COVID-19
ជាតិ
បុរសខ្មែរម្នាក់ទៀតដែលវិជ្ជមានកូវីដ-១៩ ស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូង
14, Mar 2021 , 2:14 pm        
រូបភាព
 បុរសខ្មែរម្នាក់ទៀតដែលវិជ្ជមានកូវីដ-១៩ ស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូង នៅថ្ងៃទី១៤ មីនានេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបញ្ជាក់ថា បុរសរូបនេះ អាយុ៦៩ឆ្នាំ រស់នៅភូមិជ័យឧត្តម ឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែ។



តាមក្រសួងសុខាភិបាល បុរសរូបនេះ បានទទួលមរណភាព នៅម៉ោង ៩ និង៤០នាទី ព្រឹកថ្ងៃទី១៤ មីនានេះ បន្ទាប់ពីបានចូលរួម​នៅមន្ទីរពេទ្យខេត្តព្រៃវែង នៅថ្ងៃទី១៣ មីនាម្សិលមិញ។ ​ក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា ពេលចូលមកដល់មន្ទីរពេទ្យខេត្ត សភាពអ្នកជំងឺនៅពេលនោះ មិនមានក្អក មិនមានហត់ ឬក្តៅខ្លួននោះទេ ប៉ុន្តែ​សម្ពាធឈាមរបស់គាត់ ​ឡើងខ្ពស់ខុសធម្មតា​។

អ្នកជំងឺបានប្រាប់ក្រុមគ្រូពេទ្យថា គាត់​ធ្លាប់ទៅពិនិត្យ និងព្យាបាលជំងឺប្រចាំកាយរបស់ខ្លួន នៅគ្លីនិកឯកជន។ ​សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ដូច្នេះ ហើយបានបន្តទៀតថា ​ នៅម៉ោង៦ព្រឹកថ្ងៃទី១៤មីនា  អ្នកជំងឺរូបនេះបានចេញធ្វើលំហាត់ប្រាណអស់ពេលជាយូរ ហើយក៏ចូលសម្រាន្តក្នុងបន្ទប់ខ្លួនវិញ រហូតដល់​អ្នក​ជំងឺម្នាក់សម្រាកជិតនោះដាស់ឱ្យបរិភោគអាហារពេលព្រឹក ទើបដឹងថាអ្នកជំងឺបានស្លាប់ទៅហើយ។ ហេតុផលនេះហើយ ទើបក្រុមគ្រូពេទ្យ សន្និដ្ឋាន អ្នកជំងឺរូបនេះ ស្លាប់ដោយសារស្ទះសរសៃឈាមបេះដូង មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩ នោះទេ។
 
​គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប​១៣០៥​នាក់​។ ករណី​សហគមន៍​២០​កុម្ភៈ មាន​ដល់​ទៅ​៧៩២ នាក់ ដែល​ស្ថិតក្នុង​រាជធានី​ភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និង​បាត់ដំបង​។ អ្នកជំងឺ​ចំនួន ៦៤៧​នាក់ បាន​សះស្បើយ ខណៈ​អ្នក​ចំនួន ៦៥៦ នាក់​ទៀត កំពុង​បន្ត​សម្រាក​ព្យាបាល​។ កាលពី​ថ្ងៃទី​១១​ខែមីនា​កន្លងទៅ មាន​បុរស​ម្នា​ក់បាន​បាត់បង់​ជីវិត​៕






© រក្សាសិទ្ធិដោយ thmeythmey.com