អត្ថបទពាណិជ្ជកម្ម
មេទ័ពអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បារម្ភថា ចិនអាចនឹងវាយកោះតៃវ៉ាន់ក្នុងឆ្នាំ២០២៧
10, Mar 2021 , 5:59 pm        
រូបភាព
នាយឧត្តមនាវី Phillip Davidson មេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក។ រូបថត USINDOPACOM
នាយឧត្តមនាវី Phillip Davidson មេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក។ រូបថត USINDOPACOM
ដោយ:
មេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់អាស៊ី នាយឧត្តមនាវី Philip Davidson បានបង្ហាញក្ដីបារម្ភថា ចិនអាចនឹងវាយកាន់កាប់កោះតៃវ៉ាន់នៅឆ្នាំ២០២៧។ មន្ត្រីយោធាជាន់ខ្ពស់អាមេរិកលើកឡើងបែបនេះនៅចំពោះមុខគណៈកម្មាធិការយោធាព្រឹទ្ធសភាអាមេរិក នៅថ្ងៃទី៩ ខែមីនា។ លោក ក៏ឆ្លៀតរំឭកសមាជិកព្រឹទ្ធសភាថា ចិនអាចនឹងជំនួសអាមេរិកលើឆាកអន្តរជាតិនៅឆ្នាំ២០៥០។
នាយឧត្តមនាវី Philip Davidson មេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក (USINDOPACOM) ដែលគ្របដណ្ដប់អាស៊ីទាំងមូល ប្រាប់សមាជិកព្រឹទ្ធសភាអាមេរិកថា សកម្មភាពដែលមានលក្ខណៈឈ្លានពានរបស់ចិនក្នុងតំបន់ នាំឱ្យលោកជឿជាក់ថា ចិនមានគោលដៅចូលគ្រប់គ្រងតៃវ៉ាន់នៅពេលខ្លីខាងមុខ ដែលនេះចាត់ជាបញ្ហាបន្ទាន់សម្រាប់អាមេរិក។ សម្រាប់លោក យុទ្ធសាស្ត្រមិនច្បាស់លាស់របស់អាមេរិកទៅលើតៃវ៉ាន់ ចាំបាច់ត្រូវតែពិនិត្យជាថ្មី និងឱ្យបានញឹកញាប់។
 
«ច្បាស់ណាស់ដែលតៃវ៉ាន់ជាផ្នែកមួយនៃមហិច្ឆិតា (របស់ចិន)។ ហើយខ្ញុំគិតថា ការគំរាមនេះ នឹងលេចចេញជារូបរាងនៅទសវត្សរ៍នេះ គឺនៅរយៈពេល៦ឆ្នាំទៀត»។ នេះជាការលើកឡើងរបស់លោកDavidson ក្នុងសវនាការរបស់គណៈកម្មាធិការយោធាព្រឹទ្ធសភានៅថ្ងៃទី៩ ខែមីនា។ អ្វីដែលលោកបារម្ភនោះ មិនមែនត្រឹមតែការបង្កើនចំនួនសព្វាវុធ និងសមត្ថភាពរបស់កងទ័ពចិនឡើយ ប៉ុន្តែរួមបញ្ចូ់បញ្ហាហុងកុង ទីបេ សមុទ្រចិនភាគខាងត្បូង និងខាងកើត។
 
ចំពោះសន្តិសុខតៃវ៉ាន់ នាយឧត្តមនាវីរូប លើកឡើងថា អាមេរិកចាំបាច់ត្រូវពិនិត្យឡើងវិញ «គោលនយោបាយមិនច្បាស់លាស់» របស់ខ្លួនលើតៃវ៉ាន់ដែលបានអនុវត្តអស់រយៈពេលជាង៤០ឆ្នាំមកហើយ។ គោលនយោបាយមិនច្បាស់លាស់ សំដៅដល់ជំហររបស់រដ្ឋាភិបាលអាមេរិកចំពោះការឆ្លើយតបទៅនឹងការវាយប្រហារមកលើកោះនេះ ដោយអាមេរិកពុំដែលបង្ហាញពីគោលជំហរច្បាស់លាស់ឱ្យចិនដឹងក្នុងករណីដែលមានការវាយលុយតៃវ៉ាន់។
 
មន្ត្រីយោធាអាមេរិក ជំរុញឱ្យរដ្ឋាភិបាលបន្តលក់អាវុធទៅកាន់កោះតៃវ៉ាន់ដើម្បីពង្រឹងសមត្ថភាពការពាររបស់កោះនេះ ក៏ដូចជាអភិវឌ្ឍជំនាញរបស់កងកម្លាំងតៃវ៉ាន់។ លោកថា អាមេរិកអាចជួយតៃវ៉ាន់ក្នុងការពង្រឹងកងទ័ពបម្រុង ឬការឆ្លើយតបទៅនឹងការវាយប្រហារជាដើម។
 
ក្រៅតែពីសន្តិសុខតៃវ៉ាន់ សន្តិសុខជាតិអាមេរិក ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ ពិសេសប្រធានបទកោះហ្កាម ដែលជាមូលដ្ឋានកងទ័ពអាមេរិកមួយនៅតំបន់ប៉ាស៊ីហ្វិក។ លោកព្រមានថា កោះហ្កាម ជាគោលដៅមួយរបស់ចិននាពេលបច្ចុប្បន្ននេះ ដោយលោករំឭកគណៈកម្មធិការព្រឹទ្ធសភាពីវីដេអូផលិតដោយកងទ័ពចិន ដែលបង្ហាញពីការវាយប្រហារកោះចំនួនពីរដែលស្រដៀងទៅនឹងកោះហ្កាមរបស់អាមេរិក និងកោះ Diego Garciaដែលជាមូលដ្ឋានទ័ពអង់គ្លេសក្នុងមហាសមុទ្រឥណ្ឌា។ 
 
ត្រង់ចំណុចនេះ លោក Davidson ក៏ទទូចឱ្យសភាទាំងពីរថ្នាក់អនុម័តថវិកាដើម្បីដំឡើងប្រព័ន្ទមីស៊ីលAegis លើកោះហ្កាម ដើម្បីអាចស្ទាក់មីស៊ីលរបស់ចិនបាន ហើយអាចយកប្រព័ន្ធការពារមីស៊ីលដែលប្រើប្រាស់បច្ចុប្បន្នទៅបំពាក់ឱ្យកងទ័ពជើងទឹកវិញ។
 
ដើម្បីពង្រឹងកម្លាំងយោធាក្នុងតំបន់ លោក Davidson បានសុំថវិកាសម្រាប់ការវិនិយោគជាអាទិភាពរបស់កងទ័ពអាមេរិកនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣-២០២៧។ លោកDavidson ស្នើទឹកប្រាក់៤,៦៨ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២២ និង២២,៦៩ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៣-២០២៧។ ថវិកានេះ នឹងត្រូវប្រើសម្រាប់គំនិតផ្តួចផ្តើមសម្រាប់ការកំញើញនៅប៉ាស៊ីហ្វិក (Pacific Deterrence Initiative) ដែលបង្កើតឡើងដោយសភាអាមេរិកក្នុងឆ្នាំ២០២០ ដើម្បីរាំងខ្ទប់កម្លាំងយោធាចិននៅក្នុងតំបន់៕
 
 

Tag:
 ចិន
  អាមេរិក
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com