COVID-19
ជាតិ
ពលរដ្ឋជាង២៧ម៉ឺននាក់ហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩
14, Mar 2021 , 11:00 am        
រូបភាព
ដោយ:
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៣ មីនា មានពលរដ្ឋ និងកងម្លាំងយោធាចំនួន ២៧០ ៤៦៦នាក់ហើយ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ នេះបើតាមរបាយការណ៍ពីរផ្សេងគ្នា របស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ ចេញផ្សាយនៅថ្ងៃទី១៣ មីនា។

 
តាមតួលេខរបស់ក្រសួងសុខាភិបាល ក្នុងចំណោមក្រុមអាទិភាព ដែលបានចាក់វ៉ាក់សាំងទាំង២ ប្រភេទគឺ Sinopharm និងAstra Zeneca មានចំនួន ១៦១ ៨១៨នាក់ ក្នុងចំណោមដែលមកចាក់វ៉ាក់សាំងស្ម័គ្រចិត្តសរុប ១៧៩ ៩៧១នាក់។ ចំណែកកងកម្លាំងយោធា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ មានចំនួន ១០៨ ៦៤៨នាក់ ក្នុងនោះអ្នកចាក់លើកទី២ មានចំនួន ៤៧ ៧៥១នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងការពារជាតិ។
 
រយៈពេល២៣ថ្ងៃហើយសម្រាប់កម្ពុជាក្នុងយុទ្ធនាការចាក់វ៉ាក់ការពារជំងឺកូវីដ-១៩ ស្របពេលចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍កើនឡើងជាលំដាប់។ គ្រាន់តែព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានដល់ទៅ៧៩២នាក់ ដែលស្ថិតក្នុងរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង។ ព្រឹត្តិការណ៍២០កុម្ភៈ បានធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ-១៩នៅកម្ពុជា ហក់ឡើងដល់ ១ ៣០៥នាក់ គិតត្រឹមតួលេខថ្ងៃទី១៣មីនា។ បច្ចុប្បន្ន នៅមានអ្នកចំនួន ៦៥៦ នាក់ទៀត កំពុងបន្តសម្រាកព្យាបាល និងបុរសខ្មែរម្នាក់ បានស្លាប់ កាលពីថ្ងៃទី១១ខែមីនាកន្លងទៅ៕
 

Tag:
 វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com