ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍៖ ឪពុកម្ដាយឆ្លាតវៃត្រូវទប់ស្កាត់ហានិភ័យពេលកូនអនឡាញ
11, Mar 2021 , 7:59 am        
រូបភាព
ភ្នំពេញ៖  ឪពុកម្ដាយឆ្លាតវៃ ត្រូវទប់ស្កាត់ហានិភ័យពេលកូនអនឡាញ។ នេះជាការលើកឡើងរបស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយបានបញ្ជាក់ថា ក្នុងចំណោមអ្នកប្រើប្រាស់សេវាអ៊ីនធឺណែត(Internet)នៅកម្ពុជា មាន២៦ភាគរយ ធ្លាប់ទទួលបានការបៀតបៀនតាមប្រព័ន្ធអនឡាញ ដោយក្នុងនោះ កុមារ គឺជាជនរងគ្រោះខ្លាំងជាងគេ។

 
លោក ជា វ៉ាន់ដេត បានបញ្ជាក់នៅក្នុងវីដេអូខ្លីមួយរបស់ខ្លួនដែលមានរយៈពេលប្រមាណ២នាទីកន្លះ ថា ការរំលោភបំពាន តាមបណ្តាញអ៊ីនធឺណែតចំពោះកុមារមានសន្ទុះកើនឡើងកាន់តែខ្លាំង នៅទូទាំងសាកលលោក  ខណៈការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ក៏ដូចនៅក្នុងពិភពលោក បានតម្រូវឱ្យកុមាររៀនសូត្រពីចម្ងាយដោយប្រើប្រាស់នូវប្រព័ន្ធអ៊ីនធឺណែតជាប្រចាំ។ 
 
 
ដើម្បីធានាបានថា ការតភ្ជាប់ និងការប្រើប្រាស់បច្ចេកវិទ្យានាំមកនូវផលវិជ្ជមានប្រកបទៅដោយសុវត្ថិភាពចំពោះកុមារកម្ពុជានោះ ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ បានរៀបចំយុទ្ធនាការណ៍មួយដែលមានឈ្មោះថា«គិតគូរកូន» ជាភាសាបរទេស «KIT KOU KON» ដើម្បីជួយផ្តល់ព័ត៌មានដល់ឪពុកម្តាយ អាណាព្យាបាល គ្រូបង្រៀន និងសាធារណជន ក្នុងការការពារកុមារឱ្យចៀសផុតពីហានិភ័យនានា លើប្រព័ន្ធអនឡាញ។ 
 
លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍រូបនេះ  បានអំពាវនាវដល់ឪពុកម្តាយ អាណាព្យាបាល គ្រូបង្រៀន សូមតាមដានទំព័រហ្វេសប៊ុកឈ្មោះ«គិតគូរកូន» និងទំព័រហ្វេសប៊ុកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍  ដើម្បីទទួលបានចំណេះដឹងជាមូលដ្ឋានបន្ថែមទៀត ក្នុងការការពារកូនលោក-អ្នក ពីការរំលោភបំពាននានាតាមប្រព័ន្ធអនឡាញ៕ 
 

Tag:
 អ៊ីនធឺណែត
  លោក ជា វ៉ាន់ដេត
© រក្សាសិទ្ធិដោយ thmeythmey.com