ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទោះគ្មានទេសចរច្រើនដូចមុន អ្នកភូមិរហាលមិនបោះបង់របរធ្វើស្គរឡើយ
14, Mar 2021 , 8:29 am        
រូបភាព
សៀមរាប៖ ទោះជាវិបត្តិកូវីដ-១៩ បានធ្វើឱ្យខេត្តសៀមរាបលែងទទួលបានទេសចរច្រើនដូចមុនក៏ដោយ ប៉ុន្តែអ្នកភូមិរហាល នៅតែបន្តផលិតឧបករណ៍ ស្គរ ដែលជាសិប្បកម្មប្រាចាំគ្រួសារ ប្រចាំភូមិច្រើនឆ្នាំមកហើយនោះ។

 
 
សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាង សារព័ត៌មានថ្មីៗ និងអ្នកភូមិរហាល ដែលនៅបន្តធ្វើស្គរលក់ ដូចតទៅ៖ 
 
 
អស់រយៈពេលជាងមួយឆ្នាំមកហើយ ដែលគេមិនសូវឮសំឡេងម៉ាស៊ីនក្រឡឹងឈើ ចេញពីផ្ទះរបស់អ្នកភូមិរហាល ជាកន្លែងផលិតស្គរដ៏ធំមួយកន្លែង នៅតំបន់ប្រាសាទ។ ពលរដ្ឋភាគច្រើន មានសិប្បកម្មផលិតស្គរ ដើម្បីចែកចាយ និងលក់តាមប្រាសាទ។ កន្លងមករបរនេះ មានភាពកាក់កបច្រើន និងមានទេសចរបរទេសជាច្រើននិយមទិញពេលមកកម្សាន្តតាមប្រាសាទ។
 
វិបត្តិជំងឺកូវីដ១៩ បានធ្វើឱ្យរបរជាច្រើននៅតាមប្រាសាទស្ទើរតែបាត់បង់។ តួយ៉ាង ការផលិតស្គររបស់អ្នកភូមិរហាលជាដើម។ ទោះបីគ្មានទេសចរច្រើនដូចពេលមុន ក៏អ្នកភូមិមួយចំនួនមិនព្រមបោះបង់របរប្រចាំគ្រួសារ ដែលធ្លាប់ជួយជីវភាពរបស់ពួកគេច្រើនឆ្នាំមកហើយនោះ ចោលទេ។ 
 
អ្នកផលិតស្គរម្នាក់នៅភូមិរហាល អ្នកស្រី ទឹម ខេម ដែលប្រកបរបរនេះជាង២០ឆ្នាំមកហើយ បាននិយាយថាបច្ចុប្បន្នទោះបីគ្មានទេសចរបរទេសដូចពេលមុន តែគ្រួសារអ្នកស្រីមិនបោះបង់របរនេះចោលទេ។ រាល់ថ្ងៃ ទោះបីបាត់បង់អ្នកបញ្ជាទិញស្គរច្រើន តែនៅមានអ្នកភូមិ២នាក់ដែលតែងជួយទិញយកទៅលក់បន្តនៅតាមប្រាសាទ។ អ្នកស្រីបន្ថែមថា ក្នុងមួយថ្ងៃប្ដីអ្នកស្រីធ្វើស្គរបានប្រមាណ១៥ បោះទៅអ្នកលក់បន្តតាមប្រាសាទដូចជាប្រាសាទតាព្រហ្ម និងអង្គរវត្ត។
 
អ្នកស្រី ទឹម ខេម រំឮកថា៖« មុនកូវីដលក់ដាច់ ក្នុងមួយថ្ងៃបើក្រឡឹងបាន១៥ (ស្គរ) អត់ទាំង១៥ ក្រឡឹងបាន២០ អស់ទាំង២០...ឥឡូវពិបាក ស្គរមួយលក់បានតម្លៃ៥ដុល្លារដដែល តែត្រូវធ្វើទំហំធំជាងមុនទើបមានគេទិញ»។ កំពុងអង្គុយមើលប្ដីក្រឡឹងស្គរនៅក្រោមផ្ទះ ស្រ្ដីវ័យ៣៩ឆ្នាំរូបនេះបន្តថា ស្ថានភាពបច្ចុប្បន្នបានប៉ះពាល់ដល់ជីវភាពគ្រួសារជាខ្លាំង។ មានពេលខ្លះរកប្រាក់ទិញម្ហូប និងឱ្យកូនទៅរៀនមិនបានផង។
 
កំពុងអង្គុយយោលអង្រឹងកូនតូចក្រោមផ្ទះ លោក ហែម តាក់ ដែលធ្លាក់មមាញឹកក្នុងរបរធ្វើស្គរនេះ ក៏រអ៊ូខ្លាំងពីបញ្ហាជីវភាពសព្វថ្ងៃនេះដែរ។ លោករៀបរាប់ថា សព្វថ្ងៃលោកត្រូវចេញបង់ត្រីដើម្បីរកម្ហូប ព្រោះរបរដែលធ្លាប់ចិញ្ចឹមគ្រួសារ មិនដំណើរការដូចពេលមុន។ លោករំឮកថា មុនផ្ទុះជំងឺកូវីដ១៩ លោកមានអតិថិជនច្រើនបានបញ្ជាទិញស្គរពី៣០ទៅ៤០ស្គរឯណោះ នារយៈពេល៣ថ្ងៃម្ដង។
 
លោក ហែម តាក់ មិនបានចេញទៅធ្វើការសំណង់ ដូចអ្នកភូមិឯទៀត ដែលមានរបរធ្វើស្គរនោះទេ គឺនៅបន្តធ្វើតិចតួច ទុកសម្រាប់ពេលបុណ្យទានម្ដងៗ ដែលតែងមានអ្នកមកទិញ យកទៅលក់បន្តតាមប្រាសាទ។ បុរសកូន២រូបនេះ និយាយដោយទឹកមុខស្រងូតស្រងាត់ថា ក្រៅពីគ្មានចំណូល គ្រួសារលោក ក៏នៅជាប់បំណុលធនាគារ ដោយត្រូវបង់ប្រចាំខែប្រមាណ៧០០ដុល្លារ ដោយសារខ្ចីធ្វើដើមទុនរកស៊ីកន្លងមក៕



Tag:
 ស្គរ
  ភូមិរហាល
© រក្សាសិទ្ធិដោយ thmeythmey.com