ជាតិ
រដ្ឋបាលខេត្តតាកែវ កំពុងសិក្សាទីតាំង និងថវិកាសង់រូបសំណាកបង្កង និងពងទាកូនដែលផលិតផលអត្តសញ្ញាណខេត្ត
13, Mar 2021 , 8:59 pm        
រូបភាព
ដោយ៖ ស៊ុល រ៉វី

រដ្ឋបាលខេត្តតាកែវ គ្រោងសាងសង់រូបសំណាកបង្កង និងរូបសំណាកពងទាកូន នៅក្នុងពេលឆាប់ៗនេះ ដើម្បីបង្ហាញពីផលិតផលអត្តសញ្ញាណរបស់ខេត្តតាកែវ។ សម្រាប់មន្ទីរទេសចរណ៍ខេត្តវិញ រំពឹងថា នៅពេលរូបសំណាកទាំង២នេះលេចចេញជារូបរាង នោះនឹងអាចទាក់ទាញទេសចរបន្ថែមទៀតទៅកាន់ខេត្តនេះ។


 
លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានប្រាប់សារព័ត៌មាន ThmeyThmey25 តាមទូរសព្ទថា គម្រោងសាងសង់រូបសំណាកបង្កង និងពងទាកូននេះ ដោយសារតែខេត្តតាកែវ ជាខេត្តដែលសម្បូរបង្គងទឹកសាបច្រើនជាងគេ ហើយវាក៏មានរសជាតិឆ្ងាញ់ខ្លាំងផងដែរ។ ចំណែកពងទាកូនវិញ ក៏មានការពេញនិយមខ្លាំង ហើយក៏ត្រូវបានទទួលស្គាល់ថា ជាផលិតផលអត្តសញ្ញាណខេត្តមួយដែលមានរសជាតិឆ្ងាញ់ផ្តាច់គេផងដែរ ក្នុងចំណោមផលិតផលពងទាមកពីបណ្តាខេត្តនានានៅកម្ពុជា។ នេះជាពន្យល់របស់អភិបាលខេត្តតាកែវ រួចលោកបន្ថែមថា ដូច្នេះហើយទើបរដ្ឋបាលខេត្ត សម្រេចសាងសង់រូបសំណាកនេះឡើង ដើម្បីជាអត្តសញ្ញាណខេត្តខ្លួន។
 
ទោះយ៉ាងណា លោក អ៊ូច ភា មិនទាន់បញ្ជាក់ទីតាំង ជាក់លាក់ ក៏ដូចជាទំហំថវិកា ដែលត្រូវចំណាយលើការសាងសង់រូបសំណាកទាំង២នេះនៅឡើយទេ។ តាមលោកអភិបាលខេត្តតាកែវ ទាំងទីតាំង និងកញ្ចប់ថវិកា ស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ។ លោក អ៊ូច ភា បន្ថែមដូច្នេះ៖ «យើងកំពុងពិនិត្យទីតាំងនៅម្ដុំរង្វង់មូលអូរចំបក់។ យើងកំពុងសិក្សាគម្រោងថវិកា»។
 
សម្រាប់លោកស្រី អ៊ុំ សុគន្ធារី អនុប្រធានមន្ទីរទេសចរណ៍ខេត្តវិញ បានលើកឡើងថា រូបសំណាកបង្កង និងរូបសំណាកពងទាកូន ដែលនឹងលេចជារូបរាងក្នុងពេលខាងមុខនេះ នឹងក្លាយជាទីសក្ដានុពលថ្មីមួយទៀត ទាក់ទាញទេសចរមកកាន់ខេត្តផងដែរ។ «ខេត្តតាកែវមានសក្ដានុពលបង្កង ពងទាកូន ជាអត្តសញ្ញាណនៃខេត្តតាកែវ»។ នេះជាការបន្ថែមរបស់អនុប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ។
 
គួរកត់សម្គាល់ថា ខេត្តតាកែវត្រូវបានទទួលស្គាល់ជាខេត្តដែលសម្បូរបង្កងទឹកសាបធម្មជាតិច្រើនជាងគេ។ ក្នុងមួយឆ្នាំៗ ខេត្តតាកែវ អាចផ្គត់ផ្គង់បង្កងទឹកសាបនៅលើទីផ្សារប្រមាណ ៨៧តោន។ ចំណែកឯពងទាកូនតាកែវវិញ ក៏មានភាពល្បីរន្ទឺពីឱជារសដ៏ឈ្ងុយឆ្ងាញ់របស់វាផងដែរ៕
 

រូបភាពពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តតាកែវ៖









Tag:
 រូបសំណាកបង្កង
  ពងទាកូន
  អ៊ូច ភា
 អ៊ុំ សុគន្ធារី
© រក្សាសិទ្ធិដោយ thmeythmey.com