អន្តរជាតិ
លោក បៃឌិន នឹងជជែកជាមួយមេដឹកនាំប្រទេស Quad លើការទប់ឥទ្ធិពលចិន និងបញ្ហាវ៉ាក់សាំង
10, Mar 2021 , 2:02 pm        
រូបភាព
ដោយ:
ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន នឹងជួបពិភាក្សាពីចម្ងាយជាមួយមេដឹកនាំជប៉ុន ឥណ្ឌា និងអូស្ត្រាលីនៅថ្ងៃទី១២ ខែមីនា។ សេតវិមាន ប្រកាសពីជំនួបនេះនៅថ្ងៃទី៩ ខែមីនា។ ការពិភាក្សារវាងថ្នាក់ដឹកនាំប្រទេសទាំង៤នេះ ត្រូវមើលឃើញថា ជាកិច្ចប្រឹងប្រែងក្នុងការទប់ទល់ការកើនឡើងឥទ្ធិពលសេដ្ឋកិច្ច និងយោធារបស់ចិននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងជាការបង្កើនសមត្ថភាពផលិតវ៉ាក់សាំងរបស់ឥណ្ឌា។


មេដឹកនាំប្រទេស Quad មានអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា នឹងមានជំនួបលើកដំបូងបំផុតនៅថ្ងៃទី១២ ខែមីនាខាងមុខ។ ការពង្រឹងកិច្ចសហប្រតិបត្តការក្នុងចំណោមប្រទេសដែលមានប្រជាធិបតេយ្យជឿនលឿនទាំង៤ ជាប្រធានបទសំខាន់ ព្រមគ្នានឹងការជជែករកមធ្យោបាយទប់ទល់ឥទ្ធិពលចិនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។
 
កិច្ចពិភាក្សារវាងថ្នាក់ដឹកនាំប្រទេសទាំង៤ ក្រោមក្របខណ្ឌ Quad ត្រូវបានលោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមានចាត់ទុកថា ជាការផ្តល់សារៈសំខាន់របស់អាមេរិកដល់សម្ពន្ធមិត្ត និងដៃគូក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោកស្រី Psaki និយាយថា កិច្ចពិភាក្សានឹងផ្តោតលើជំងឺកូវីដ-១៩ កិច្ចសហប្រតិបត្តិកាសេដ្ឋកិច្ច និងបម្រែបម្រួលអាកាសធាតុ។ 
 
ទីភ្នាក់ងារព័ត៌មានReuters បានស្រង់សម្ដីមន្ត្រីក្រសួងការបរទេសអាមេរិកមួយរូបថា កិច្ចពិភាក្សានេះជាការបង្ហាញពីគោលជំហររួមរបស់ប្រទេសទាំង៤ ក្នុងការទប់ទល់ទៅនឹងការកើនឡើងឥទ្ធិពលរបស់ចិន ក៏ដូចជាធ្វើឱ្យ Quad ក្លាយជាផ្នែកមួយនៃគោលនយោបាយការទូតក្នុងតំបន់ផងដែរ។ មន្ត្រីរូបនេះបន្ថែម ថ្នាក់ដឹកនាំប្រទេសទាំង៤ នឹងពិភាក្សាលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុដើម្បីបង្កើនសមត្ថភាពផលិតវ៉ាក់សាំងកូវីដ-១៩នៅឥណ្ឌា។
 
ចំណែកក្រសួងការបរទេសឥណ្ឌា បញ្ជាក់ថា ថ្នាក់ដឹកនាំប្រទេស Quad នឹងលើកឡើងពីបញ្ហាសាកល និងពិភពលោក ក៏ដូចជាផ្លាស់ប្តូរទស្សនៈគ្នាលើកិច្ចសហប្រតិបត្តិការដែលធ្វើយ៉ាងណាឱ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកបន្តមានលក្ខណៈសេរី បរិយាប័ន្ន និងបើកចំហរ។ បញ្ហាបច្ចេកវិទ្យាសំខាន់ៗ សន្តិសុខលំហសមុទ្រ បម្រែបម្រួលអាកាសធាតុ ការប្រយុទ្ធជំងឺឆ្លង ការស្វែងរកឱកាសដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងការធានាកាទទួលវ៉ាក់សាំងដោយសុវត្ថិភាព និងប្រកបដោយសមធម៌ ត្រូវបានរំពឹងថាជាចំណុចស្នូលនៃជំនួបនេះដែរ។
 
ពីរដ្ឋធានីកង់បេរ៉ាវិញ នាថ្ងៃទី៩ ខែមីនា នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន និយាយថា ជំនួបនេះនឹងផ្តោតទៅលើសន្តិសុខតំបន់ និងបម្រែបម្រួលអាកាសធាតុ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី សង្ឃឹមថា ជំនួបលើកដំបូងនេះ នឹងជាការបញ្ជូនសារទៅប្រទេសក្នុងតំបន់ស្តីពីការគាំទ្រអធិបតេយ្យភាព និងឯករាជ្យភាពតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
 
នារយៈពេលចុងក្រោយនេះ អាមេរិកខិតខំពង្រឹងចំណងជាមួយសម្ពន្ធមិត្ត ដើម្បីទប់ជាមួយចិនដែលកំពុងពង្រីកឥទ្ធិពលក្នុងតំបន់អាស៊ីទាំងមូល ក៏ដូចជាផ្នែកឯទៀតនៃពិភពលោក។ ចំណែកឥណ្ឌាវិញ បានទទូចប្រទេស៣ទៀតឱ្យវិនិយោគបន្ថែមលើសមត្ថភាពផលិតវ៉ាក់សាំងរបស់ខ្លួន ក្នុងបំណងប្រជែងជាមួយគោលនយោបាយវ៉ាក់សាំងការទូតរបស់ចិន។
 
ក្រោយជំនួបនេះ លោក អាន់តូនី ប្ល៊ីងខិន រដ្ឋមន្ត្រីការបរទេសអាមេរិក និងលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងធ្វើទៅកូរ៉េខាងត្បូង និងជប៉ុនផងដែរ។ លោក ប្ល៊ីងខិន ទំនងជាមានជំនួបជាមួយលោក Yang Jiechi អ្នកការទូតជាន់ខ្ពស់ចិនផងដែរ។ លោកស្រី Psaki និយាយថា អាមេរិកកំពុងជជែកដោយផ្ទាល់ជាមួយចិនលើបញ្ហាជាច្រើន ប៉ុន្តែពុំទាន់សម្រេចលើរឿងជំនួបនេះឡើយ៕
 

Tag:
 អាមេរិក
  ចិន
  ឥណ្ឌា
  ជប៉ុន
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com