COVID-19
ជាតិ
រដ្ឋយក មន្ទីរពេទ្យស្រ្តី នគរទេព សម្រាប់ព្យាបាលអ្នកឆ្លងកូវីដ-១៩ ឯសណ្ឋាគារឡាក់គី ស្តារ ជាមណ្ឌលចត្តាឡីស័ក
14, Mar 2021 , 7:29 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចយកមន្ទីរពេទ្យស្រ្តី នគរទេព និងសណ្ឋាគារ ឡាក់គី ស្តារ សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩។ កន្លងមក រដ្ឋាភិបាលក៏បានយកសណ្ឋាគារ (Great DUKE)  ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ដែរ ក្រោយព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈរាលដាលកាន់តែខ្លាំង។

 
មន្ទីរពេទ្យស្រ្តី នគរទេព ក្លាយជាទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយសណ្ឋាគារ ឡាក់គី ស្តារ  នឹងក្លាយជាមណ្ឌលចត្តាឡីស័ក។ ទីតាំងព្យាបាល និងមណ្ឌលចត្តាឡីស័ក ថ្មីនេះ ត្រូវបានរៀបចំឡើង តាមបញ្ហារបស់ប្រមុខរដ្ឋាភិបាលកាលពីពេលកន្លងទៅ។ 
 
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ នៅថ្ងៃទី១៤ មីនានេះថា៖«ការត្រៀមទីតាំងខាងលើនេះ ដោយមានការបញ្ជារបស់រាជរដ្ឋាភិបាល បន្ទាប់ពីចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ កើនឡើងជារៀងរាល់ថ្ងៃ។ យើងសម្រេចយកមន្ទីរពេទ្យស្រ្តី នគរទេព សម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងសណ្ឋាគារឡាក់គី ស្តារ ត្រៀមសម្រាប់អ្នកត្រូវធ្វើចត្តាឡីស័ក»។
 
ក្រៅពីមន្ទីរពេទ្យរដ្ឋមួយចំនួន រដ្ឋាភិបាលក៏បានយកសណ្ឋាគារ (Great DUKE) អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ដែរ។ ហើយរដ្ឋាភិបាល ក៏ធ្លាប់កំណត់យក សណ្ឋាគារឯកជនមួយចំនួន ធ្វើជាមណ្ឌលចត្តាឡីស័កសម្រាប់ពលរដ្ឋដែរ។ 
 
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប១ ៣០៥នាក់។ ករណីសហគមន៍២០កុម្ភៈ មានដល់ទៅ៧៩២ នាក់ ដែលស្ថិតក្នុងរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង។ អ្នកជំងឺចំនួន ៦៤៧នាក់ បានសះស្បើយ ខណៈអ្នកចំនួន ៦៥៦ នាក់ទៀត កំពុងបន្តសម្រាកព្យាបាល៕
 

© រក្សាសិទ្ធិដោយ thmeythmey.com