ជាតិ
សេដ្ឋកិច្ច
ទិន្នផលអំបិលប្រចាំឆ្នាំ២០២១ ត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ ដោយសារបញ្ហាអាកាសធាតុ
10, Mar 2021 , 9:45 am        
រូបភាព
ស្រែអំបិលដែលកសិករប្រមូលបាន​នាពេល​កន្លងមក​។ រូបថត៖ លោក ប៊ុន បារាំង
ស្រែអំបិលដែលកសិករប្រមូលបាន​នាពេល​កន្លងមក​។ រូបថត៖ លោក ប៊ុន បារាំង
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៩មីនានៃឆ្នាំ២០២១ ប្រជាកសិករក្នុងខេត្តកំពត ផលិតអំបិលបានជាង៤,១ម៉ឺនតោន។ បរិមាណនេះ គឺមានទំហំតិចជាងការប្រមូលអំបិលក្នុងឆ្នាំ២០២០ បើគិតក្នុងរយៈពេលដូចគ្នា។ ជាមួយគ្នានេះ លោក  សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍  ក៏ព្យាករណ៍ថា ការផលិតអំបិល ប្រចាំឆ្នាំ២០២១ នឹងមានចំនួនតិចជាងឆ្នាំ២០២០ ព្រោះតែអាកាសធាតុមិនសូវអំណោយផល។



ការប្រមូលផលអំបិលនៅក្នុងខេត្តកំពត ចាប់ផ្តើមធ្លាក់ចុះនៅពេលឈានចូលដល់ខែមីនា ឆ្នាំ២០២១ ដែលមានភ្លៀងកក់ខែ។  លោក គឹមជឿន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗនារសៀលថ្ងៃទី៩មីនាតាមទូរសព្ទថា នៅដើមខែមីនានេះ ខេត្តកំពត ពិសេសនៅតំបន់ផលិតអំបិលតែម្តង គឺបានជួបនូវភ្លៀងកក់ខែចំនួន២ដងរួចមកហើយ ដោយបានធ្វើឱ្យអំបិល ដែលកសិករប្រមូលទុកនៅលើស្រែនោះ បានរលាយអស់ទៅវិញ។ 
 
លោក គឹមជឿន បញ្ជាក់ថា៖«ចាប់ពីពេលនេះ រហូតដល់ចុងខែមេសា បើអត់មានភ្លៀងកក់ខែទេ យើងអាចសង្ឃឹមបានថា ការផលិតអំបិលនៅក្នុងឆ្នាំ២០២១ គឺមានបរិមាណក្រោម ជាងការផលិតផលអំបិលក្នុងឆ្នាំ២០២០ តិចតួចប៉ុណ្ណោះ។ ប៉ុន្តែ អ្វីដែលខ្ញុំបារម្ភនោះ គឺបើចុងខែមីនា ឬដើមខែមេសា មានភ្លៀងកក់ខែត្រឹមមួយ ឬពីរមេទៀត នោះការផលិតអំបិលយើង កាន់តែទាប ព្រោះយើងជិតផុតរដូវផលិតអំបិលហើយ»។
 
ជាមួយគ្នានេះ លោក គឹមជឿន បានអះអាងថា បើអាកាសធាតុក្តៅអំណោយផលល្អ ដល់ការផលិតអំបិលត្រឹមតែ៣-៤ខែជាប់គ្នានោះ សម្រាប់តម្រូវការអំបិលនៅលើទីផ្សារកម្ពុជាប្រមាណ១០ម៉ឺនតោន ក្នុងមួយឆ្នាំនោះ អំបិលដែលប្រជាកសិករផលិតបាន គឺប្រើប្រាស់មិនអស់ឡើយ។ បើប្រធានមន្ទីរឧស្សាហកម្មខេត្តកំពតរូបនេះ  បើអាកាសធាតុក្តៅល្អ ក្នុងមួយសប្តាហ៍ប្រជាកសិករនៅក្នុងកំពត អាចប្រមូលផលអំបិលបាន៨ពាន់ទៅ១,២ម៉ឺនតោន។ 
 
បច្ចុប្បន្ន ផ្ទៃដីធ្វើស្រែអំបិលក្នុងខេត្តកំពតមានទំហំសរុប ៣,៧២៦ហិកតា ដែលមានអ្នកផលិតចំនួន ១៧៩ក្រុម និងចែកចេញជា៦មណ្ឌល ដោយមានកម្លាំងពលកម្មចំនួន១,៦៥០នាក់។ បើតាមទិន្នន័យដែលទទួលបានពីលោក កឹង ស៊ុនធាង ប្រធានការិយាល័យផលិតអំបិលនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត ក្នុងចំណោមអំបិលដែលអំបិលបាននេះ មានចំនួន១,២៨០ ត្រូវបានលក់ និងជិត២,៣តោន មាននៅក្នុងឃ្លាំង។
 
ក្រៅពីខេត្តកំពត កម្ពុជានៅមានខេត្តកែបផងដែរ ដែលអាចផលិតអំបិលបានតម្រូវការទីផ្សារ។ បើតាម របាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងឆ្នាំ២០២០ ផ្ទៃដីធ្វើស្រែអំបិលក្នុងខេត្តកំពត និងខេត្តកែប មានទំហំសរុប ៤,៧៤៨ ហិកតា។ ក្នុងករណីអាកាសធាតុអំណោយផល ដីស្រែមួយហិកតា អាចផលិតអំបិលបានជាមធ្យម២០តោន ក្នុងរយៈពេលមួយឆ្នាំ។
 
កាលពីឆ្នាំ ២០១៤, ២០១៥ និងឆ្នាំ ២០១៦ កម្ពុជាប្រមូលផលអំបិលជាង១០ ម៉ឺនតោនក្នុងមួយឆ្នាំៗ។ បរិមាណផលអំបិលនេះ ក៏បានធ្លាក់ចុះ នៅក្នុងរយៈពេល៣ឆ្នាំជាប់គ្នាវិញគឺពី២០១៧, ២០១៨ និងឆ្នាំ ២០១៩ ដែលកម្ពុជាត្រូវបញ្ជាទិញអំបិលពីប្រទេសឥណ្ឌា ចិន និងថៃ ដើម្បីបំពេញតម្រូវការក្នុងស្រុកកន្លងមក៕
 

Tag:
 អំបិល
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com