អន្តរជាតិ
កូរ៉េខាងត្បូង ព្រមបង្កើនការចំណាយជិត១៤ភាគរយសម្រាប់វត្តមានយោធាអាមេរិក
10, Mar 2021 , 8:59 pm        
រូបភាព
ដោយ:
កូរ៉េខាងត្បូងយល់ព្រមបង្កើនការចំណាយចំនួន១៣,៩ភាគរយសម្រាប់យោធាអាមេរិកដែលប្រចាំការក្នុងប្រទេសរបស់ខ្លួនឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០១៩ ។ កិច្ចព្រមព្រៀងស្តីពីចំណាយដែលមានរយៈពេល៦ឆ្នាំនេះ ត្រូវបានកូរ៉េខាងត្បូងចាត់ទុកថា ជាការពង្រឹងសម្ពន្ធភាពរវាងប្រទេសទាំងពីរ។


ក្រោមកិច្ចព្រមព្រៀងដែលមានសុពលភាពដល់ឆ្នាំ២០២៥ កូរ៉េខាងត្បូងនឹងចំណាយប្រាក់ចំនួន១,០៣ពាន់លានដុល្លារនៅឆ្នាំ២០២១ ដែលជាការកើនឡើងក្នុងកម្រិត១៣,៩ភាគរយធៀបទៅនឹងទឹកប្រាក់៩០៨,៧លានដុល្លារក្នុងឆ្នាំ២០១៩។ ទឹកប្រាក់ទាំងនេះ នឹងត្រូវចាយវាយលើមូលដ្ឋានកងទ័ពអាមេរិក ដែលមានទាហានចំនួន២៨,៥០០នាក់។
 
«កិច្ចព្រមព្រៀងនេះ ជាឱកាសសម្រាប់ប្រទេសទាំងពីរក្នុងការបង្ហាញពីសារៈសំខាន់នៃសម្ពន្ធភាពកូរ៉េខាងត្បូង-អាមេរិក ដែលមាននាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ និងអាស៊ីខាងកើត»។ នេះជាការលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាននៃក្រសួងការបរទេសកូរ៉េខាងត្បូងដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន Yonhap ។ 
 
នៅឆ្នាំ២០២០ បុគ្គលិកកូរ៉េខាងត្បូងរាប់ពាន់នាក់តម្រូវឱ្យឈប់សម្រាក ក្រោយពេលការចរចារស្តីពីកិច្ចព្រមព្រៀងស្តីពីចំណាយ (SMA) មិនអាចវិវត្តមុខបាន គ្រានោះលោកអតីតប្រធានាធិបតីដូណាល់ ត្រាំ ទាមទារឱ្យបង្កើនការចំណាយក្នុងទំហំមួយយ៉ាងធំ។ 
 
អំឡុងពេលចរចាកាលពីឆ្នាំ២០២០ ប្រទេសទាំងពីរសម្រេចបានកិច្ចសន្យាបណ្តោះអាសន្ន ដោយកូរ៉េខាងត្បូងបង្កើនទឹកប្រាក់ចំណាយចំនួន១៣,៦ភាគរយ តែត្រូវលោក ត្រាំ បដិសេធ ដោយអះអាងថា កូរ៉េខាងត្បូងដែលជាប្រទេសអ្នកមានគួរតែចេញប្រាក់ច្រើនជាងនេះ។ វ៉ាស៊ីនតោនដំបូងឡើង ទាមទារឱ្យសេអ៊ូលបង្កើនការចំណាយដល់ទៅ៥ដង ពោលគឺប្រមាណ៥ពាន់លានដុល្លារ។ 
 
ចំពោះកិច្ចព្រមព្រៀងដែលទើបសម្រេចបាននេះ អាមេរិក និងកូរ៉េខាងត្បូង ក៏យល់ព្រមផងដែរក្នុងបញ្ចូលការបង្កើនចំណាយលើមូលដ្ឋានទ័ពអាមេរិកនៅកូរ៉េខាងត្បូងចូលទៅក្នុងខ្ទង់ចំណាយប្រចាំឆ្នាំនៃយោធាប្រទេសនេះ។ ការចំណាយក្នុងឆ្នាំ២០២២ នឹងកើនឡើង៥,៤ភាគរយធៀបទៅនឹងការចំណាយក្នុងឆ្នាំ២០២១ នេះ។
 
ពិធីចុះកិច្ចហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីចំណាយនេះ ទំនងជាធ្វើឡើងអំឡុងទស្សនកិច្ចនៃរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin និងរដ្ឋមន្ត្រីការបរទេសអាមេរិក អាន់តូនី ប្ល៊ីងខិននាសប្តាហ៍ក្រោយ។
 
តាំងតែពីឆ្នាំ១៩៩១មក កូរ៉េខាងត្បូងចាប់ផ្តើមចេញថ្លៃចំណាយមួយផ្នែកលើប្រាក់ខែរបស់បុគ្គលិកកូរ៉េខាងត្បូងដែលបម្រើការនៅមូលដ្ឋានទ័ពអាមេរិក។ បន្ថែមពីនេះ ក្រុងសេអ៊ូលក៏ចំណាយប្រាក់ក្នុងការសាងសង់មូលដ្ឋានយោធា ដូចជាបន្ទាយ កន្លែងហ្វឹកហ្វឺន អប់រំ ប្រតិបត្តិការ ទំនាក់ទំនង និងអង្គភាពភស្តុភារដទៃទៀត។
 
ការសម្រចបានកិច្ចព្រមព្រៀងស្តីពីចំណាយជាមួយអាមេរិក ត្រូវបានកូរ៉េខាងត្បូងចាត់ទុកថាជាការបញ្ចៀសក្រសែរភ្នែករបស់អាមេរិកមើលមកខ្លួនថា ពុំចេញអ្វីទាំងអស់ ឬកេងចំណេញលើអាមេរិក។ សេអ៊ូលសង្ឃឹមថា ការបញ្ចប់កិច្ចព្រមព្រៀងនេះ នឹងអាចឱ្យប្រទេសទាំងពីរផ្តោតលើបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងក៏ដូចជាបញ្ហាឯទៀតក្នុងតំបន់៕
 

Tag:
 កូរ៉េខាងត្បូង
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com