អន្តរជាតិ
អ្នកជំនាញ UN ថា ក្រុមយោធាមីយ៉ាន់ម៉ាទំនងជាប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
12, Mar 2021 , 11:58 am        
រូបភាព
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលើស្ថានភាពសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា លោក Thomas Andrews នៅថ្ងៃទី១១ ខែមីនា បានលើកឡើងថា ក្រុមយោធាមីយ៉ាន់ម៉ា ទំនងជាបានចូលរួមក្នុងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ឃាតកម្ម ការបាត់ខ្លួន ការធ្វើទុក្ខបុកម្នេញ ការធ្វើទណ្ឌកម្ម និងការដាក់គុក សុទ្ធតែជាចំណុចដែលលោក Andrews ជឿថា បានបំពានបញ្ញត្តិមូលដ្ឋានដែលមានចែងក្នុងច្បាប់អន្តរជាតិ។


នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលើស្ថានភាពសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សដែលមានទីស្នាក់ការនៅក្នុងទីក្រុងហ្សឺណែវថា មីយ៉ាន់ម៉ា ក្នុងពេលបច្ចុប្បន្ន កំពុងត្រូវបានគ្រប់គ្រងដោយរបបសឹកខុសច្បាប់ និងព្រៃផ្សៃ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលយោធាមួយនេះ ទំនងជាបានប្រព្រឹត្តឧក្រិដ្ឋកម្មថែមទៀត។ 
 
«វាមានភស្តុតាងបង្ហាញថា ក្រុមយោធាដឹកនាំដោយមេដឹកនាំជាន់ខ្ពស់ ទំនងជាបានចូលរួមក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។ អ្នករាយការណ៍ពិសេសលើស្ថានភាពសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា បានលើកឡើងបែបនេះ ដោយបន្ថែមថា ក្រុមយោធា ក៏បានចូលរួមប្រព្រឹត្តឧក្រិដ្ឋកម្ម, ការចាប់ជំរិត,ធ្វើទុក្ខបុកម្នេញ និងទណ្ឌកម្មលើមនុស្សមួយចំនួនជាដើម។ ដ្បិតបទឧក្រិដ្ឋទាំងនោះអាចកំណត់បានតែក្នុងតុលាការមែន ប៉ុន្តែលោក Andrews បានអះអាងថា ឧក្រិដ្ឋកម្មរបស់ក្រុមយោធា មានលក្ខណៈកាន់តែធំឡើង និងជាប្រព័ន្ធ។ 
 
ក្នុងសេចក្តីថ្លែងការណ៍ដដែល អ្នករាយការណ៍ពិសេស បានបន្តថា កម្លាំងប៉ូលិសមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧០នាក់ ចាប់តាំងពីរដ្ឋប្រហារយោធាមក។ ភាគច្រើននៃអ្នកទាំងនោះ មានអាយុក្រោម២៥ឆ្នាំ។ របាយការណ៍នេះ ធ្វើឡើងស្របពេលបាតុករចំនួន ១២នាក់បន្ថែមទៀត ត្រូវបានបាញ់សម្លាប់ ខណៈពេលមនុស្សច្រើនជាង ២ពាន់នាក់ត្រូវបានចាប់ខ្លួន។ 
 
ទាក់ទិននឹងឧក្រិដ្ឋកម្មបែបនេះ អ្នករាយការណ៍ពិសេស បានទាមទារឱ្យសហគមន៍អន្តរជាតិជួយប្រជាជនមីយ៉ាន់ម៉ាឱ្យជាក់ស្ដែង ដោយមិនគ្រាន់ប្រើត្រឹមតែពាក្យជួយប៉ុណ្ណោះទេ តែត្រូវមានសកម្មភាពជួយផងដែរ។ លើសពីនេះ លោក Andrews ក៏បានទាមទារឱ្យមានការដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ាបន្តទៀត ដោយមិនចាំបាច់ពឹងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឡើយ។ 
 
នៅថ្ងៃដដែលនេះ របបយោធាក៏ចោទប្រកាន់លោកស្រី អ៊ុងសាន ស៊ូជី ពាក់ព័ន្ធការទទួលប្រាក់ខុសច្បាប់ចំនួន៦០ម៉ឺនដុល្លារ និងមាស ក្នុងអំឡុងពេលកាន់តំណែង។ បើតាមលោកឧត្តមសេនីយត្រី Zaw Min Tun អ្នកនាំពាក្យរដ្ឋាភិបាលយោធា ប្រធានាធបតី លោក  Win Myint និងអ្នកផ្សេងទៀត ក៏ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយនេះដែរ។ មកទល់ពេលនេះ លោកស្រីស៊ូជី បានរងបទចោទចំនួន ៥ហើយ។ 
 
សូមបញ្ជាក់ថា មកទល់ពេលនេះ បាតុកម្មនៅតែបន្តប្រព្រឹត្តទៅ ទោះមានការបាញ់សម្លាប់ និងការបង្រ្កាបយ៉ាងខ្លាំងពីសំណាក់ក្រុមប៉ូលិសលើក្រុមបាតុករក៏ដោយ៕ 
 

Tag:
 មីយ៉ាន់ម៉ា
  UN
© រក្សាសិទ្ធិដោយ thmeythmey.com