក្តីថ្លែងរបស់ស្ថានទូតអាមេររិកដដែល តាមរយៈគម្រោងព្រៃឡង់បៃតង (Greening Prey Lang or GPL) របស់ទីភ្នាក់ងារUSAID បានជួយសហគមន៍មូលដ្ឋាន ដូចជាសមាជិកនៃបណ្តាញសហគមន៍ព្រៃឡង់ (PLCN) នៅក្នុងការងារល្បាតរួមគ្នានៅព្រៃឡង់ ជាមួយក្រសួងបរិស្ថាន។ 
 
សកម្មភាពភាគច្រើនរបស់ GPL  ផ្តល់ប្រយោជន៍ដោយផ្ទាល់ដល់សហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងការងារអភិរក្ស ហើយគ្មានថវិកាណាត្រូវបានផ្តល់ឱ្យតាមរយៈប្រព័ន្ធរដ្ឋាភិបាលឡើយ។  ស្ថានទូតអាមេរិក បានរៀរាប់ដូច្នេះ៖« យើងបន្តធ្វើការដោយផ្ទាល់ជាមួយ PLCN និងក្រសួងបរិស្ថាន ដើម្បីគាំទ្រកិច្ចពិភាក្សា ដើម្បីឱ្យគេអាចធ្វើការជាមួយគ្នា ក្នុងគោលដៅរួមក្នុងការការពារព្រៃឡង់»។ 
 


 
លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានស្វាគមន៍ចំពោះក្តីកង្វល់របស់សហរដ្ឋអាមេរិកដែលបានបង្ហាញនូវក្តីព្រួយបារម្ភ លើការបាតបង់ព្រៃឈើនៅព្រៃឡង់កម្ពុជា ខណៈ ក្រសួងបរិស្ថាន កំពុងយកចិត្តទុកដាក់ខ្លាំង ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយ ដែលកំពុងកើតមាននៅក្នុងតំបន់ការពារធម្មជាតិ រួមទាំងដែនជម្រកសត្វព្រៃព្រៃឡង់។
 
បច្ចុប្បន្ន ក្រសួងបរិស្ថានកំពុងធ្វើកំណែទម្រង់លើកិច្ចការពារនិងអភិរក្ស ការធ្វើទំនើបកម្មស្ថាប័ន ការបង្កើនសមត្ថភាពមន្ត្រី ការបំពាក់ឧបករណ៍ចាំបាច់នានាក្នុងការចុះល្បាត ការបង្កើតលិខិតបទដ្ឋានគតិយុត្តដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ ការពង្រឹងការអនុវត្តច្បាប់ប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព។ 
 
ព្រៃឡង់កម្ពុជា ដែលមានទំហំជាង៤៣ម៉ឺនហិកតា ត្រូវបានរដ្ឋាភិបាលសម្រេចដាក់ទៅជាតំបន់ការពារ ក្នុងខែឧសភា ឆ្នាំ២០១៦មក ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។  នារយៈពេលជិត១០ឆ្នាំមកនេះ នៃការខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្ស សហគមន៍តំបន់ការពារធម្មជាតិ និងការគាំទ្រហិរញ្ញវត្ថុ និងបច្ចេកទេសពីដៃគូអភិវឌ្ឍន៍នានា លោក នេត្រ ភក្រា្ត បានអះអាងថា ៖«ស្ថានភាពនៃការការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជាមានភាពប្រសើរឡើង ដោយកត់សម្គាល់ឃើញថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងមានទៀត  នៅសល់តែបទល្មើសទ្រុងទ្រាយតូចដែលសមត្ថកិច្ចបរិស្ថាននឹងដៃគូបន្តទប់ស្កាត់និងបង្ក្រាប។  ស្ថានភាពសត្វព្រៃនិងជីវៈចម្រុះមួយចំនួនមានស្ថានភាពឋេរ និងខ្លះមានការកើនឡើង ខណៈការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសកើនឡើង»។


 
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងបរិស្ថាន  ក៏បានបង្ហាញនូវការមិនពេញចិត្តចំពោះអង្គការ និងបណ្តាញសហគមន៍ព្រៃឡង់មួយចំនួន ដែលតែងតែព្យាយាមរំលេចតែចំណុចអវិជ្ជមាន និងព្យាយាមធ្វើអាជីវកម្មលើចំណុចអវិជ្ជមាន ដោយបំភ្លេចពិនិត្យនិងវាយតម្លៃលើស្ថានភាពរួមនៃកិច្ចការពារនិងអភិរក្សធនធានធម្មជាតិដែលក្រសួងបរិស្ថានបាននិងកំពុងធ្វើឱ្យមានស្ថានភាពប្រសើរឡើង។ 
 
កាលឆ្នាំ២០២០ បទល្មើសធនធានធម្មជាតិ រួមមានទាំងការកាប់និងដឹកជញ្ជូនឈើខុសច្បាប់ ការទន្ទ្រានកាន់កាប់ព្រៃដោយខុសច្បាប់ និងការបរបាញ់សត្វជិត៩ពាន់ករណីត្រូវបានបង្ក្រាប។ នេះបើតាមលោក នេត្រ ភក្ត្រា៕ 


 

Tag:
 ព្រៃឈើ
  ព្រៃឡង់
© រក្សាសិទ្ធិដោយ thmeythmey.com