អន្តរជាតិ
អាមេរិក រិះគន់ការកែប្រែប្រព័ន្ធបោះឆ្នោតហុងកុង
12, Mar 2021 , 11:26 am        
រូបភាព
កិច្ចប្រជុំសភាប្រជាជនចិននៅថ្ងៃទី១១ ខែមីនា។ រូបថត Xinhua
កិច្ចប្រជុំសភាប្រជាជនចិននៅថ្ងៃទី១១ ខែមីនា។ រូបថត Xinhua
អាមេរិក បានចេញមុខរិះគន់គម្រោងរបស់ចិនក្នុងការកែប្រែប្រព័ន្ធបោះឆ្នោតនៅទីក្រុងហុងកុង ដោយចាត់ទុកជាការវាយប្រហារលើប្រជាធិបតេយ្យ។ មន្ត្រីរដ្ឋបាលក្រុងវ៉ាស៊ីនតោន អះអាងនៅថ្ងៃទី១១ ខែមីនា ថា ប្រមុខការបរទេសអាមេរិក អាន់តូនី ប្ល៊ីងខិន នឹងលើកឡើងពីរឿងនេះនាជំនួបជាមួយអ្នកការទូតជាន់ខ្ពស់ចិននៅសប្ដាហ៍ក្រោយ ព្រមគ្នានឹងប្រធានបទក្ដៅៗផ្សេងរាប់ទាំងសំណុំរឿងសិទ្ធិមនុស្សនៅស៊ីនជាំងផងដែរ។

 
សភាប្រជាជនចិន នៅថ្ងៃទី១១ ខែមីនា បានអនុម័តសេចក្ដីសម្រេចចិត្តមួយក្នុងការកែទម្រង់ប្រព័ន្ធបោះឆ្នោតហុងកុងឱ្យស្របតាមគោលការណ៍ «មានតែអ្នកស្នេហាជាតិទើបអាចដឹកនាំហុងកុង» ។ ការកែទម្រង់នេះ ត្រូវបានមើលឃើញថា ជាការលុបបំបាត់សំឡេងប្រឆាំងពីឆាកនយោបាយតំបន់រដ្ឋបាលពិសេសមួយនេះ ព្រោះចិនរកផ្លូវដើម្បីទប់ស្កាត់អ្នកនយោបាយដែលមាននិន្នាការប្រឆាំងប៉េកាំងមិនឱ្យឈរឈ្មោះស្រួលៗក្នុងការបោះឆ្នោតនៅទីក្រុងនេះឡើយ។
 
 
អាមេរិក បានថ្កោលទោសផែនការរបស់ចិន និងបោះសម្ដីទុកមុនថា ជំនួបមន្ត្រីជាន់ខ្ពស់នៅសប្ដាហ៍ក្រោយ នឹងមិនងាយស្រួលឡើយ។ អ្នកនាំពាក្យសេតវិមាន Jen Psaki និយាយនៅថ្ងៃទី១១ ខែមីនា ថា រដ្ឋមន្រ្តីការបរទេស អាន់តូនី ប្ល៊ីងខិន និងទីប្រឹក្សាសន្តិសុខជាតិ Jake Sullivan នឹងមិនតមសម្ដីឡើយមិនថារឿងតៃវ៉ាន់ ឬការប៉ុនប៉ងធ្វើឱ្យប្រជាធិបតេយ្យហុងកុងថយក្រោយពេលជួបលោក យ៉ាង ជាឈី នាយកការិយាល័យគណៈកម្មការមជ្ឈិមកិច្ចការការបរទេសបក្សកុម្មុយនីស្តចិន និងរដ្ឋមន្រ្តីការបរទេស វ៉ាង យី នៅរដ្ឋ Alaska ពីថ្ងៃទី១៨ ដល់ទី១៩ ខែមីនា។
 
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Ned Price វិញ ហៅការកែប្រែប្រព័ន្ធបោះឆ្នោតនេះ ជាការវាយប្រហារស្វ័យភាព សេរីភាព និងប្រជាធិបតេយ្យនៅហុងកុង។ មន្ត្រីរូបនេះក៏រំពឹងថា ជំនួបនៅរដ្ឋ Alaska ទំនងជាកិច្ចចរចាដ៏ពិបាកមួយ។ ប៉ុន្តែអ្នកនាំពាក្យរូបនេះ ក៏លើកឡើងថា អាមេរិកនៅតែបន្តរកវិស័យដែលភាគីទាំងអាចសហការគ្នាដែលមានប្រយោជន៍សម្រាប់អាមេរិកផ្ទាល់ដូចជាបម្រែបម្រួលអាកាសធាតុជាដើម។ 
 
«យើងនឹងមិនជជែកដើម្បីតែជជែកឡើយ។» លោក Price សង្កត់ធ្ងន់បែបនេះ មុនបន្តថា វ៉ាស៊ីនតោននឹងឱ្យចិនបញ្ចេញបំណងពិតៗដើម្បីទំនាក់ទំនងប្រទេសទាំងពីរ។
 
រដ្ឋបាលប្រធានាធិបតី ចូ បៃឌិន ចាត់ទុកទំនាក់ទំនងជាមួយចិនជាបញ្ហាចម្បងមួយ។ បច្ចុប្បន្ន អាមេរិកកំពុងសើរើគោលនយោបាយរបស់ខ្លួនជាមួយមហាអំណាចមួយនេះ ក្រោយការធ្លាក់ចុះខ្លាំងអំឡុងពេលបួនឆ្នាំនៃអាណត្តិប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ ។ នាយករដ្ឋមនត្រីចិន លី ខឹឈាំង នៅថ្ងៃទី១១ ខែមីនា និយាយថា ចិន និងអាមេរិកមានផលប្រយោជន៍រួម និងវិស័យជាច្រើនដើម្បីកិច្ចសហប្រតិបត្តិការ៕
 

Tag:
 អាមេរិក
  ចិន
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com