ជាតិ
សេដ្ឋកិច្ច
បណ្តាឧកញ៉ា ផ្តើមចលនាបរិច្ចាគថវិកាឡើងវិញ ខណៈព្រឹត្តិការណ៍២០កុម្ភៈកាន់តែរាលដាល
11, Mar 2021 , 4:13 pm        
រូបភាព
 រូបភាព៖ TYDA
រូបភាព៖ TYDA
ត្រឹមរយៈពេល២០ថ្ងៃនៃការផ្ទុះឡើងនៃព្រឹត្តិការណ៍២០កុម្ភៈ កម្ពុជាមានមនុស្សរហូតដល់៦៥២នាក់ បានឆ្លងជំងឺកូវីដ-១៩ ដោយក្នុងនោះមានបុរសម្នាក់បានស្លាប់ដោយសារតែជំងឺនេះ។  ក្រោយមានការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍ ដោយផ្តើមចេញពីទីតាំងនៅរាជធានីរហូតដល់ខេត្តនានាចំនួន១០នោះ ឃើញការបរិច្ចាគថវិកាពីសប្បុរជន ពិសេសអ្នកឧកញ៉ា និងអ្នកមានទ្រព្យធននៅកម្ពុជា មានចលនាឡើងវិញ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ព្រឹត្តិការណ៍២០កុម្ភៈដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន។

 
សម្រាប់នាថ្ងៃទី១១មីនា ឆ្នាំ២០២១ លោក គិត ម៉េង ម្ចាស់ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប បានប្រកាសបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន៣លានដុល្លារ ជូនសម្តេច ហ៊ុន សែន សម្រាប់ទប់ស្កាត់ព្រឹត្តិការណ៍២០កុម្ភៈ ខណៈលោក ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប ក៏បានបរិច្ចាគថវិកា ៣លានដុល្លារ ជូនសម្តេច ផងដែរ។ 
 
ក្រៅពីនេះ អ្នកជំនួយធំៗនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា  ក៏បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ជូនសម្តេច ហ៊ុន សែន សម្រាប់ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។  ក្នុងនោះ មានក្រុមហ៊ុន ជីបម៉ុង, លោក ហុង ពីវ ម្ចាស់ក្រុមហ៊ុនពិភពថ្មី និងលោក ឡេង ណាវ៉ាត្រា អ្នកជំនួយវ័យក្មេងនៅកម្ពុជា ដែលមានក្រុមហ៊ុន ឡេង ណាវ៉ាត្រា ដោយម្នាក់ៗបានបរិច្ចាគថវិកាចំនួន៣លានដុល្លារ។ 
 
«ខ្ញុំមិនអាចរស់នៅតែឯង! បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ»។ លោក ណាវ៉ាត្រា បានសរសេរនៅលើទំព័រហ្វេកប៊ុករបស់ផ្ទាល់ខ្លួនដូច្នេះ ដោយបន្តថា៖«ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ។ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា»។
 
គិតត្រឹមថ្ងៃទី១១មីនា ឆ្នាំ២០២១ អ្នកឆ្លងកូវីដ-១៩ ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ  មានចំនួន៦៥២នាក់ ដែលស្មើប្រមាណ៥៦ភាគរយនៃអ្នកជំងឺកូវីដ-១៩សរុបនៅកម្ពុជា មានចំនួន១,១៦៣នាក់ ក្នុងនោះស្លាប់១នាក់៕
 

Tag:
 សុខភាព
  ព្រឹត្តិការណ៍២០កុម្ភៈ
© រក្សាសិទ្ធិដោយ thmeythmey.com