កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool និង PSG ឡើងទៅវគ្គ៨ក្រុមចុងក្រោយ Champions League
11, Mar 2021 , 6:53 am        
រូបភាព
ប្រភពរូបថត៖ UEFA
ប្រភពរូបថត៖ UEFA
ដោយ: ថ្មីៗ
Liverpool បន្តយកឈ្នះ Leipzig ២-០ ដូចកាលពីជើងទីមួយ ខណៈ Barcelona បានត្រឹមតាមស្មើម្ចាស់ផ្ទះ Paris Saint-Germain ១-១ ក្រោយចាញ់ ៤-១ នៅក្នុងទឹកដីខ្លួនឯង។ លទ្ធផលនេះ នាំឲ្យហង្សក្រហម និង PSG បានកៅអីទៅកាន់វគ្គ១/៤ ផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League។



នាជំនួបនៅលើទីលាន Puskas Arena ក្នុងក្រុង Budapest ដែលត្រូវបានសម្រេចឡើងដោយសារការរឹតត្បិតទាក់ទងនឹងកូវីដ-១៩ Liverpool បានយកឈ្នះក្រុមអាល្លឺម៉ង់ RB Leipzig ២-០ ដូចកាលពីជើងទីមួយ។ Mohamed Salah និង Sadio Mane បានស៊ុតបាល់បញ្ចូលទីជាបន្តបន្ទាប់ក្រោយប្រកួតបានជាង៧០នាទី។ នេះជាការសម្រេចបានបន្តបន្ទាប់ដូចគ្នារបស់កីឡាករទាំងពីរដូចកាលពីជើងទីមួយ។

Liverpool ដែលទើបតែមានប្រវត្តិចាញ់ការប្រកួតក្នុងទឹកដីខ្លួនឯងដល់ទៅ៦ប្រកួតនៃក្របខណ្ឌ Premier League ឡើងទៅវគ្គ១/៤ផ្តាច់ព្រ័ត្រនៃ Champions League ជាមួយនឹងលទ្ធផលឈ្នះសរុប ៤-០ លើ Leipzig។

សម្រាប់លោក Jurgen Klopp នេះជាការនាំក្រុមឆ្លងផុតវគ្គជម្រុះលើកទី១២ក្នុងចំណោម១៣លើករាល់ការប្រកួតក្នុងក្របខណ្ឌអឺរ៉ុប។ បរាជ័យដែលចងចាំនោះ គឺពេលជួប Atletico Madrid នៅវគ្គ១៦ក្រុមចុងក្រោយកាលពីរដូវកាលមុន។

ជាមួយគ្នានេះ Salah ក្លាយជាកីឡាករដែលបានស៊ុតបាល់បញ្ចូលទីច្រើនជាងគេរាល់ការប្រកួតទាំងអស់ ដោយមានចំនួន២៥គ្រាប់លើសបណ្តាកីឡាករផ្សេងទៀតនៅ Premier League។

រីឯជំនួបនៅទឹកដីបារាំងឯណោះវិញ Kylian Mbappe បានស៊ុតបាល់ប៉េណាល់ទីនាំមុខ ១-០ សម្រាប់ PSG ក្រោយប្រកួតបានកន្លះម៉ោង ហើយ Lionel Messi តាមស្មើវិញ នារយៈពេល៧នាទីបន្ទាប់។ ឈានដល់នាទីបន្ថែមនៅតង់ទីមួយ Messi ខកឱកាសនាំ Barcelona បង្កើនការនាំមុខ ដោយសារតែអ្នកចាំទី Keylor Navas សង្គ្រោះបាល់ប៉េណាល់ទីរបស់គេបានយ៉ាងល្អ។

PSG ឡើងទៅវគ្គបន្ទាប់ជាមួយនឹងជ័យជម្នះសរុប ៥-២ ហើយនាំឲ្យ Barcelona ហាលអាវនៅមុនវគ្គ១/៤ផ្តាច់ព្រ័ត្រ ជាលើកដំបូងនារយៈពេល១៤ឆ្នាំចុងក្រោយ។

សរុបទាំងពីរជើង Mbappe បានស៊ុតបាល់បញ្ចូលទីសរុប៤គ្រាប់លើ Barcelona  ដែលនាំឲ្យគេដណ្តើមបានកំណត់ត្រាពី Messi ក្នុងនាមជាកីឡាករវ័យក្មេង (អាយុ២២ឆ្នាំ និង៨០ថ្ងៃ) ដែលសម្រេចបាន២៥គ្រាប់ក្នុងព្រឹត្តិការណ៍អឺរ៉ុប។

នេះក៏ជាកំណត់ត្រាលើកដំបូងផងដែរបើគិតចាប់តាំងពីរដូវកាល២០០៤/០៥ ដែលកីឡាករជើងខ្លាំង Cristiano Ronaldo និង Lionel Messi ខកចិត្តដូចគ្នា មិនបានឈានដល់ការប្រកួតវគ្គ១/៤ Champions League។

Liverpool និង PSG រួមដំណើរជាមួយ Borrussia Dortmund និង Porto ទៅកាន់វគ្គ៨ក្រុមចុងក្រោយ ដោយរង់ចាំ៤ក្រុមទៀត ខណៈការចាប់ឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១៕



Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com