អន្តរជាតិ
កូរ៉េខាងត្បូង ផ្អាកការផ្លាស់ប្តូរវិស័យការពារជាតិ និងហាមឃាត់នាំចេញអាវុធទៅមីយ៉ាន់ម៉ា
12, Mar 2021 , 9:59 pm        
រូបភាព
សកម្មជនកូរ៉េខាងត្បូងតវ៉ាប្រឆាំងរដ្ឋប្រហារនៅមីយ៉ាន់ម៉ា។ រូបថត AFP
សកម្មជនកូរ៉េខាងត្បូងតវ៉ាប្រឆាំងរដ្ឋប្រហារនៅមីយ៉ាន់ម៉ា។ រូបថត AFP
កូរ៉េខាងត្បូង នឹងផ្អាកការផ្លាស់ប្តូរលើវិស័យការពារជាតិ និងហាមឃាត់នាំចេញអាវុធទៅមីយ៉ាន់ម៉ា ដើម្បីឆ្លើយតបរដ្ឋប្រហារយោធា និងការបង្រ្កាបយ៉ាងសាហាវឃោរឃៅលើបាតុករពីសំណាក់ក្រុមយោធា។ ក្រសួងការបរទេសកូរ៉េខាងត្បូង បានលើកឡើងបែបនេះ នៅថ្ងៃទី១២ ខែមីនា។ កូរ៉េខាងត្បូង ក៏នឹងអនុញ្ញាតឱ្យប្រជាជនមីយ៉ាន់ម៉ាប្រមាណ៣ម៉ឺននាក់បន្តស្នាក់នៅទឹកដីខ្លួនរហូតស្ថានការណ៍ក្នុងស្រុកធូរស្បើយផងដែរ។

 
បន្ទាប់ពីរដ្ឋប្រហារយោធាថ្ងៃទី១ ខែកុម្ភៈ អង្គការក្រៅរដ្ឋាភិបាលមួយចំនួន និងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានអំពាវនាវទៅក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងប្រទេសជាដៃគូលក់អាវុធឱ្យមីយ៉ាន់ម៉ាផ្សេងទៀត ដាក់ទណ្ឌកម្មលើរបបសឹកមីយ៉ាន់ម៉ា។ កូរ៉េខាងត្បូង នៅថ្ងៃទី១២ ខែមីនា បានប្រកាសសម្រេចចិត្តចាត់វិធានការប្រឆាំងរបបយោធា។
 
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសកូរ៉េខាងត្បូង ប្រកាសថា ទីក្រុងសេអ៊ូលនឹងផ្អាកការផ្លាស់ប្តូរទៅវិញទៅមកលើវិស័យការពារជាតិ និងហាមឃាត់នាំចេញអាវុធទៅប្រទេសអាស៊ីគ្នេយ៍មួយនេះ ថែមទៀត។ ទន្ទឹមនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏សម្រេចរឹតត្បិតលើការនាំចេញឧបករណ៍យុទ្ធសាស្រ្តមួយចំនួន និងអនុញ្ញាតឱ្យជនជាតិមីយ៉ាន់ម៉ាបន្តស្នាក់នៅកូរ៉េខាងត្បូងផងដែរ រហូតដល់ស្ថានភាពមានភាពធូរស្បើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានYonhap ។ 
 
បើតាមក្រសួងការបរទេសកូរ៉េខាងត្បូង ការសម្រេចចិត្តរបស់ខ្លួន ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មិនស្តាប់តាមការអំពាវនាវរបស់សហគមន៍អន្តរជាតិ និងរដ្ឋាភិបាលទីក្រុងសេអ៊ូល ស្របពេលចំនួនអ្នករងគ្រោះនៅតែបន្តកើនឡើង ដោយសារតែការបង្រ្កាបរបស់ក្រុមកម្លាំងសន្តិសុខ។ 
 
មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងពិចារណាលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍលើវិស័យមួយចំនួនជាមួយមីយ៉ាន់ម៉ាផងដែ។ ការបណ្ដុះបណ្ដាលយោធា និងប៉ូលិស នឹងត្រូវផ្អាក ជំនួយទៅរដ្ឋាភិបាលនឹងត្រូវផ្អឹបទុកដូចគ្នា ប៉ុន្តែគម្រោងដែលជួយលើស្ទួយជីវភាពប្រជាជនមីយ៉ាន់ម៉ា និងជំនួយមនុស្សធម៌ ត្រូវរក្សាទុកនៅដដែល។ 
 
ដោយផ្អែកតាមទិន្នន័យអង្គការគំនិតផ្តួចផ្តើមតម្លាភាពជំនួយអន្តរជាតិ ការនាំចេញលើវិស័យការពារជាតិពីកូរ៉េខាងត្បូងទៅមីយ៉ាន់ម៉ាចុងក្រោយ គឺនៅឆ្នាំ២០១៩។ កូរ៉េខាងត្បូងបានចំណាយថវិកាជាច្រើនលានដុល្លារលើគម្រោងអភិវឌ្ឍន៍នៅមីយ៉ាន់ម៉ាផងដែរ។ 
 
គួររំលឹកថា កន្លងមកអាមេរិក ក៏បានហាមឃាត់នាំចេញលើប្រភេទអាវុធជាក់លាក់មួយចំនួន ទៅមីយ៉ាន់ម៉ាផងដែរ ខណៈពេលនូវែលសេឡង់ បានផ្អាកទស្សនកិច្ចកម្រិតខ្ពស់ជាមួយរបបសឹកទៀតផង៕ 
 

Tag:
 កូរ៉េខាងត្បូង
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com