ជាតិ
ការធ្វើធ្វើជ្រក់មើមឆៃថាវតូចៗពេញនិយមខ្លាំង និងលក់បានថ្លៃជាងមើមឆៃថាវធំៗ
13, Mar 2021 , 10:29 pm        
រូបភាព
ភ្នំពេញ៖ មើមឆៃថាវតូចៗ ហាក់មានការពេញនិយមខ្លាំងនារយៈពេលចុងក្រោយនេះ ដោយភាគច្រើនគេទិញយកទៅធ្វើជ្រក់សម្រាប់បរិភោគក្នុងគ្រួសារ ឬលក់ទាំងនៅតាមទីផ្សារ និងបណ្តាញសង្គម។ ការណ៍នេះ បានធ្វើឱ្យមើមឆៃថាវតូចៗ ងាយលក់ជាង និងមានតម្លៃខ្ពស់ជាងមើមឆៃថាវធំ។ មើមឆៃថាវតូច ដែលជាទូទៅកសិករប្រមូលផលលក់នៅពេលដាំដុះបាន៤សប្តាហ៍នោះ អាចលក់ស្រស់បានគីឡូក្រាមពី ២ពាន់រៀល ទៅ ២៥០០រៀល ខណៈដែលឆៃថាធម្មតាកសិករលក់បានមិនដល់ ១ពាន់រៀលផង។


រយៈពេលប្រហែលកន្លះឆ្នាំហើយ ដែលកញ្ញា ផន សុខណា បានចាប់ផ្តើមដាំដុះ និងប្រមូលផលមើមឆៃថាវ ដែលមានអាយុ៤សប្តាហ៍ លក់តាមបណ្តាញសង្គមហ្វេសប៊ុក។ មានវ័យ២២ឆ្នាំ កញ្ញា សុខណា បានប្រាប់សារព័ត៌មាន Thmeythmey25 មើមឆៃថាវតូចៗនេះ នាងអាចលក់បានក្នុងតម្លៃ ២ពាន់រៀល ទៅ២ ៥០០រៀល ទៅឱ្យអតិថិជន ដែលនិយមទិញយកទៅធ្វើជ្រក់។ 
 
ជាធម្មតា ឆៃថាវ អាចប្រមូលផល នៅអាយុ ១ខែកន្លះ ទៅ២ខែ។  នេះបើតាម កញ្ញា ផន សុខណា ដែលបន្តពន្យល់ប្រាប់ Thmeythmey25 ខ្លួនសម្រេចចិត្តប្រមូលផលមើមឆៃថាវដែលនៅតូចលក់ ព្រោះតែវាសម្បូរទីផ្សារជាង និងលក់បានថ្លៃជាងឆៃថាវមើមធំៗទៀតផង។  
 
កញ្ញា សុខណា ពន្យល់បន្ថែមដូច្នេះថា៖«ឆៃថាវដែលខ្ញុំដាំ ជាដំណាំធម្មជាតិ គ្មានជាតិគីមី ហើយឲ្យតែមាន គឺមានអ្នករកទិញ រហូតដាំលែងទាន់»។


អ្នកស្រី វណ្ណ ថាវ័ន្ត
 
ចំណែក អ្នកស្រី វណ្ណ ថាវ័ន្ត ដែលរស់នៅខេត្តកំពង់ធំវិញ ក៏យល់ស្របថា ជ្រក់មើមឆៃថាវតូចៗ កាន់តែមានការពេញនិយមដែរ នាមួយរយៈចុងក្រោយនេះ។ តាមពិតទៅ អ្នកស្រី វណ្ណ ថាវ័ន្ត ចាប់ធ្វើជ្រក់ឆៃថាវតូចៗនេះ សម្រាប់បរិភោគក្នុងគ្រួសារតាំងពីប្រហែលកន្លះឆ្នាំមុនម្ល៉េះ ដោយសារតែម្តាយជាអ្នកដាំឆៃថាវនេះស្រាប់។ ប៉ុន្តែដោយមើលឃើញការនិយមនៃការជ្រក់ឆៃថាវនេះ ស្ត្រីវ័យ៣៥ឆ្នាំរូបនេះ ក៏បង្កើនការធ្វើជ្រក់ឆៃថាវតូចៗ សម្រាប់លក់បន្ថែមទៀត។ «ជ្រក់កូនឆៃថាវដែលខ្ញុំលក់មានតម្លៃ១៦០០០រៀល ក្នុង ១គីឡូ ហើយវាមានទីផ្សារល្អនាពេលបច្ចុប្បន្ន។ ងាយស្រួល!»។ នេះជាការរៀបរាប់របស់អ្នកស្រី ថាវ័ន្ត។ 


ប្រភព៖ អ្នកស្រី វណ្ណ ថាវ័ន្ត
 
ទោះយ៉ាងណា អ្នកស្រី វណ្ណ ថាវ័ន្ត ក៏មិនដកមើមឆៃថាវតូចៗធ្វើជ្រក់លក់ទាំងអស់ដែរ ពោលគឺទុកឱ្យអ្នកម្តាយ បន្តថែទាំឆៃថាវទាំងនោះ រហូតដល់វាគ្រប់អាយុប្រមូលផលហើយលក់មើមឆៃថាវស្រស់ទៅឱ្យឈ្មួញតែម្តង។


ប្រភព៖ អ្នកស្រី វណ្ណ ថាវ័ន្ត

ដោយឡែក កញ្ញា រិទ្ធា សុបញ្ញា ដែលរស់នៅខេត្តសៀមរាបវិញ គឺជាឈ្មួញទទួលទិញមើមឆៃថាវតូចៗពីកសិករ ហើយចែកចាយនៅលើទីផ្សារ។ កញ្ញា សុបញ្ញា ប្រាប់ Thmeythmey25 កញ្ញា ទទួលទិញមើមឆៃថាវតូចៗ ដែលកសិករដកចោលដើម្បីឱ្យមើមផ្សេងទៀតដុះធំធាត់ល្អនោះ ក្នុងតម្លៃពី ១ពាន់រៀល ទៅ ១ ៣០០រៀល។ សុបញ្ញា អាចចែកចាយមើមឆៃថាវទាំងនោះលើទីផ្សារ ក្នុងតម្លៃ១ ៧០០រៀល។ 
 
សម្រាប់យុវតីវ័យ ២៧ឆ្នាំរូបនេះ ការណ៍ដែលកញ្ញាទទួលទិញឆៃថាវពីកសិករដូច្នេះ គឺដើម្បីផ្តល់ចំណូលបន្ថែមដល់កសិករ។ កញ្ញា រិទ្ធា សុបញ្ញា ពន្យល់បន្ថែមថា៖«ខ្ញុំទិញកូនឆៃថាវបន្តពីពួកគាត់ ព្រោះអត់មានប្រើជីគីមី។ មួយវិញទៀត ចង់ជួយដល់កសិករ ដោយសាររាល់ដង គាត់ដកកូនឆៃថាវតូចនេះចោល ដូច្នេះ នៅពេលខ្ញុំចុះទៅទិញ វាអាចជួយគាត់បានមួយផ្នែកដែរ»។


កញ្ញា រិទ្ធិា សុបញ្ញា
 
ឆៃថាវ អាចជាដំណាំប្រភេទមើម ដែលយកធ្វើជាបន្លែស្ល ធ្វើជ្រក់ និងឆៃប៉ូវផងដែរ។ ក្រៅពីមើម ស្លឹកឆៃថាវ ក៏អាចយកធ្វើជាជ្រក់បានដែរ។ ជាទូទៅកសិករដកឆៃថាវតូចៗនេះចេញនៅក្រោយការដាំដុះ ៤ ទៅ៥សប្តាហ៍ ដើម្បីឲ្យឆៃថាវមួយទៀត ដុះលូតលាស់ល្អ។ ការយកមើមឆៃថាវតូចៗទាំងនេះ មកធ្វើជាជ្រក់មិនត្រឹមតែបានបន្ថែមចំណូលដល់កសិករនោះទេ ប៉ុន្តែក៏បានចូលរួមចំណែកលើកកម្ពស់ការកែច្នៃបន្លែក្នុងស្រុកផងដែរ៕


ប្រភព៖ កញ្ញា រិទ្ធិា សុបញ្ញា


Tag:
 Thmeythmey25
  កូនឆៃថាវ
© រក្សាសិទ្ធិដោយ thmeythmey.com