អន្តរជាតិ
លោក លី ខឹឈាំង៖ ចិន និងអាមេរិក គួរពង្រឹងទំនាក់ទំនងសម្រាប់ការអភិវឌ្ឍដោយចីរភាព
12, Mar 2021 , 4:57 pm        
រូបភាព
នាយករដ្ឋមន្រ្តីចិន លី ខឹឈាំង នាសន្និសីទថ្ងៃទី១១ ខែមីនា។ រូបថត Xinhua
នាយករដ្ឋមន្រ្តីចិន លី ខឹឈាំង នាសន្និសីទថ្ងៃទី១១ ខែមីនា។ រូបថត Xinhua
នាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាំង នៅថ្ងៃទី១១ ខែមីនា បានលើកឡើងថា ក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន មិនគួរប្រឈមមុខដាក់គ្នាឡើយ បើទោះប្រទេសមហាអំណាចទាំងពីរមានភាពខុសគ្នាលើប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធសង្គម និងការអភិវឌ្ឍក៏ដោយ។ បើតាមលោក លី ប្រទេសទាំងពីរ គួរពង្រឹងទំនាក់ទំនងជាមួយគ្នា ដើម្បីជាប្រយោជន៍, សន្តិភាព, ស្ថិរភាព និងវិបុលភាពនៅលើពិភពលោក។

 
ទំនាក់ទំនងអាមេរិក និងចិន ក្នុងអាណត្តិប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានរងភាពល្អក់កករយ៉ាងខ្លាំង ជុំវិញបញ្ហាពាណិជ្ជកម្ម ហុងកុង តៃវ៉ាន់ និងបញ្ហាជាច្រើនទៀត។ ទោះអាមេរិក ក្នុងពេលបច្ចុប្បន្ន ស្ថិតក្រោមការដឹកនាំរបស់លោកចូ បៃឌិន ប្រធានាធិបតីអាមេរិកថ្មីក៏ដោយ ទំនាក់ទំនងមហាអំណាចទាំងពីរ ហាក់មិនសូវល្អលើសពីអាណត្តិមុនប៉ុន្មានឡើយ។ 
 
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំសភា លោក លី ខឹឈាំង នាយករដ្ឋមន្រ្តីចិន បានជំរុញឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង មានទំនាក់ទំនងល្អប្រសើរជាងមុន។ បើតាមលោក ទំនាក់ទំនងល្អរវាងចិន និងអាមេរិក ផ្ដល់ប្រយោជន៍ឱ្យគ្នាទៅមក និងសម្រាប់ពិភពលោកទាំងមូលផងដែរ។
 
«ចិន និងអាមេរិក...នឹងទទួលផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការ ជាជាងការប្រឈមមុនដាក់គ្នា»។ លោកនាយករដ្ឋមន្រ្តីចិន បានលើកឡើងបែបនេះ ដោយបន្ថែមថា ពាណិជ្ជកម្មប្រទេសទាំងពីរ បានរីកចម្រើនក្នុងទំហំ ៨,៨ ភាគរយ ក្នុងមួយឆ្នាំទៅមួយឆ្នាំ បើទោះបីជាត្រូវប្រឈមបញ្ហាដាក់គ្នាជាច្រើនក៏ដោយ។ 
 
ក្នុងន័យនេះ ប្រមុខរដ្ឋាភិបាលចិន បានជំរុញឱ្យយក្សសេដ្ឋកិច្ចទាំងពីរ ផ្តោតលើមូលដ្ឋានរួមគ្នា ដាក់ថាមពលបន្ថែម និងពង្រីកផលប្រយោជន៍ថែមទៀត ដ្បិតមានប្រវត្តិសាស្រ្ត វប្បធម៌ ការអភិវឌ្ឍ ប្រព័ន្ធសង្គម និងបញ្ហាផ្សេងទៀតខុសគ្នាក៏ដោយ។ លោកបន្តថា ប្រទេសទាំងពីរមានការទទួលខុសត្រូវជាសំខាន់ក្នុងការរក្សាសន្តិភាពស្ថិរភាពពិភពលោក និងអភិវឌ្ឍវិបុលភាពសកល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន Xinhua។ 
 
ដោយផ្អែកលើការពង្រឹងទំនាក់ទំនងខាងលើ លោក លី សង្ឃឹមថា ទំនាក់ទំនងអាមេរិក-ចិន នឹងមានអនាគតរួមគ្នា ជម្រះឧបសគ្គ និងការអភិវឌ្ឍជាវិជ្ជមាន។ 
 
សូមបញ្ជាក់ថា នៅក្នុងថ្ងៃដដែលនេះ ក្រសួងការបរទេសចិន បានប្រកាសថា មន្រ្តីជាន់ខ្ពស់ចិន នឹងបើកកិច្ចប្រជុំកម្រិតខ្ពស់មួយជាមួយសមភាគីអាមេរិក នៅរដ្ឋអាឡាស្កា នាថ្ងៃទី១៨ និង១៩ ខែមីនា។ កិច្ចប្រជុំនេះ នឹងមានការចូលរួមពីលោក យ៉ាង ជាឈី សមាជិកការិយាល័យនយោយបាយមជ្ឈិមនៃបក្សកុម្មុយនីស្តចិន និងលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ក៏ដូចជារដ្ឋមន្រ្តីការបរទេសអាមេរិក លោកអាន់តូនី ប្ល៊ីងខិន និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan៕ 
 

Tag:
 ចិន
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com