ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ខ្នងផ្សា នៅតែទទួលបានទេសចរជាហូរហែ ទោះខែប្រាំងក្តៅបន្តិចក៏ដោយ
14, Mar 2021 , 7:59 pm        
រូបភាព
ដោយ:
កំពង់ស្ពឺ៖  វាលស្មៅពណ៌មាសឆ្អិនឆ្អៅ បានចូលមកជំនួសទិដ្ឋភាពវាលស្មៅបៃតង នៅតំបន់ខ្នសផ្សា នាខែប្រាំងនេះ។ ទោះមានធាតុអាកាសក្តៅបន្តិចមែន តែភ្ញៀវទេសចរនៅតែបន្តមកទស្សនានៅតំបន់ខ្នងផ្សានេះជាហូរហែ ព្រោះដំណើរឡើងភ្នំនៅងាយជាងខែវស្សា ដែលជាញឹកញាប់មានភ្លៀងធ្លាក់នោះ។ វាលស្មៅដ៏ស្រស់ស្អាត ព្រះអាទិត្យលិច និងរះ គួរជាទីគយគន់ ខ្យល់ត្រជាក់ល្ហឹមគ្រប់រដូវកាលនៅតំបន់ខ្នងផ្សា គឺជាទស្សនីយភាពដែលអ្នកទេសចរទស្សនាមិនជិនណាយ មកម្តងហើយម្តងទៀត។


 
សូមអញ្ជើញទស្សនាកិច្ចសម្ភាស រវាងលោក ប៉ាន់ បូនី អ្នកសារព័ត៌មានថ្មីៗ២៥ និងអ្នកទេសចរ ដែលទៅកម្សាន្តនៅតំបន់ខ្នងផ្សានាខែប្រាំងនេះ ដូចតទៅ៖ 
 
 
លោក សោមសឿង ភិរុណ ដែលធ្លាប់ឡើងភ្នំខ្នងផ្សា៣ដងមកហើយនោះ នៅតែមិនជិនណាយនឹងទេសភាពធម្មជាតិដ៏ត្រកាល ជ្រលងភ្នំខ្ពស់ៗ និងវាលស្មៅដ៏ស្រស់ស្អាត នៅខ្នងផ្សានោះឡើយ។ លោកបន្តថា តំបន់ខ្នងផ្សា គឺស្រស់ស្អាតគ្រប់ពេល មិនថាខែវស្សា ឬប្រាំងនោះទេ ហេតុនេះហើយទើបលោកជំពាក់ចិត្តនឹងតំបន់ទេសចរធម្មជាតិមួយនេះ។ 
 
អ្នកទេសចរម្នាក់ទៀត គឺកញ្ញា ផេង សុភក្តិនារី ដែលទើបបានទៅដល់តំបន់ខ្នងផ្សាលើកទី១ បានរៀបរាប់ថា វាលស្មៅពណ៌មាស គឺពិតជាស្រស់ស្អាតបំផុត ឯខែរះ ថ្ងៃលិច ក៏ស្រស់ស្អាតដែរ។ សម្រាប់ទេសចររូបនេះ ការឡើងភ្នំខ្នងផ្សានៅខែប្រាំង ក៏ងាយស្រួលដែរ។
 
លោក សួស រតនា គឺជាអ្នកដែលធ្វើដំណើរទេសចរណ៍ឡើងភ្នំលើកទី១។ ចំណោតខ្ពស់ៗ គួបផ្សំនឹងពិសោធន៍ថ្មីថ្មោងដើរភ្នំលើកដំបូងរបស់ខ្លួន បានធ្វើឲ្យបុរសរូបនេះឡើងដល់កំពូលភ្នំខ្នងផ្សាទាំងត្រដាបត្រដួស។ ទោះយ៉ាងណា រតនា មិនខកបំណងសោះឡើយ ចំពោះដំណើរឡើងភ្នំដ៏លំបាកនេះ។ មិនត្រឹមតែបានឃើញទិដ្ឋភាព ដ៏ស្រស់ស្អាតអស្ចារ្យ នៅតំបន់ខ្នងផ្សានោះទេ លោក សួល រតនា ថែមទាំងអះអាងថា វាចាដំណើរកម្សាន្តដែលសប្បាយជាងពេលណាៗទាំងអស់របស់ខ្លួន។
 
ចំណែកកញ្ញា លន គឹមឡេង ក៏ជាអ្នកទេសចរឡើងភ្នំពេញខ្នងផ្សាលើកដំបូងដែរ។ យុវតីរូបនេះ ក៏លើកឡើងស្រដៀងគ្នា នឹងទេសចរដទៃដែរ ជុំវិញសម្រស់ធម្មជាតិនៃតំបន់ខ្នងផ្សា នោះគឺ ទេសភាពវាលស្មៅ និងទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិច នៅខ្នងផ្សានេះ។
 
«ខ្នងផ្សា» មានព្រំប្រទល់ជាប់ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ដើម្បីទៅដល់ខ្នងផ្សា ភ្ញៀវទេសចរ ត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ រួចឆ្លងស្ពានខេត្តកំពង់ស្ពឺជាង១គីឡូ បត់ស្តាំប្រមាណ១គីឡូ នឹងឃើញផ្លូវបត់ឆ្វេង មានស្លាកសញ្ញាប្រាប់ផ្លូវទៅឱរ៉ាល់។ លោកអ្នក ត្រូវធ្វើដំណើរបត់ចូលតាមច្រកឱរ៉ាល់ ប្រហែល៥០គីឡូម៉ែត្រ នឹងដល់រង្វង់មូលឱរ៉ាល់ រួចបន្តដំណើរទៅមុខតាមផ្លូវលំប្រមាណ ៣៥គីឡូម៉ែត្រ ដោយជិះកាត់ទេទឹកពុះ នឹងទៅដល់ភូមិរលាក់កងជើង ដែលជាភូមិនៃភ្នំខ្នងផ្សា៕
 
 

Tag:
 ខ្នងផ្សា
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com