COVID-19
ជាតិ
ក្រសួងអប់រំ ផ្អាកបេសកកម្មតាមខេត្តរបស់បុគ្គលិកខ្លួន ក្រោយកូវីដ-១៩រាលដាលកាន់តែខ្លាំង
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ មីនា នេះបានចេញសេចក្តីណែនាំមន្រ្តីរបស់ខ្លួនជុំវិញការធ្វើដំណើរពីកន្លែងមួយ ទៅកន្លែងមួយ។ ការណែនាំរបស់ក្រសួងអប់រំ ធ្វើឡើងក្រោយការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍កាន់តែខ្លាំងក្លា។
នៅក្នុងសេចក្តីណែនាំចុះថ្ងៃទី១៣មីនា លោក ហង់ជួន ណារ៉ុន បានសម្រេចផ្អាករាល់បេសកកម្មផ្លូវការរបស់បុគ្គលិកក្រសួងអប់រំ គ្រប់លំដាប់ថ្នាក់ និងណែនាឱ្យមន្ត្រីខ្លួនចៀសវាងចល័តពីកន្លែងមួយទៅកន្លែងមួយ ឬធ្វើដំណើរឆ្លងខេត្ត។
ក្រសួងអប់រំក៏ណែនាំមន្ត្រីគ្រប់លំដាប់ថ្នាក់ ចៀសវាងការជួបជុំគ្នាច្រើន ដូចជាពិធីមង្គលការ ឡើងផ្ទះ និងពិធីបុណ្យផ្សេងៗ ព្រមទាំងចៀសវាងទៅកន្លែង ដែលមានហានិភ័យឆ្លងជំងឺកូវីដ-១៩ពិសេសកន្លែងដែលមានមនុស្សច្រើន និងកន្លែងដែលបិទជិត គ្មានខ្យល់ចេញ-ចូល។ ក្រៅពីណែនាំពីការធ្វើដំណើរហើយ ក្រសួងអប់រំ ក៏បានណែនាំបុគ្គលិក ឱ្យបន្តប្រុងប្រយ័ត្ន និងពង្រឹងការអនុវត្តវិធានការ «៣ការពារ និង ៣កុំ» ឲ្យបានម៉ឺងម៉ាត់ផងដែរ។
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ១២៦៤នាក់។ ករណីសហគមន៍២០កុម្ភៈ មានដល់ទៅ៧៥១នាក់ ដែលស្ថិតក្នុងរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង។ អ្នកជំងឺចំនួន ៦៣៩នាក់ទៀតកំពុងបន្តសម្រាកព្យាបាល រីឯម្នាក់ បានស្លាប់កាលពីថ្ងៃទី១១ខែមីនា៕
© រក្សាសិទ្ធិដោយ thmeythmey.com