ជាតិ
ការការពារ និងកម្ចាត់ សត្វទាកគូ និងដង្កូវយោលទោង លើដំណាំស្ពៃ
13, Mar 2021 , 9:29 pm        
រូបភាព
ដោយ៖ ស៊ុល រ៉វី
 
សត្វទាកគូ (Flea beetle Leaf) និងដង្កូវយោលទោង (Diamond back moth) ជាសត្វល្អិតបំផ្លាញលើដំណាំពពួកស្ពៃដូចជា ខាត់ណាដើម ខាត់ណាផ្កា ស្ពៃក្ដោប និងប្រភេទស្ពៃផ្សេងៗទៀត។ សត្វទាកគូ បំផ្លាញលើពពួកដំណាំអម្បូរស្ពៃដូចដង្កូវយោលទោងដែរ តែវាមិនមានរដូវបញ្ឈប់ការបំផ្លាញដូចដង្កូវយោលទោងឡើយ គឺវាបំផ្លាញ និងបន្តពូជពេញមួយឆ្នាំតែម្ដង។


 
ដំណើរការបំផ្លាញរបស់សត្វទាកគូ គឺវាបំផ្លាញទាំងស្លឹក និងឫសដំណាំតែម្ដង ដោយមេវា(សត្វទាកគូ)ស៊ីស្លឹក រួចពងដាក់ក្នុងដី ពេលកូនញាស់ កូននោះនឹងស៊ីឫសជាអាហារ។ កូនដែលញាស់ហើយស៊ីឫសនេះ កសិករតែងហៅថា «កណ្ដៀរដីស៊ីឫស»។ ថ្ងៃនេះសារព័ត៌មានថ្មីៗ២៥ នឹងលើកយក វិធានការការពារ និងកម្ចាត់ លើសត្វទាកគូ និងដង្កូវយោលទោង ដកស្រង់ចេញពី សៀវភៅកសិកម្ម «បទដ្ឋានអនុវត្តបច្ចេកវិទ្យា សួនបន្លែគ្រួសារ» របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
 
វិធានការការពារ និងកម្ចាត់ ពពួកសត្វល្អិតទាំងពីរប្រភេទនេះ គឺត្រូវចាប់អនុវត្តតាំងពីសាបគ្រាប់ពូជភ្លាម គឺត្រូវគ្របសំណាញ់ញឹក ការពារមិនឲ្យមេអំបៅដង្កូវយោលទោង និងមេទាកគូ ពងលើថ្នាលដំាដុះ ឬពងដាក់លើស្លឹកស្ពៃ រហូតដល់ពេលដកកូនស្ពៃ ទៅដំាក្នុងចម្ការ។ ចំពោះការរៀបចំដីដាំ ដំបូងត្រូវដកគល់ស្ពៃដែលប្រមូលផលរួចចេញ មុនការភ្ជួរ ឬកាប់ដី ដាំដុះម្ដងទៀត ព្រោះឫស និងគល់ស្ពៃជាជម្រកពងសត្វទាកគូ។ បន្ទាប់មកត្រូវដុតដីលើថ្នាល មុនសាបគ្រាប់ ឬដំាកូន ដើម្បីកម្ចាត់ពង និងកូន ព្រមទាំងសត្វល្អិតចង្រៃផ្សេងៗទៀត។ 
 
ម្យ៉ាងទៀត យើងត្រូវប្រើទឹកស្លឹកប៉េងប៉ោះ ដើម្បីការពារដង្កូវយោលទោង ដោយយកស្លឹកប៉េងប៉ោះទៅបុកឲ្យហ្មត់ ប្រមាណ២គីឡូក្រាម យកមកលាយទឹកចំនួន ១៥លីត្រ ច្រោះឲ្យស្អាត និងលាយទឹកស្អាតធម្មតា ១០លីត្រ និងសាប៊ូចានចំនួន ២ស្លាបព្រាបាយ។
 
ការប្រើប្រាស់ទឹកស្លឹកប៉េងប៉ោះនេះ ត្រូវបាញ់ទឹកឲ្យជោកទៅលើស្លឹក នៅពេលថ្ងៃក្ដៅ ដីស្ងួត សម្រាប់កម្ចាត់សត្វទាកគូ ព្រោះពេលស្លឹក និងដីស្ងួត ហើយក្ដៅ មេវាតែងស៊ីស្លឹកស្ពៃ និងពងដាក់លើថ្នាលដំណាំ។ រីឯដង្កូវយោលទោងវិញ គឺគួរបាញ់ទឹកនៅពេលល្ងាចព្រលប់ៗ ដើម្បីដេញមេអំបៅកុំឲ្យពង និងបន្តពូជលើស្លឹកដំណាំបាន ព្រោះមេអំបៅមិនចូលចិត្តសើមឡើយ៕


រូបភាប​ សត្វទាកគូ


រូបភាព ដង្កូវយោលទោង


Tag:
 សត្វល្អិតចង្រៃ
 
  សត្វទាកគូ
  ដង្កូវយោងទោង
© រក្សាសិទ្ធិដោយ thmeythmey.com