កីឡាអន្តរជាតិ
អន្តរជាតិ
កីឡដ្ឋានបាល់ទាត់ដ៏ល្បីល្បាញរបស់ប្រេស៊ីល ត្រូវប្តូរដាក់ឈ្មោះ Pele វិញ
× កីឡាដ្ឋាន Maracana ដ៏ល្បីល្បាញរបស់ប្រេស៊ីលនឹងត្រូវប្តូរទៅដាក់ឈ្មោះ Pele វិញ ដើម្បីជាការផ្តល់ជាកិត្តិយសដល់ស្តេចបាល់ទាត់រូបនេះ។
ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីការបោះឆ្នោតដោយសភារបស់ក្រុងរីយ៉ូ ដើម្បីប្តូរឈ្មោះទៅជាកីឡដ្ឋាន Edson Arantes do Nascimento - Rei Pele។ Edson Arantes do Nascimento គឺជាឈ្មោះពេញរបស់វីរបុរសប្រេស៊ីលវ័យ៨០ឆ្នាំ រីឯ Rei មានន័យថាជាស្តេចនៅក្នុងប្រទេសព័រទុយហ្គាល់។
Pele ដែលជួយក្រុមរហស្សនាមសាំបាប្រេស៊ីលឈ្នះ World Cup ៣សម័យ ជាអ្នករកបានគ្រាប់បាល់ទី ១០០០ របស់ខ្លួននៅឯកីឡដ្ឋាន Maracana នេះក្នុងឆ្នាំ ១៩៦៩ នៅពេលលេងឱ្យក្រុម Santos ទល់នឹង Vasco da Gama។
កីឡដ្ឋាន Maracana នេះដែរ ក៏បានរៀបចំទទួលការប្រកួតផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ១៩៥០ និង ២០១៤ រួមទាំងពិធីបើកព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០១៦ ក្នុងក្រុងរីយ៉ូផងដែរ។ អភិបាលក្រុងរីយ៉ូ នឹងត្រូវអនុម័តលើការផ្លាស់ប្តូរឈ្មោះផ្ទាល់តែម្តង សម្រាប់អតីតតារាបាលទាត់ Pele ។
អ្នកទស្សនាច្រើនជាង២០ម៉ឺននាក់ត្រូវបានគេរាយការណ៍ថាបានស្ថិតនៅក្នុង Maracana ដើម្បីទស្សនាក្រុមអ៊ុយរូហ្គាយបានផ្តួលប្រេស៊ីលនៅវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ១៩៥០។ ប៉ុន្តែបច្ចុប្បន្នសមត្ថភាពផ្ទុករបស់វាត្រឹមចំនួនជិត៨ម៉ឺននាក់ប៉ុណ្ណោះ។
កីឡដ្ឋានដ៏ល្បីល្បាញរបស់ប្រេស៊ីលមួយនេះ ដំបូងឡើយមានឈ្មោះ Mario Filho ជាឈ្មោះរបស់អ្នកកាសែតម្នាក់ដែលបានបញ្ចុះបញ្ចូលឱ្យមានការសាងសង់វាឡើងនៅទសវត្សឆ្នាំ ១៩៤០ ប៉ុន្តែត្រូវបានប្តូរទៅ Maracana ដល់សព្វថ្ងៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com