ជាតិ
សង្គមជាតិ
ប្រទះឃើញផូស៊ីលឆ្អឹងសត្វដំបូងនៅកម្ពុជា អាចមានអាយុកាល ៦៥លាន-១៩០លានឆ្នាំមុន
11, Mar 2021 , 11:53 am        
រូបភាព
រូបពីក្រសួងបរិស្ថាន
រូបពីក្រសួងបរិស្ថាន
ក្រុមការងារជំនាញបុរាណវិទ្យានៃក្រសួងបរិស្ថាន កំពុងសិក្សាផូស៊ីលឆ្អឹងសត្វមួយប្រភេទ ដែលអាចមានអាយុកាល ៦៥លាន-១៩០លានឆ្នាំមុន មានន័យថា វាអាចមានទំនាក់ទំនងនិងសត្វដែលរស់នៅក្មុងពេលដែលដាយណូស័រនៅមានជីវិត។ ផូស៊ីលឆ្អឹងសត្វដែលជាប់ក្នុងថ្មភក់នោះ បានប្រទះឃើញនៅកោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

 
លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ នៅអគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា នេះជាផូស៊ីលឆ្អឹងសត្វដំបូងដែលរកឃើញនៅកម្ពុជា។ លោកថា ផូស៊ីលឆ្អឹងសត្វនោះកប់ជាប់ក្នុងថ្ម ហើយវាមានប្រវែង៧០ស.ម និងទទឹង២០ស.ម។ ទោះជាយ៉ាងណាគេនៅពុំទាន់កំណត់បាននៅឡើយ ថានោះគឺជាឆ្អឹងសត្វអ្វី ដោយនៅរង់ចាំអ្នកជំនាញផ្នែកសត្វបុរាណវិភាគ។ 
 
លោក លឹម វណ្ណច័ន្ទ បន្តថាតាមរយៈផែនទីភូគព្ភសាស្ត្រ តំបន់ដែលបានប្រទះឃើញផូស៊ីលឆ្អឹងសត្វនេះ 
មានអាយុកាលក្នុងស័កទី២ (៦៥លាន-១៩០លានឆ្នាំមុន) មានន័យថា វាអាចមានទំនាក់ទំនងនិងសត្វដែលរស់នៅក្មុងពេលដាយណូស័រនៅមានជីវិត។


រូបពីក្រសួងបរិស្ថាន 
ប្រធានការិយាល័យ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌលោក លឹម វណ្ណច័ន្ទ បញ្ជាក់បន្ថែម៖«យើងមិនទាន់យកឆ្អឹងនោះមកទេ យើងរក្សាវានៅទីនោះសិន ដោយមានកិច្ចការពារ ពីមន្ទីរបរិស្ថាននៅទីនោះ។ យើងខ្វះអ្នកបច្ចេកទេស ខាងសត្វបុរាណ ដូច្នេះយើងត្រូវរកដៃគូសហការណ៍ ជាអ្នកជំនាញនៅបរទេស។ អ្នកជំនាញក៏ពិបាកមកដែរ ព្រោះតែកូវីដ មានតែទាក់ទងគ្នាតាមអនឡាញសិន។ ខ្ញុំនឹងព្យាយាមទាក់ទងទៅប្រទេសថៃ ឬទៅខាងអ៊ឺរ៉ុប ព្រោះយើងក៏ធ្លាប់បានជជែកជាមួយខាងអាឡឺម៉ងម្ដងដែរ ក្រោយមកមានកូវីដ ក៏គាត់ថាចាំលើកក្រោយ»។
 
យ៉ាងណាក៏ដោយ លោក លឹម វណ្ណច័ន្ទ ថាលោកពិបាកកំណត់ថា តើត្រូវការពេលប៉ុន្មានដើម្បីអាចបញ្ចប់ការស្រាវជ្រាវផូស៊ីលឆ្អឹងសត្វនោះ។ លោក វណ្ណច័ន្ទ បន្ថែមថា បើពិនិត្យមើលតាមធរណីវិទ្យា ឆ្អឹងនោះស្ថិតនៅស្រទាប់ថ្មក្រោម បើធៀបទៅនឹងកោះ ហើយនឹងភ្នំដែលនៅជាប់នោះ គឺវានៅក្រោមប្រហែល៣០ទៅ៤០ម៉ែត្រឯណោះ។ យ៉ាងនោះក៏ពិតមែន ប៉ុន្តែដោយសារផូស៊ីលសត្វនោះ នៅជាប់នឹងមាត់ទឹក ហើយទឹកបានច្រោះស្រទាប់នោះចេញ ទើបធ្វើឱ្យគេអាចមើលឃើញផូស៊ីលសត្វនោះ។


រូបពីក្រសួងបរិស្ថាន 

«ឆ្អឹងហ្នឹងវានៅជាប់ក្នុងស្រទាប់ថ្មគួសមដែរ ដូច្នេះយើងត្រូវដកថ្មមួយចំនួនចេញ ដើម្បីពិនិត្យមើល ថាតើមានឆ្អឹងនៅក្បែរហ្នឹងទៀតឬអត់? យើងក៏ត្រូវសិក្សាតំបន់នៅជុំវិញហ្នឹងដែរ។ ដូច្នេះយើងអាចប្រើពេលរាប់ខែដែរណា។ តាមពិតអ្នកនៅក្នុងតំបន់នោះ គេបានឃើញវាយូរមកហើយ ប៉ុន្តែគេមិនច្បាស់ថាវាជាអ្វី។ ពេលគេផ្ញើរូបមកយើង ទើបក្រុមការងាររបស់យើងចុះទៅស្រាវជ្រាវ»៕
 

Tag:
 កោះកុង បរិស្ថាន
  ផូស៊ីល
  សត្វ
 បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com