កីឡាអន្តរជាតិ
អន្តរជាតិ
Gerrard មានសុបិនធ្វើជាអ្នកចាត់ការ Liverpool តែគាំទ្រ Klopp បន្តនៅឱ្យបានយូរ
11, Mar 2021 , 11:22 am        
រូបភាព
លោក Steven Gerrard អ្នកចាត់ក្រុម Rangers មានក្តីសុបិនក្លាយជាអ្នកដឹកនាំក្រុម Liverpool នៅថ្ងៃណាមួយ។ ប៉ុន្តែយ៉ាងណា Gerrard សង្ឃឹមថា លោក Jurgen Klopp នៅតែទទួលខុសត្រូវលើតំណែងនេះនៅរយៈពេលច្រើនឆ្នាំទៅមុខទៀត ស្របតាមការចង់បានរបស់អ្នកគាំទ្រ។


ក្រុមរបស់លោក Klopp បានរងបរាជ័យក្នុងដី៦ប្រកួតជាប់ៗគ្នាដ៏មិនគួរឱ្យជឿ ដែលធ្វើឱ្យហង្សក្រហមធ្លាក់ទៅចំណាត់ថ្នាក់លេខ៨ក្នុងតារាង Premier League និងប្រឈមមិនបានលេង Champions League រដូវកាលក្រោយ។
 
ស្របពេលម្ចាស់ការពារតំណែងជើងឯកកំពុងដុនដាមខ្លាំង Gerrard ឯណោះវិញបានដឹកនាំ Rangers ឱ្យក្លាយជាជើងឯកលីគកំពូលស្កុតឡែនជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំ ដែលនេះបាននាំឱ្យមានការលើកឡើងថារូបគេអាចនឹងឡើងទៅគ្រប់គ្រង Liverpool នាពេលអនាគត។
 
បើទោះជាមានការលើកឡើងបែបនេះក្តី ប៉ុន្តែអតីតប្រធានក្រុមហង្សក្រហម វ័យ៤០ឆ្នាំបានប្រាប់ទូរទស្សន៍ ITV ថាមិនទោះជាលោកចង់ ក៏អ្នកគាំទ្រ Liverpool មិនចង់ឱ្យខ្លួនធ្វើជាអ្នកគ្រប់គ្រងនៅពេលនេះដែរ។
 
«ពួកគេចង់ឱ្យលោក Jurgen Klopp បន្តធ្វើជាអ្នកចាត់ការ Liverpool ហើយខ្ញុំពិតជាគាំទ្រពួកគេ។ យើងមិនគួរនិយាយអំពីរឿងនេះទេ។ យើងមានអ្នកចាត់ការទូទៅម្នាក់ដ៏ល្អដើម្បីដឹកនាំក្រុមហើយ។ ខ្ញុំពេញចិត្ត និងស្រឡាញ់ការដឹកនាំរបស់គាត់»។ Gerrard អះអាងដូច្នេះ មុនបន្ថែមថាលោកពិតជាចង់ឱ្យ Klopp បន្តនឹងស្នាក់នៅជាមួយ Liverpool ក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀត។
 
ស្របពេលគ្នានេះ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ វ័យ៥៣ឆ្នាំ ក៏ទើបប្រកាសពីការសម្រេចចិត្តមិនទៅដឹកនាំក្រុមឥន្ទ្រីដែក ជំនួសលោក Joachim Low ដែលនឹងចេញពីតំណែងនេះក្រោយ Euro 2020 នោះដែរ។ Klopp ដែលជួយ Liverpool ឈ្នះពាន Champions league និង Premier League ប្តេជ្ញាថានឹងមិនចេញពី Anfield នៅមុនកិច្ចសន្យារបស់លោកនៅឆ្នាំ ២០២៤ ឡើយ៕
 

Tag:
 Steven Gerrard
  Liverpool
  Jurgen Klopp
© រក្សាសិទ្ធិដោយ thmeythmey.com