ជាតិ
សង្គមជាតិ
កម្មករជាង៤០​នាក់ របួសធ្ងន់ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្តនៅស្វាយរៀង
12, Mar 2021 , 5:39 pm        
រូបភាព
រថយន្តដឹកកម្មករ៥៥នាក់ ក្រឡាប់ នៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។
រថយន្តដឹកកម្មករ៥៥នាក់ ក្រឡាប់ នៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។
ដោយ:
កម្មករ-កម្មការិនីជាង៤៤នាក់ ក្នុងចំណោម៥៥នាក់ ដែលធ្វើដំណើររួមគ្នាតាមរថយន្ត ទៅបំពេញការងារ បានរងរបួសធ្ងន់ស្រាល ដោយសារតែរថយន្តក្រឡាប់ ក្នុងខេត្តស្វាយរៀង នាព្រឹកព្រលឹម ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។ នេះបើតាមការផ្សាយលើគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

 
នគរបាលជាតិ ផ្សាយថា បច្ចុប្បន្ន កម្មករ-កម្មការិនីរងរបួសទាំងនោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នគរបាលជាតិ បានឲ្យដឹងទៀតថា ឧបទ្ទវហេតុក្រឡាប់រថយន្តដឹកកម្មករនេះ គឺកើតឡើងត្រង់ចំណុចគីឡូម៉ែត្រលេខ ១៥៧-១៥៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ នៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត។ 
 
បើតាមប្រភពដដែល មូលហេតុ គឺដោយសារតែរថយន្តដឹកកម្មករ គេចពីរថយន្តមួយផ្សេងទៀត ដែលស្ថិតនៅពីខាងមុខ ហើយរថយន្តដឹកកម្មករ ក៏បានរេចង្កូតក្រឡាប់ទៅខាងឆ្វេងផ្លូវ និងបានបោកប៉ះនឹងដើមឈើ។ កម្មកររងរបួសទាំង៤៤នាក់ មានស្រ្តី៤០នាក់ ហើយក្នុងនោះ កម្មករជាស្រ្តី៣នាក់ និងកម្មករជាបុរសម្នាក់ បានរងរបួសធ្ងន់។  
 
យ៉ាងណា លោក ប៉ាវ ស៊ីណា ប្រធានសហជីពកម្មករនៅកម្ពុជា បានអះអាងលើទំព័រហ្វេសប៊ុករបស់លោកថា យ៉ាងហោចណាស់ មានកម្មករ-កម្មការិនីប្រមាណ៦០នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្តនេះ៕ 


 កម្មករ-កម្មការិនី ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ក្រោយរងរបួសក្នុងហេតុការណ៍ក្រឡាប់រថយន្ត ក្នុងក្រុងបាវិត នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។ រូបពីទំព័រហ្វេសប៊ុករបស់លោក ប៉ាវ ស៊ីណា

Tag:
 កម្មករ
  ក្រឡាប់រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com