COVID-19
ជាតិ
COVID-19៖ វិជ្ជមាន៦៤នាក់ទៀត ខណៈករណី២០កុម្ភៈរាលដាលដល់សៀមរាប
10, Mar 2021 , 7:31 am        
រូបភាព
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នាសន្និសីទសារព័ត៌មានកន្លងមក
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នាសន្និសីទសារព័ត៌មានកន្លងមក
ដោយ: រួបរួម
ក្រសួងសុខាភិបាលនាព្រឹកពុធថ្ងៃ ទី៩ ខែមីនា នេះ បានប្រកាសពីការរកឃើញអ្នកកើតកូវីដ-១៩ ចំនួន៦៤នាក់បន្ថែមទៀត ដែលពាក់ព័ន្ធករណីសហគមន៍២០កុម្ភៈ។ សរុបមកដល់ពេលនេះ ករណីកូវីដ-១៩នៅកម្ពុជាឡើងដល់១១២៤នាក់ ដោយ៦១៣នាក់ជាករណីសហគមន៍២០កុម្ភៈ ដែលបានរាលដាលចេញពីភ្នំពេញ ដល់ខេត្តកណ្តាល ព្រះសីហនុ បន្តដល់ស្វាយរៀង កោះកុង ព្រៃវែង កំពង់ធំ កំពង់ចាម ហើយបន្តដល់សៀមរាប។ ករណីឆ្លង៦៤នាក់នៅថ្ងៃនេះ ជាករណីឆ្លងប្រចាំថ្ងៃដ៏ច្រើនបំផុត ដូចកាលពីថ្ងៃទី២៥ ខែកុម្ភៈ។



ក្នុងចំណោមករណីទាំង​៦៤ មាន៣០ករណីនៅកណ្តាល ២៦ករណីនៅភ្នំពេញ ៥ករណីនៅព្រៃវែង ២ករណីនៅខេត្តព្រះសីហនុ ១ករណីសៀមរាប។

នៅខេត្តកណ្តាលដែលមានដល់ទៅ៣០ករណី អ្នកជំងឺជាជនជាតិខ្មែរ និងចិន ដោយភាគច្រើនមានអាសយដ្ឋាននៅឃុំពាមឧកញ៉ាអុង ឃុំអរិយក្សត្រ ស្រុកល្វាឯម, និងនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ។

២៦ករណីនៅរាជធានីភ្នំពេញ មានអ្នកជំងឺជាជនជាតិខ្មែរ ចិន និងវៀតណាម ដោយភាគច្រើនមានអាសយដ្ឋាននៅសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ និងបណ្តាសង្កាត់ជាច្រើនទៀត។

៥ករណីនៅព្រៃវែង សុទ្ធតែស្ថិតក្នុងស្រុកពាមរក៍ ដោយមានខ្មែរ៤នាក់ និង​វៀតណាម១នាក់។ ២នាក់នៅខេត្តព្រះសីហនុជាបុរសជនជាតិចិន រីឯករណីសហគមន៍ដំបូងនៅសៀមរាប ជាស្ត្រីអាយុ៣២ឆ្នាំ នៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក។

ជាមួយគ្នានេះ ក្រសួងបាន​ប្រកាសពីករណីជាសះស្បើយ១១នាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក្នុងនោះមានចិន​៨នាក់ វៀតណាម២នាក់ និងខ្មែរ១នាក់។

សរុបមកដល់បច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ ចំនួន១១២៤ករណី ក្នុងនោះ៦១៣ករណីពាក់ព័ន្ធសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយមាន​៥៤៩នាក់៕





© រក្សាសិទ្ធិដោយ thmeythmey.com