អន្តរជាតិ
អាមេរិក ជប៉ុន អូស្ត្រាលី ឥណ្ឌា ប្រកាសបង្កើនផលិតកម្មវ៉ាក់សាំងកូវីដ-១៩ នៅអាស៊ី ប្រជែងចិន
13, Mar 2021 , 1:19 pm        
រូបភាព
មេដឹកនាំអាមេរិក ជប៉ុន ឥណ្ឌា និងអូស្រ្តាលីនាជំនួបតាមអនឡាញនៅថ្ងៃទី១២ ខែមីនា។ រូបថត AFP
មេដឹកនាំអាមេរិក ជប៉ុន ឥណ្ឌា និងអូស្រ្តាលីនាជំនួបតាមអនឡាញនៅថ្ងៃទី១២ ខែមីនា។ រូបថត AFP
មេដឹកនាំអាមេរិក ជប៉ុន អូស្ត្រាលី ឥណ្ឌា នៅថ្ងៃទី១២ ខែមីនា ប្រកាសគម្រោងរួមគ្នាដើម្បីផ្ដល់វ៉ាក់សាំងកូវីដ-១៩ ចំនួនមួយពាន់លានដូសឱ្យតំបន់អាស៊ី ជាមួយគោលដៅប្រជែងចិនដែលផ្គត់ផ្គង់វ៉ាក់សាំងរាប់លានដូសឱ្យប្រទេសក្នុងតំបន់ជាច្រើនមកហើយ។ អាស៊ីអាគ្នេយ៍ ជាគោលដៅដំបូងនៃគម្រោងរបស់ប្រទេសទាំង៤ នេះ។ ប្រទេសទាំងបួន ចែកការទទួលខុសត្រូវដើម្បីបំពេញគោលដៅនេះ សំដៅធានាឱ្យបានតំបន់អាស៊ីដែលសេរី និងបើកចំហ។

 
ជំនួបលើកដំបូងមេដឹកនាំក្រុមប្រទេសកិច្ចសន្ទនាសន្តិសុខចតុភាគី (Quad) មានវត្តមានចូលរួមដោយប្រធានាធិបតីអាមេរិក ចូ បៃឌិន នាយករដ្ឋមន្រ្តីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី និងនាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន។ សន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិក បញ្ហាបម្រែបម្រួលអាកាសធាតុ ការទប់ទល់ឥទ្ធិពលចិន និងការដោះស្រាយវិបត្តិកូវីដ-១៩ សុទ្ធសឹងជារបៀបវារៈសំខាន់អំឡុងជំនួបតាមអនឡាញនៅថ្ងៃទី១២ ខែមីនា។
 
លើការទប់ទល់ជំងឺកូវីដ-១៩ មេដឹកនាំទាំង៤ ក៏ឯកភាពគ្នាលើការជំរុញការផ្គត់ផ្គង់វ៉ាក់សាំងនៅអាស៊ី ដោយសន្យាផ្ដល់វ៉ាក់សាំងចំនួន១ពាន់លានដូស។ លោក បៃឌិន ដែលចង់ឃើញប្រទេស Quad ផ្ដល់ដំណោះស្រាយ និងលទ្ធផលជាក់ស្ដែងនោះ និយាយថា ប្រទេសទាំង៤ ចាប់ផ្ដើមភាពជាដៃគូដែលមានមហិច្ឆតាមួយក្នុងការបង្កើនការផលិតកម្មវ៉ាក់សាំងសម្រាប់ជាប្រយោជន៍សាកល និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល។ 
 
ក្រោមគម្រោងនេះ វ៉ាក់សាំងមួយពាន់លានដូស នឹងត្រូវផលិតនៅត្រឹមឆ្នាំ២០២២ ដោយវ៉ាក់សាំងដែលត្រូវប្រើជាផលិតផលរបស់ក្រុមហ៊ុន Johnson & Johnson ដែលមានមូលដ្ឋាននៅអាមេរិក។ ឥណ្ឌាទទួលខុសត្រូវផលិត ជប៉ុនជាអ្នកផ្ដល់លុយ ហើយអូស្ត្រាលីទទួលបន្ទុកដឹកជញ្ជូន។ អាស៊ីអាគ្នេយ៍ ដែលជាតំបន់យុទ្ធសាស្រ្តដ៏សំខាន់មួយ នឹងទទួលបានវ៉ាក់សាំងក្រោមគំនិតផ្ដួចផ្ដើមនេះមុនគេ ហើយបន្តទៅកាន់ផ្នែកផ្សេងទៀតរបស់អាស៊ី។
 
គម្រោងរបស់ប្រទេស Quad ត្រូវមើលឃើញថា ជាការរួមគ្នាដើម្បីទប់ទល់ចិន។ និយាយរឿងវ៉ាក់សាំងនេះ ចិនបានផ្ដល់វ៉ាក់សាំងរាប់លានដូសទាំងក្រោមលក្ខខណ្ឌជំនួយ និងពាណិជ្ជកម្ម។ មិនត្រឹមអាស៊ីអាគ្នេយ៍ ចិនបានផ្ដល់វ៉ាក់សាំងជាច្រើនដល់ប្រទេសនានាលើពិភពលោក ដែលមិនគ្មានលទ្ធភាពប្រើវ៉ាក់សាំងថ្លៃ និងពិបាកទុកដាក់ដូចជា Pfizer ជាដើម។
 
លោក ម៉ូរីសុន ចាត់ទុកជំនួបលើកដំបូងនេះ ជាថ្ងៃរះនៅឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយរំពឹងថា ប្រទេសទាំងបួនដែលប្រកាន់ជំហរប្រជាធិបតេយ្យសេរីដូចគ្នា នឹងជួយជំរុញសន្តិសុខ សន្តិភាព និងស្ថិរភាពតំបន់។ ចំណែលោក ម៉ូឌី វិញនិយាយថា Quad នឹងនៅតែជាកម្លាំងរក្សាស្ថិរភាពតំបន់។   

Tag:
 អាមេរិក
  កូវីដ-១៩
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com