ជាតិ
ឧតុនិយម៖ តំបន់មួយចំនួននឹងមានភ្លៀង ផ្គរ រន្ទះ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមីនា
09, Mar 2021 , 10:29 pm        
រូបភាព
ដោយ៖ ស៊ុល រ៉វី

តំបន់មួយចំនួនក្នុងប្រទេស នឹងមានភ្លៀងធ្លាក់ ផ្គរ រន្ទះ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ មីនានេះ ដោយសារការចូលមកដល់នៃរដូវប្រាំង ខណៈដែលទ្រនុងសម្ពាធខ្ពស់ពីប៉ាស៊ីហ្វិក មានការធ្លាក់ចុះបន្តិច គ្របលើតំបន់ខ្ពង់រាបឦសាន ធ្វើឲ្យកើតជាសម្ពាធទាបតូចៗ ដែលប្លែងពីកម្ដៅ ទៅខ្យល់ (THERMODYNAMIC)។ នេះបើតាមសេចក្តីជូនដំណឹងរបស់ធនធានទឹក និងឧតុនិយម ចេញផ្សាយថ្ងៃទី៩ ខែមីនានេះ។



តាមការព្យាកររបស់ក្រសួងធនធានទឹក ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមីនា បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នឹងមានសីតុណ្ហភាពអប្បបរមា រង្វង់ពី២៤-២៧អង្សាសេ ខណៈសីតុណ្ហភាពអតិបរមារង្វង់ពី៣៤-៣៧អង្សាសេ។ ចំពោះថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមីនា មានភ្លៀងផ្គររន្ទះ ពីខ្សោយទៅមធ្យម នៅបណ្ដាខេត្តភាគពាយ័ព្យ។
 
បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមារង្វង់ពី ២៣-២៦អង្សាសេ។ សីតុណ្ហភាពអតិបរមា រង្វង់ពី៣៤-៣៧អង្សាសេ នៅថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមីនា។ រីឯនៅថ្ងៃទី១០ ខែមីនា នឹងមានភ្លៀងផ្គរ រន្ទះ មានជាមធ្យមនៅខេត្តឧត្ដរមានជ័យ។ នេះបើតាមសេចក្តីជូនដំណឹងដដែល។ 
 
ដោយឡែកនៅតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមីនា សីតុណ្ហភាពអប្បបរមារង្វង់ពី ២៣-២៦អង្សាសេ។ សីតុណ្ហភាពអតិបរមារង្វង់ពី ២៣-៣៥អង្សាសេ និងមានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅមធ្យម៕
 

Tag:
 អាកាសធាតុ
  ភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com