COVID-19
ជាតិ
សហគមន៍ចំនួន២ ក្នុងខេត្តកោះកុង ផ្អាកទទួលភ្ញៀវទេសចរ
14, Mar 2021 , 5:19 pm        
រូបភាព
សហគមន៍អេកូទេសចរណ៍ ពាមក្រសោប ខេត្តកោះកុង
សហគមន៍អេកូទេសចរណ៍ ពាមក្រសោប ខេត្តកោះកុង
ដោយ:
សហគមន៍ចំនួន២ និងកន្លែងស្នាក់នៅក្នុងក្រុងខេមរភូមិន្ទ ៣កន្លែង ក្នុងខេត្តកោះកុង បានផ្អាកទទួលភ្ញៀវទេសចរជាបណ្ដោះអាសន្ន គិតមកដល់ថ្ងៃទី១៤ មីនា ឆ្នាំ២០២១នេះ។ បើតាមលោក សាគុណ ភក្ដី ប្រធានការិយាល័យព័ត៌មានទេសចរណ៍ខេត្តកោះកុង ការផ្អាកជាបណ្ដោះអាសន្ននេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។


 
សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប និង សហគមន៍ទេសចរណ៍តាតៃក្រោម ព្រមទាំងកន្លែងស្នាក់នៅ៣ កន្លែង បានផ្អាកទទួលភ្ញៀវទេសចរ ជាបណ្ដោះអាសន្ន ក្រោយមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ 
 
បើតាមលោក សាគុណ ភក្ដី ការបិទដំណើរការបណ្ដោះអាសន្ននេះ មិនមែនមានន័យថា ទីតាំងខាងលើមានករណីឆ្លងកូវីដ-១៩ នោះទេ ប៉ុន្តែការផ្អាកនេះ គឺដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍។ « ការផ្អាកទីតាំងនេះគ្រាន់តែដើម្បីការពារ ហើយចំណែកនៅកោះស្ដេចវិញគឺនៅដំណើរការធម្មតា » ។ នេះជាការបញ្ជាក់របស់លោក សាគុណ ភក្ដី ដោយបន្ថែមថា តំបន់អារ៉ែង និងសហគមន៍អេកូទេសចរណ៍ជីផាត ក៏មិនមានទេសចរទៅកម្សាន្តដែរ។
 
សូមជម្រាបផងដែរថា ក្រៅពីការផ្អាកសហគមន៍ទេសចរណ៍ទាំង២ខាងលើ ក្រសួងអប់រំ ក៏បានសម្រេចឱ្យផ្អាក គ្រឹះស្ថានអប់រំទាំងអស់ក្នុង ខេត្តកោះកុង ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ផងដែរ។
 
គួរបញ្ជាក់ផងដែរ គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប១៣០៥នាក់។ ករណីសហគមន៍២០កុម្ភៈ មានដល់ទៅ៧៩២ នាក់ ដែលស្ថិតក្នុងរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង។ អ្នកជំងឺចំនួន ៦៤៧នាក់ បានសះស្បើយ ខណៈអ្នកចំនួន ៦៥៦ នាក់ទៀត កំពុងបន្តសម្រាកព្យាបាល។ កាលពីថ្ងៃទី១១ខែមីនាកន្លងទៅ មានបុរសម្នាក់បានបាត់បង់ជីវិត៕
 

សហគមន៍តាតៃក្រោម  រូបភាពដោយលោក សាគុណ ភក្ដី ប្រធានការិយាល័យព័ត៌មានទេសចរណ៍ខេត្តកោះកុង


ពាមក្រសោប


Tag:
 កូវីដ-១៩
  ពាមក្រសោប
  តាតៃក្រោម
© រក្សាសិទ្ធិដោយ thmeythmey.com