ជាតិ
«គុយទាវសាច់មាន់» អាហារពេលព្រឹកប្រចាំតំបន់រ៉ាមសារស្ទឹងត្រែង
14, Mar 2021 , 1:39 pm        
រូបភាព
ស្ទឹងត្រែង៖ «គុយទាវសាច់មាន់» ជាម្ហូបប្រចាំតំបន់មួយមុខក្នុងចំណោមម្ហូបជាច្រើន របស់ពលរដ្ឋរស់នៅតំបន់រ៉ាមសារស្ទឹងត្រែង។ ម្ហូបតំបន់មួយនេះ បានក្លាយជាភាពទាក់ទាញដល់អ្នកទេសចរក៏និយម បរិភោគ អាហារតំបន់មួយមុខនេះដែរ។


សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មាន ThmeyThmey25 និងអ្នកស្រី ផាយ នី អ្នកផ្ដល់សេវាម្ហូបអាហារ នៅតំបន់រ៉ាមសារស្ទឹងត្រែងដូចតទៅ៖
 
តំបន់«រ៉ាមសារ»ស្ទឹងត្រែង ជាតំបន់ដីសើម ស្ថិតនៅតាមដងទន្លេមេគង្គនៃព្រំដែនខ្មែរ-ឡាវ ក្នុងខេត្តស្ទឹងត្រែង។ តំបន់ដីសើមមួយនេះ សម្បូរធនធានធម្មជាតិ ជីវចម្រុះ ព្រៃលិចទឹក សត្វស្លាប និងមច្ឆជាតិជាច្រើនប្រភេទ។ ក្រៅពីសក្ដានុពលអេកូទេសចរណ៍ ម្ហូបអាហារ ក៏ជាផ្នែកមួយនៃសេវាកម្មទេសចរណ៍នៅតំបន់នេះដែរ។
 
អ្នកស្រី ផាយ នី ជាអ្នកធ្វើម្ហូបសហគមន៍ម្នាក់ ក្នុងចំណោមអ្នកផ្តល់សេវាម្ហូបអាហារជាច្រើននៅតំបន់រ៉ាមសារស្ទឹងត្រែង។ តាមអ្នកស្រី ផាយ នី «គុយទាវស៊ុបសាច់មាន់» ជាអាហារពេលព្រឹក ដែលអ្នកទេសចរដែលមកកម្សាន្តនៅទីនវ និយមបរិភោគ។ ជាម្ហូបមួយមុខដែលច្នៃដោយពលរដ្ឋក្នុងសហគមន៍ផ្ទាល់ ដែលមានដូចជាគុយទាវ សាច់មាន់ ស៊ុបមាន់រម្ងាស់ជាមួយសាច់មាន់ មេស៊ុប ការ៉ុត ឆៃប៉ូវ ប៉ិកួៈ និងសណ្ដែកបណ្ដុះ។ នេះបើតាមការរៀបរាប់របស់អ្នកស្រី ផាយ នី រួចបន្ថែមថា៖«ម្ហូបប្រចាំតំបន់(រ៉ាមសារ) ជួនកាលមានគុយទាវ ជួនកាលមានបបរមាន់ តាមដែលភ្ញៀវគាត់បញ្ជាទិញ។ ម្ហូបនេះ អត់មានដាក់លក់ទេ ដល់ភ្ញៀវមកទើបធ្វើ ដូចនៅទីនេះ»។
ក្រៅពីបម្រើសេវាម្ហូបអាហារនៅសហគមន៍អេកូទេសចរណ៍នេះ អ្នកស្រី ផាយ នី ក៏ធ្វើស្រែចម្ការ និងចិញ្ចឹមសត្វផងដែរ៕
 

Tag:
 អាហារ
© រក្សាសិទ្ធិដោយ thmeythmey.com