អន្តរជាតិ
ប្រមុខការទូត និងការពារជាតិអាមេរិក ធ្វើទស្សនកិច្ចជប៉ុននិងកូរ៉េខាងត្បូងសប្ដាហ៍ក្រោយ
11, Mar 2021 , 2:16 pm        
រូបភាព
រូបលោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកនិងរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក
រូបលោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកនិងរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក
ដោយ:
រដ្ឋមន្តី្រការបរទេស និងរដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងបំពេញដំណើរទស្សនកិច្ចនៅជប៉ុន និងកូរ៉េខាងត្បូងពីថ្ងៃទី១៦ ដល់១៨ខែមីនា ដែលជាការបង្ហាញពីការប្ដេជ្ញាចិត្តរបស់រដ្ឋបាលអាមេរិកថ្មីលើទំនាក់ទំនងជាមួយសម្ពន្ធមិត្តសំខាន់ៗក្នុងតំបន់។ ក្រោយបញ្ចប់ទស្សនកិច្ចនៅអាស៊ី រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏នឹងជួបប្រមុខការទូតរបស់ចិននៅរដ្ឋ Alaska នៅថ្ងៃទី១៨មីនាផងដែរ។



ទស្សនកិច្ចរបស់លោកប្រមុខការទូតអាមេរិក អាន់តូនី ប្ល៊ីងខិន និងរដ្ឋមន្ត្រីការពារជាតិ Lloyd Austin ជាដំណើរទស្សនកិច្ចក្រៅប្រទេសដំបូងបំផុតនៃរដ្ឋមន្ត្រីរបស់លោកប្រធានាធិបតីចូ បៃឌិន។ លោកប្ល៊ីងខិន និងលោក Austin នឹងមានជំនួប២ទល់នឹង២ ជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូងពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា។ 
 
លោក Austin នឹងចាប់ផ្តើមដំណើរទស្សនកិច្ចនៅអាស៊ីនមុនលោក ប្ល៊ីងខិន ដោយលោកចេញពីអាមេរិកនៅថ្ងៃទី១៣ ឆៀលចូលរដ្ឋ Hawaii រួចហួសធ្វើទស្សនកិច្ចនៅឥណ្ឌាផងដែរ។ បញ្ហានុយក្លេអែរកូរ៉េខាងជើង ក៏ដូចជាការកើនឡើងនៃឥទ្ធិពលរបស់ចិនក្នុងតំបន់ត្រូវបានរំពឹងថានឹងលើកយកមកពិភាក្សាជាមួយសម្ពន្ធមិត្តអាស៊ីទាំងពីនេះ។
 
«ទស្សនកិច្ចបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះការពង្រឹងសម្ពន្ធភាព»។ នេះជាការលើកឡើងរបស់លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក។ មែនទែនទៅ លោក ប្ល៊ីងខិន ធ្លាប់បានធ្វើជួបពិភាក្សាជាមួយសមភាគីកាណាដា និងម៉ិកស៊ិកកាលពីថ្ងៃទី២៥ ខែកុម្ភៈតាមអនឡាញ ប៉ុន្តែជម្រើសនៃដំណើរទស្សនកិច្ចដោយផ្ទាល់នេះ ជាសញ្ញាដែលបង្ហាញថា តំបន់អាស៊ីប៉ាស៊ីហ្វិកជាអាទិភាពនៃគោលនយោបាយរបស់លោកប្រធានាធិបតី បៃឌិន ។
 
បើទោះបីជាមិនទាន់ចេញផែនការលម្អិតនៃដំណើរទស្សនកិច្ចនៃរដ្ឋមន្ត្រីទាំងពីរក្តី គេរំពឹងថា ការចុះកិច្ចព្រមព្រៀងស្តីពីការបង្កើនចំណាយលើមូលដ្ឋានទ័ពអាមេរិកនៅកូរ៉េខាងត្បូងនឹងក្លាយជាផ្នែកមួយនៃដំណើរទស្សនកិច្ចនេះ។
 
ចំណែកលោក ប្ល៊ីងខិន វិញ ក្រោយជំនួបជាមួយសម្ពន្ធមិត្តជប៉ុន និងកូរ៉េខាងត្បូង នឹងជួបអ្នកការទូតចិនម្តងនៅថ្ងៃទី១៨ ខែមីនា។ ក្នុងជំនួបនៅរដ្ឋ Alaska លោក ប្ល៊ីងខិន អមដោយលោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាមេរិក នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិន វ៉ាង យី និងលោក Yang Jiechi នាយកការិយាល័យនៃគណៈកម្មការមជ្ឈិមកិច្ចការបរទេសនៃបក្សកុម្មុយនីស្តចិន។
 
នៅលើបណ្តាញសង្គមTwitter លោក ប្ល៊ីងខិន និយាយថា លោកនឹងពិភាក្សាជាមួយមន្ត្រីចិនលើសំណុំរឿងជាច្រើន ក៏ដូចជាបញ្ហាដែលប្រទេសទាំងពីមិនចុះសម្រុងគ្នាផងដែរ។ លោក វ៉ាងយី កាលពីថ្ងៃទី៧មីនាកន្លងទៅ បានព្រមានត្រង់ៗឱ្យអាមេរិកឈប់លូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ចិន និងថា អាមេរិកមានទំនួលខុសត្រូវក្នុងការស្រោចស្រង់ទំនាក់ទំនងទ្វេភាគីដែលខូចខាតក្នុងរយៈពេល៤ឆ្នាំចុងក្រោយ។ 
 
ចំណែកលោក ប្ល៊ីងខិន ធ្លាប់លើកឡើងថា ចិនជាវិញ្ញាសាភូមិសាស្ត្រនយោបាយដ៏ធំបំផុតរបស់អាមេរិកក្នុងសតវត្សរ៍ទី២១  និងជាប្រទេសតែមួយគត់ដែលមានអំណាចសេដ្ឋកិច្ច ការទូត យោធា និងបច្ចេកវិទ្យាដែលអាចប្រជែងនឹងប្រព័ន្ធអន្តជាតិដែលមានស្ថិរភាព និងសេរី៕
 
អត្ថបទទាក់ទង
 

Tag:
 អាមេរិក
  ចិន
  ជប៉ុន
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com