កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Juventus ហាលអាវដោយសារកីឡាករ១០នាក់ Porto ខណៈ Haaland ជួយ Dortmund ទៅវគ្គបន្ត
10, Mar 2021 , 7:06 am        
រូបភាព
Ronaldo ខកចិត្តក្រោយ Juventus ហាលអាវ ខណៈ Haaland ជួយ Dortmund ទៅវគ្គបន្ត។ រូបថត UCL
Ronaldo ខកចិត្តក្រោយ Juventus ហាលអាវ ខណៈ Haaland ជួយ Dortmund ទៅវគ្គបន្ត។ រូបថត UCL
ដោយ: ថ្មីៗ
គ្រាប់បាល់បញ្ចូលទីរបស់ Sergio Oliveira នៅនាទី១១៥ បានធ្វើឲ្យ Juventus រងនូវការខកចិត្ត និងជាគ្រាប់នាំឲ្យ Porto ដែលមានគ្នាត្រឹម១០នាក់ឈានបន្តទៅវគ្គ៨ក្រុមនៃ Champions League ដោយសារការមានប្រៀបលើគ្រាប់បាល់ក្រៅទឹកដី។ Borrusia Dortmund ឈានទៅវគ្គបន្តដោយឈ្នះ Sevilla សរុបទាំងពីរជើង ៥-៤ ខណៈខ្សែប្រយុទ្ធន័រវេស Erling Braut Haaland សម្រេចបានគ្រាប់បាល់ទី១៩ និងទី២០របស់ខ្លួន។



នាការប្រកួតនៅលើទឹកដីរបស់ខ្លួន ក្លិបព័រទុយហ្គាល់ Porto បានយកឈ្នះ Juventus ២-១ ហើយឈានដល់ការប្រកួតនៅជើងទីពីរនៅទឹកដីក្រុមខ្លាំងអ៊ីតាលីវិញ ការប្រកួតឈានដល់នាទីបន្ថែម ក្រោយលទ្ធផលស្មើនៅម៉ោងធម្មតា។ Sergio Oliveira ស៊ុតបាល់ប៉េណាល់ទីនាំមុខសម្រាប់ Porto នៅនាទី១៩ ហើយ Federico Chiesa វាយបកតាមស្មើវិញនៅដើមតង់ទី២ មុនពេលដែល Mehdi Taremi របស់ Porto ទទួលបានកាតលឿងជាលើកទី២នៅនាទី៥៤។

ប្រមាណ១០នាទី ក្រោយពេលដែល Porto ត្រូវលេងត្រឹមកីឡាករ១០នាក់ Federico Chiesa រកបានមួយគ្រាប់ទៀតសម្រាប់សេះបង្កង់ដែលនាំឲ្យការប្រកួតឈានដល់ម៉ោងបន្ថែម១៥នាទីពីរដង។ ឈានដល់នាទី១១៥ សម្ពាធដ៏ធំបានធ្លាក់ទៅលើ Juventus ក្រោយ Seirgo Oliveira រកបាន១គ្រាប់ទៀតសម្រាប់ Porto ហើយបើទោះបីជា Adrien Rabiot ជួយឲ្យម្ចាស់ផ្ទះឈ្នះ ៣-២ នៅនាទី១១៧ក៏ដោយ វាគ្រាន់តែជាគ្រាប់បាល់បង្រ្គប់កិច្ចប៉ុណ្ណោះ ដោយ Porto ត្រូវឈានទៅវគ្គបន្តជាមួយលទ្ធផល ៣-៣ តាមរយៈការស៊ុតបាល់បញ្ចូលទីលើក្រុមខ្លាំងអ៊ីតាលីដល់ទៅ២គ្រាប់។



Juventus ត្រូវហាលអាវដោយសាររូបមន្តបាល់ក្រៅដីនៅដំណាក់កាលនេះ ពីររដូវកាលជាប់គ្នា។ សម្រាប់ Porto នាជាការឈានដល់វគ្គបន្តជាលើកដំបូង ក្រោយឈ្នះជើងទី១ បើគិតចាប់តាំងពីពួកគេទម្លាក់ Lyon នៅវគ្គ១/៤ផ្តាច់ព្រ័ត្រនារដូវកាល២០០៣-០៤។

រីឯជំនួបនៅលើទឹកដី Signal Iduna Park ខ្សែប្រយុទ្ធ Erling Braut Haaland បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី១៩ និងទី២០ក្នុងក្របខណ្ឌ Champions League ខណៈ Borrussia Dortmund ស្មើ Sevilla ២-២ ដើម្បីឈានទៅវគ្គ១/៤ផ្តាច់ព្រ័ត្រជាមួយនឹងជ័យជម្នះសរុប ៥-៤។ Sevilla រងនូវការខកចិត្ត បើទោះបីជា Youssef En-Nesyri តាមវាយបកវិញបាន២គ្រាប់ក៏ដោយ។


Dortmund ឈានដល់វគ្គ៨ក្រុមចុងក្រោយជាលើកដំបូង បើគិតចាប់តាំងពីរដូវកាល២០១៦-១៧។ ពីរគ្រាប់បន្ថែមលើ Sevilla នាំឲ្យ Haaland ក្លាយជាកីឡាករអាយុក្រោម២១ឆ្នាំ ដែលស៊ុតបាល់បញ្ចូលទីច្រើនជាងគេបំផុតនៅ Champions League ដោយមាន២០គ្រាប់ ខណៈ Kylian Mbappe របស់ PSG មាន១៩គ្រាប់។



បើគិតចាប់តាំងពីចាប់ផ្តើមបង្ហាញខ្លួននៅខែកញ្ញា ឆ្នាំ២០១៩ Haaland សម្រេចបានគ្រាប់បាល់បញ្ចូលទីច្រើនជាង Robert Lewandowski របស់ Bayern Munich (១៩គ្រាប់) ហើយឡើងឈរពីលើអ្នកចាត់ការទូទៅ Manchester United លោក Ole Gunnar Solskjaer ក្នុងនាមជាកីឡាករន័រវេសដែលរកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេនៅ Champions League៕



Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com