ជាតិ
សង្គមជាតិ
លោក ប៉ា ចន្ទរឿន៖ ក្រសួងវប្បធម៌ គួរឱ្យជនបន្ទាបវប្បធម៌ជាតិទៅបម្រើសង្គម បន្ថែមលើការធ្វើកិច្ចសន្យា
14, Mar 2021 , 9:29 pm        
រូបភាព
លោក ប៉ា ចន្ទរឿន អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម (រូប​ពី Chanroeun Pa)
លោក ប៉ា ចន្ទរឿន អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម (រូប​ពី Chanroeun Pa)
ភ្នំពេញ៖ អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម លោក ប៉ា ចន្ទរឿន ថាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គួរតែឱ្យបុគ្គល ឬក្រុមដែលបានធ្វើឱ្យប៉ះពាល់ដល់តម្លៃ សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សាសនា និងសេចក្ដីថ្លៃថ្នូរបស់ជាតិ ទៅធ្វើការងារបម្រើសង្គម ក្នុងរយៈពេលកំណត់ណាមួយ។ ការដាក់ពិន័យនេះ ត្រូវតែមានក្រុមប្រឹក្សាវាយតម្លៃ នឹងចាំឃ្លាំមើល ដើម្បីប្រាដកថាពួកគេ ពិតជាបានកែប្រែឥរិយាបថមែន។ លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គាំទ្រចំពោះការលើកឡើងនេះ ហើយលោកថា នឹងនាំយកយោបល់នេះ ទៅពិភាក្សាក្នុងអង្គប្រជុំ។


 
បើទោះបីជាទើបតែប្រព្រឹត្តខុសលើកដំបូងក៏ដោយចុះ ក៏បុគ្គល ឬក្រុម ដែលបានធ្វើឱ្យប៉ះពាល់ដល់តម្លៃសិល្បៈ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី សាសនា និងសេចក្ដីថ្លៃថ្នូររបស់ជាតិ ត្រូវតែទទួលការពិន័យ តាមទំហំកំហុសរបស់ខ្លួនដែរ។ មានន័យថា ក្រសួងវប្បធម៌ គួរតែកំណត់ឱ្យច្បាស់ ពីកំហុសលើកទី១ ក្នុងកម្រិតណា គួរអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ចប់រឿង ហើយកំហុសលើកទី១ក្នុងកម្រិតណា គួរមានការដាក់ពិន័យ។ ទាំងនេះជាការផ្តល់យោបល់របស់លោក ប៉ា ចន្ទរឿន។
 
អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គមរូបនេះ បន្ថែមថា បុគ្គលឬក្រុមដែលបានប្រព្រឹត្តខុសក្នុងផ្នែកវប្បធម៌ ក្រសួងត្រូវតែឱ្យពួកគេ ចូលរួមសកម្មភាពមនុស្សធម៌ក្នុងសង្គម  ឬធ្វើការងារផ្ដល់សេវាកម្មណាមួយ សម្រាប់សហគមន៍ជាដើម ទៅតាមពេលវេលាកំណត់ណាមួយ។
 
ទោះជាយ៉ាងណា ដើម្បីឱ្យការដាក់ពិន័យនេះ មានប្រសិទ្ធភាព ក្រសួងត្រូវតែបង្កើតគណៈកម្មការវាយតម្លៃមួយ ចាំឃ្លាំមើលពីលទ្ធផលការងារ ដើម្បីប្រាកដថាពួកគេពិតជាបានកែប្រែប្រាកដមែន។ លោក ចន្ទរឿន ជឿថាការធ្វើបែបនេះ មិនត្រឹមតែធ្វើឱ្យបុគ្គល ឬក្រុមទាំងនោះ កែប្រែឥរិយាបថ ដេក ដើរ ឈរ អង្គុយ និងក្រមសីលធម៌ផ្ទាល់ខ្លួនឡើយ តែថែមទាំងជាគំរូសម្រាប់មនុស្សដទៃទៀតផងដែរ។
 
«កន្លងមក ក្រសួងចេះតែលើកឡើងថា នេះជាកំហុសលើកទីមួយ គេមិនអាចដាក់ទោសទណ្ឌឡើយ។ ប៉ុន្តែក្រសួងគួរតែគិតផង ថាកំហុសលើកទីមួយនោះ មានទំហំប៉ុណ្ណា មិនមែនគ្រាន់តែអប់រំណែនាំ ហើយធ្វើកិច្ចសន្យា ក៏ចប់រឿងនោះទេ ព្រោះអ្នកខ្លះធ្វើឱ្យប៉ះពាល់វប្បធម៌ សីលធម៌ខ្លាំង។ បើនៅតែសុំទោស ហើយធ្វើកិច្ចសន្យាក៏ចប់រឿង មនុស្សនៅតែមិនខ្លាចហ្នឹង។នៅស្រុកគេ បើបុគ្គល ឬក្រុមណាមួយធ្វើខុស ដែលមិនទាន់ដល់កម្រិតទោសព្រហ្មទណ្ឌធ្ងន់ធ្ងរ គេឱ្យទទួលទោសជាលាយលក្ខណ៍អក្សរ ប៉ុន្តែគេឱ្យបុគ្គលហ្នឹង ចុះទៅធ្វើកិច្ចការងារបម្រើសហគមន៍៣ខែ ឬ៦ខែ។ ក្រុមហ្នឹង ត្រូវស្ថិតក្រោមការឃ្លាំមើលរបស់ក្រុមប្រឹក្សាពិន័យ ផ្នែកសីលធម៌របស់សង្គម រហូតគេពិនិត្យផ្ទៀងផ្ទាត់ថា បុគ្គល ឬក៏ក្រុមនោះ បានកែប្រែឥរិយាបថ តាមលក្ខខណ្ឌកំណត់ហើយ ទើបគេឱ្យរួចខ្លួន»។ 


លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
 
អ្នកនាំពាក្យនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាសិរីវត្ថ បានគាំទ្រចំពោះការលើកឡើងរបស់លោក ប៉ា ចន្ទរឿន ហើយលោកថា នឹងយកគំនិតខាងលើទៅពិភាក្សាក្នុងអង្គប្រជុំ។ មិនត្រឹមតែប៉ុណ្ណោះ មន្ត្រីនៃក្រសួងវប្បធម៌រូបនេះ ក៏ស្វាគមន៍ ចំពោះមតិយោបល់ របស់សាធារណជនផ្សេងទៀតដែរ ដើម្បីចូលរួមធ្វើឱ្យកាន់តែប្រសើរឡើង ក្នុងវិស័យវប្បធម៌។ 
 
«គំនិតនេះល្អ ខ្ញុំនឹងយកទៅពិភាក្សា។ រឿងខ្លះ ក្រសួងត្រូវការការផ្ដល់យោបល់ពីមហាជនដែរ ថាគួរធ្វើយ៉ាងណាល្អ ពាក់ព័ន្ធនឹងរឿង សិល្បៈ វប្បធម៌ជាតិយើង។ បានគាត់ប្រាប់អ៊ីចឹង យើងទទួលយក ហើយមហាជនដទៃទៀត ក៏អាចផ្ដល់យោបល់កែលម្អផ្សេងៗ មកក្រសួងបានដែរ ដើម្បីជួយស្ថាបនាវប្បធម៌យើង ឱ្យកាន់តែប្រសើរឡើង»។
 
លោក ប៉ា ចន្ទរឿន បានទទួលស្គាល់ថា ជាង២០ឆ្នាំចុងក្រោយនេះ ការរីកចម្រើនផ្នែកសម្ភារ មានឡាន ម៉ូតូ និងអគារខ្ពស់ៗជាដើម មានការកើនឡើង។ ប៉ុន្តែលោកក៏បានមើលឃើញផងដែរថា ការអភិវឌ្ឍន៍ផ្នែកស្មារតី មនសិការជាតិ ស្មារតីស្នេហាជាតិ ការឱ្យតម្លៃទៅលើវប្បធម៌ និងសីលធម៌ក្នុងសង្គម របស់ប្រជាជនខ្មែរ មានការធ្លាក់ចុះកាន់តែខ្លាំង។ 
 
ការតែងនិពន្ធបទចម្រៀងខ្វះក្រមសីលធម៌ ការផលិតភាពយន្ត ឬវីដេអូខ្លី ដែលមិនបានផ្ដល់សារអប់រំ ការស្លៀកពាក់បង្ហាញភាពស៊ីចស៊ីជ្រុល រួមទាំងការជេរប្រមាថគ្នាទៅវិញទៅមក ក្នុងបណ្ដាញសង្គមជាដើម ជាអ្វីដែលលោក ប៉ា ចន្ទរឿន មើលឃើញថា ជាវិបត្តិរបស់សង្គមខ្មែរ ដែលត្រូវតែរួមគ្នាដោះស្រាយ។
 
នៅពេលបុគ្គល ឬក្រុមណាមួយ បានបង្ហាញពីភាពអវិជ្ជមានទៅក្នុងសង្គម នោះគេពុំអាចវាស់វែងថាសង្គមនោះ នឹងរងឥទ្ធិពលអាក្រក់ ក្នុងកម្រិតណាបានឡើយ។ ពុំអាចស្ទង់បាន ព្រោះលទ្ធផល វាអាចកើតឡើងក្នុងរយៈពេលឆាប់ និងរយៈពេលយូរ។
 
គេក៏ពុំអាចនិយាយបានថា ក្នុងចំណោមមនុស្សរាប់លាននាក់ មានតែមនុស្សមួយក្រុមតូច ដែលធ្វើរឿងមិនគួរគម្បី គួរតែមិនមានអ្វីត្រូវបារម្ភនោះដែរ។ សូមចាំថា ទឹកខ្មៅតែមួយតំណក់ អាចធ្វើឱ្យទឹកសមួយកែវពេញ ប្រែពណ៌បាន ប៉ុន្តែទឹកសមួយពាង មិនអាចធ្វើឱ្យទឹកខ្មៅមួយប៉ោត ប្រែទៅជាសបានឡើយ។ 
 
អគារមួយ គេត្រូវការពេលសាងសង់យ៉ាងហោចណាស់មួយខែ ប៉ុន្តែគេត្រូវការពេលមិនដល់មួយម៉ោងផង ដើម្បីវាយកម្ទេចឱ្យរាបដល់ដី។ ការសាបព្រោះគ្រាប់ពូជទៅក្នុងសង្គមដូចគ្នា កុមារនឹងក្លាយទៅជាជនរងគ្រោះ ដោយពុំដឹងខ្លួន ប្រសិនបើគេព្រោះគ្រាប់ពូជមិនល្អ៕ 
 

Tag:
 វប្បធម៌
  ក្រសួងវប្បធម៌
  ប៉ា ចន្ទរឿន
© រក្សាសិទ្ធិដោយ thmeythmey.com