COVID-19
ជាតិ
ខេត្តព្រះសីហនុគ្រោងស្នើសុំវ៉ាក់សាំង Sinopharm បន្ថែម ក្រោយចាក់ដូសទី១បានគ្រប់ចំនួន
11, Mar 2021 , 10:15 am        
រូបភាព
រូបតំណាង៖ កន្លែងពិគ្រោះសុខភាព មុននឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ រូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ
រូបតំណាង៖ កន្លែងពិគ្រោះសុខភាព មុននឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ រូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ
វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម (Sinopharm) ចំនួន ៦,៦០០ដូស ដែលរដ្ឋបាលខេត្តព្រះសីហនុ ទទួលបានពីក្រសួងសុខាភិបាល សម្រាប់ចាក់ជូនពលរដ្ឋមានវ័យពី១៨ដល់៥៩ឆ្នាំ ត្រូវបានចាក់ដល់មនុស្ស៣ ៣០០នាក់ហើយសម្រាប់ដូសដំបូង។ ចំនួនវ៉ាក់សាំងដែលទទួលបានគឺរដ្ឋបាលខេត្តប្រើប្រាស់គ្រប់ចំនួនហើយ ដោយកំពុងស្នើសុំបន្ថែមទៀត។

 
ចំពោះវ៉ាក់សាំង Sinopharm  ដែលអាជ្ញាធរខេត្តព្រះសីហនុទទួលបានលើកដំបូងពីក្រសួងសុខាភិបាល គឺ បានចាក់ឱ្យមន្ត្រី កម្លាំងទ័ព និងគ្រូពេទ្យ ដែលជាក្រុមមនុស្សជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ នេះបើតាមលោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុដោយបន្តបញ្ជាក់ប្រាប់សារព័ត៌មាន ThmeyThmey នាព្រឹកថ្ងៃទី១១មីនា ឆ្នាំ២០២១ ថា អាជ្ញាធរខេត្តព្រះសីហនុនឹងស្នើសុំវ៉ាក់សាំង Sinopharm បន្ថែមទៀតពីក្រសួងសុខាភិបាល ដើម្បីចាក់ជូនប្រជាពលរដ្ឋ។
 
បើតាមឃាង ភារម្យ បច្ចុប្បន្នមន្ត្រីជំនាញរបស់ខេត្តព្រះសីហនុ កំពុងធ្វើជំរឿនប្រជាជនវ័យចន្លោះពី១៨ដល់៥៩ឆ្នាំ សម្រាប់ត្រៀមការចាក់វ៉ាក់សាំងប្រភេទSinopharm។ 
 
ដោយឡែក ចំពោះវ៉ាក់សាំងអាស្ត្រាហ្ស៊ីណិកា (AstraZeneca) សម្រាប់ចាក់ដល់ក្រុមមនុស្សងាយរងគ្រោះ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង នៅបន្តដំណើរការជាធម្មតា។ រដ្ឋបាលខេត្តព្រះសីហនុ ទទួលបានវ៉ាក់សាំង AstraZeneca ពីក្រសួងសុខាភិបាល ចំនួន១៥,០០០ដូស។
 
សូមរម្លឹកថា កម្ពុជាទទួលបានវ៉ាក់សាំងប្រភេទSinopharmរបស់ចិនចំនួន៦០ម៉ឺនដូស កាលពីថ្ងៃទី៧កុម្ភៈ ហើយចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនេះ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី១០កុម្ភៈមក រហូតដល់ថ្ងៃទី៤មីនា ឆ្នាំ២០២១ កម្ពុជា ក៏ចាប់ផ្តើមចាក់វ៉ាក់សាំងអាស្ត្រាហ្ស៊ីណិក(AstraZeneca)របស់ឥណ្ឌាចំនួន ៣២៤,០០០ដូស រហូតមកដល់បច្ចុប្បន្ន ផងដែរ។
 
ចំពោះសម្រាប់វ៉ាក់សាំងSinopharm ចំនួន៤០ម៉ឺនដូសទៀត របស់ប្រទេសចិន នឹងមកដល់កម្ពុជា មុនពិធីបុណ្យចូលឆ្នាំខ្មែរ។
 
គិតត្រឹមថ្ងៃទី១០មីនា ឆ្នាំ២០២១ កម្ពុជាមានពលរដ្ឋអាទិភាព និងកងកម្លាំងយោធាចំនួន២១៤,២០៩នាក់ហើយ ដែលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ នេះបើយោងតាមរបាយការណ៍ផ្សេងពីគ្នារបស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ។ 
 
ក្នុងចំណោមមនុស្សជាង២១ម៉ឺននាក់ដែលមានចាក់វ៉ាក់សាំងការពារកូវីដ-១៩ នោះ គឺមានក្រុមពលរដ្ឋអាទិភាពជិត១១ម៉ឺននាក់ និងខាងកងទ័ព មានជាង១០,៤ម៉ឺននាក់៕ 
 

Tag:
 វ៉ាក់សាំង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com