អន្តរជាតិ
កូរ៉េខាងត្បូង អនុម័តឱ្យចាក់វ៉ាក់សាំង AstraZeneca លើមនុស្សអាយុ៦៥ឆ្នាំឡើង
11, Mar 2021 , 8:59 pm        
រូបភាព
ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកូរ៉េខាងត្បូងនាពេលកន្លងមក។ រូបថត AFP
ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកូរ៉េខាងត្បូងនាពេលកន្លងមក។ រូបថត AFP
កូរ៉េខាងត្បូង នៅថ្ងៃទី១១ ខែមីនា បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca លើប្រជាជនចាប់ពីអាយុ៦៥ឆ្នាំឡើង ស្របពេលទិន្នន័យពីប្រទេសនានាបង្ហាញពីប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះក្នុងចំណោមមនុស្សវ័យចំណាស់។ ការអនុម័តនេះ នឹងពន្លឿនកម្មវិធីចាក់វ៉ាក់សាំងរបស់កូរ៉េខាងត្បូង។


កូរ៉េខាងត្បូង បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួននៅចុងខែកុម្ភៈកន្លងទៅ ដោយប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង AstraZeneca ។ ខណៈវ៉ាក់សាំងរបស់ Pfizer ត្រូវបានចាក់លើមនុស្សចាស់ និងបុគ្គលិកសុខាភិបាល វ៉ាក់សាំងរបស់ AstraZeneca មិនត្រូវបានប្រើលើមនុស្សមានវ័យលើស៦៥ឆ្នាំឡើយ។ ទីភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងកូរ៉េ (KCDA) អះអាងថា កង្វះទិន្នន័យលើប្រសិទ្ធិ ជាកត្តាសំខាន់ដែលកូរ៉េខាងត្បូងមិនទាន់ចាក់វ៉ាក់សាំងនេះលើមនុស្សចាស់។
 
ប៉ុន្តែនៅថ្ងៃទី១១ ខែមីនា KDCA ប្រកាសពីការអនុញ្ញាតឱ្យចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca លើមនុស្សវ័យ៦៥ឆ្នាំឡើង។ ក្រោយការអនុញ្ញាតនេះ វ៉ាក់សាំងដែលអភិវឌ្ឍរួមគ្នាជាមួយសាកលវិទ្យា Oxford នឹងត្រូវចាក់លើមនុស្សពេញវ័យទាំងអស់ បុគ្គលិកសុខាភិបាល និងអ្នកជំងឺនៅតាមកន្លែងព្យាបាលរយៈពេលវែងផងដែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ។
 
ការអនុញ្ញាតរបស់កូរ៉េខាងត្បូង ធ្វើឡើងក្រោយទិន្នន័យពីប្រទេសជាច្រើនបង្ហាញពីប្រសិទ្ធភាពរបស់វ៉ាក់សាំង AstraZeneca និង Pfizer ។ ទិន្នន័យជាក់ស្តែងពីចក្រភពអង់គ្លេស បានបង្ហាញថា វ៉ាក់សាំងរបស់ AstraZeneca និង Pfizer មានប្រសិទ្ធភាពជាង៨០ ភាគរយក្នុងការការពារការឆ្លង ជំងឺកូវីដ-១៩ លើមនុស្សចាស់ចាប់ពីអាយុ ៨០ ឆ្នាំបន្ទាប់ពីការចាក់ត្រឹមតែមួយដងប៉ុណ្ណោះ។
 
ការយល់ព្រមប្រើប្រាស់វ៉ាក់សាំង Astrazeneca លើមនុស្សវ័យចំណាស់នេះ នឹងជួយពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងរបស់កូរ៉េខាងត្បូងដល់បុគ្គលិកថែទាំសុខភាពជាង៣៧ម៉ឺននាក់ និងអ្នកជំងឺដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅនៅតាមមណ្ឌលថែទាំសុខភាព និងកន្លែងស្តារនីតិសម្បទា។ 
 
គិតមកត្រឹមថ្ងៃទី១០ ខែមីនា ប្រជាជនកូរ៉េខាងត្បូងប្រមាណ៥០ម៉ឺននាក់ បានទទួលការចាក់វ៉ាក់សាំងដំបូងបង្អស់របស់ AstraZeneca ឬ Pfizer រួចមកហើយ។ លើសពីនេះ វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ចំនួន៧លានដូសក្នុងដំណាក់កាលទី២ សម្រាប់មនុស្សប្រមាណ៣,៥លាននាក់ នឹងដឹកជញ្ជូនទៅដល់កូរ៉េខាងត្បូងនៅចន្លោះខែឧសភា និងដើមខែមិថុនាខាងមុខផងដែរ។
 
គិតត្រឹមថ្ងៃទី១១ ខែមីនា កូរ៉េខាងត្បូងនៅតែបន្តមានករណីឆ្លងកូវីដ-១៩ ថ្មីជាបន្តបន្ទាប់ដែលធ្វើឱ្យមានចំនួនវិជ្ជមានសរុបកើនដល់ជាង៩ម៉ឺនករណីជាមួយនឹងចំនួនអ្នកស្លាប់ជាង១ពាន់នាក់៕ 
 
 

Tag:
 កូរ៉េខាងត្បូង
  AstraZeneca
© រក្សាសិទ្ធិដោយ thmeythmey.com