កីឡាអន្តរជាតិ
អន្តរជាតិ
ចិន ផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់អត្តពលិកប្រកួតអូឡាំពិកនៅតូក្យូ និងប៉េកាំង
12, Mar 2021 , 7:59 pm        
រូបភាព
ចិន តាមរយៈគណៈកម្មាធិការអូឡាំពិកចិន (COC) បានប្រកាសផ្តល់វ៉ាក់សាំងកូវីដ-១៩ សម្រាប់អត្តពលិកដែលចូលរួមប្រកួតកីឡាអូឡាំពិករដូវក្តៅក្រុងតូក្យូឆ្នាំ២០២០ និងនៅព្រឹត្តិការណ៍កីឡារដូវរងាឆ្នាំ២០២២ ក្រុងប៉េកាំង។ នេះបើតាមការផ្សាយរបស់កាសែត Washington post។


លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានប្រកាសព័ត៌មាននេះនៅថ្ងៃទី១១ ខែមីនា អំឡុងពេលកិច្ចប្រជុំមួយ ដោយសរសើរចិនជុំវិញការផ្តល់ជូននេះថា ជាស្មារតីសាមគ្គីភាពក្នុងកីឡាអូឡាំពិកពិតៗ។
 
លោក Bach ដែលទើបជាប់ឆ្នោតជាប្រធាន IOC អាណត្តិទី២ បានប្រាប់សមាជិក IOC ថាគំនិតផ្តួចផ្តើមរបស់ចិនគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងការធានាសុវត្ថិភាពនៃដំណើរការអូឡាំពិក និងប៉ារ៉ាឡាំពិកក្រុងតូក្យូ ដែលកំពុងជួបបញ្ហាកូវីដ-១៩។ 
 
ស្របពេលដែល COC បានផ្តល់ជូនវ៉ាក់សាំងកូវីដ-១៩ លោក Bach បាននិយាយថា IOC នឹងចំណាយប្រាក់ដើម្បីទិញវ៉ាក់សាំងពីចិនបន្ថែមទៀត សម្រាប់ក្រុមអត្តពលិកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកដែលធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ និងប៉េកាំង។
 
ការផ្តល់ជូនពីសំណាក់ចិន ធ្វើឡើងចំពេលមានការរិះគន់យ៉ាងខ្លាំងជុំវិញការចោទប្រកាន់ចិន ចំពោះការរំលោភសិទ្ធិមនុស្សទៅលើជនជាតិមូស្លីមវីហ្គ័រនៅស៊ីនជាំង។ មេដឹកនាំនយោបាយខ្លះ រួមទាំងអង្គការសិទ្ធិមនុស្សមួយចំនួនបានអំពាវនាវឱ្យ IOC រារាំងចិនក្នុងការធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងាក្នុងក្រុងប៉េកាំងឆ្នាំ ២០២២ ទៀតផង។
 
យ៉ាងណាក៏ដោយ IOC បានប្រយ័ត្នប្រយែងមិនឱ្យរិះគន់ម្ចាស់ផ្ទះអូឡាំពិករដូវរងាឆ្នាំ ២០២២ នេះឡើយ ស្របពេលការប្រកាសផ្តល់វ៉ាក់សាំងរបស់ចិនជាសញ្ញាល្អសម្រាប់អត្តពលិកនៅទូទាំងពិភពលោក។ យោងតាមទីភ្នាក់ងារព័ត៌មាន AP ចិនដែលប្រើប្រាស់វ៉ាក់សាំងដែលបង្កើតដោយ Sinovac និង Sinopharm បានសន្យាផ្តល់វ៉ាសាំងចំនួន ៥០០លានដូសដល់ប្រទេសចំនួនជាង៤៥៕
 

Tag:
 IOC
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com