ជាតិ
ខ្ទឹមស មានប្រយោជន៍ច្រើនចំពោះសុខភាព ហើយងាយស្រួលដាំ
14, Mar 2021 , 10:29 pm        
រូបភាព
ដោយ:
«ខ្ទឹមស» មានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ បញ្ចុះកម្រិតកូឡេស្តេរ៉ូល និងសម្ពាធឈាម ទប់ស្កាត់ជំងឺដាច់សរសៃឈាមខួរក្បាល ជួយសម្រកទម្ងន់ និងកម្ចាត់ជាតិពុលជាដើម។ ខ្ទឹមស ជាដំណាំមួយប្រភេទដែលងាយដាំ និងមានរយៈពេលខ្លី។ ដើម្បីដាំខ្ទឹមស ទទួលបានទិន្នផលខ្ពស់កសិករត្រូវយល់ដឹងពីបច្ចេកទេសដាំដុះ ដូចជា កត្តាដី អាកាសធាតុ ការជ្រើសរើសពូជ និងការថែទាំជាដើម។

 
ដើម្បីឲ្យមានភាពងាយស្រួលដល់កសិករ ដែលមានបំណងដាំខ្ទឹមស សារព័ត៌មានThmeyThmey25 សូមលើកយកបច្ចេកទេសដាំខ្ទឹមស ដែលបានដកស្រង់ពីសៀវភៅបច្ចេកទេសកសិកម្ម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ដើម្បីដាំដុះខ្ទឹមស ទទួលបានទិន្នផលខ្ពស់កសិករត្រូវគិតពីចំណុចដូចខាងក្រោមនេះ៖
 
កត្តាដី៖ ដំណាំខ្ទឹម អាចដុះលូតលាស់បានលើដីច្រើនប្រភេទ ប៉ុន្តែអាចមានបញ្ហាខ្លះៗ លើដីដែលមានភាគរយឥដ្ឋខ្ពស់ និងប្រភេទដីខ្សាច់គ្មានជីជាតិ។ ប្រភេទដីដែលល្អសម្រាប់ការដាំខ្ទឹមស ជាប្រភេទដីល្បប់ល្បាយខ្សាច់ និងប្រភេទដីល្បប់តាមមាត់ទន្លេ។
 
អាកាសធាតុ៖ នៅក្នុងដំណាក់កាលលូតលាស់ ដំណាំនេះត្រូវការសីតុណ្ហភាពមួយជាក់លាក់ និងសំណើមបរិយាកាសខ្ពស់ រហូតដល់ខ្ទឹមបង្កើតមើម។ ក្រោយខ្ទឹមចេញមើមពេញលក្ខណៈហើយ វាត្រូវការអាកាសធាតុក្ដៅបង្គួរ ហើយសំណើមបរិយាកាសខ្ពស់។ 
 
ការជ្រើសពូជ៖ គេមិនដាំខ្ទឹមសដោយគ្រាប់ឡើយ ហើយការជ្រើសរើសពូជខ្ទឹមសសម្រាប់ដាំ ជាពូជដែលលូតលាស់ឆាប់ អាយុកាលលូតលាស់ខ្លី មើមទុំល្អ។ មើមដែលត្រូវយកមកដាំត្រូវឆ្លងកាត់ការសម្រាករយៈពេល ៤ទៅ ៦ខែ ក្នុងលក្ខខណ្ឌធម្មតា។
 
ការរៀបចំដី៖ មុនពេលលើករងដាំខ្ទឹមស ត្រូវភ្ជួរដីហាលចោល ២ទៅ ៣ដងជាមុនសិន។ សម្រាប់លក្ខខណ្ឌនៅកម្ពុជាដែលអាចដាំខ្ទឹមស បានល្អគឺនៅខែវិច្ឆិកា ហើយប្រមូលផលនៅខែកុម្ភៈ។ ត្រូវលើកថ្នាលដើម្បីដាំ ហើយត្រូវយកមើមខ្ទឹមមកប្រឡេះឲ្យបែកចេញពីគ្នាជាកំពិសៗ បន្ទាប់មកត្រូវកាត់ក្បាលមើមខ្ទឹមបន្តិចៗ រួចយកទៅត្រាំក្នុងសូលុយស្យុង នីត្រូសែន កម្រិត១ភាគរយ រយៈពេល ៨ទៅ១០ម៉ោង។ ក្រោយមកត្រូវយកមើមខ្ទឹមនោះ ច្រកទុកក្នុងបាវ ឬការ៉ុងសើម ទុកក្នុងកន្លែងងងឹត រយៈពេល ១២ម៉ោង។ 
 
ការដាំដុះ៖ ក្នុងរយៈពេលនេះមើមខ្ទឹមចាប់ផ្ដើមដុះពន្លក ដែលអាចយកទៅដាំបាន។ តែមុនដាំត្រូវស្រោចទឹកឲ្យបានជោគ។ ត្រូវដាំខ្ទឹមក្នុងជម្រៅ ២សង់ទីម៉ែត្រ ដែលមានចន្លោះជួរ ១៥សង់ទីម៉ែត្រ និងចន្លោះគុម្ព ២០សង់ទីម៉ែត្រ។ ជាទូទៅដំណាំខ្ទឹមមួយហិកតា គេបើពូជប្រមាណ ៣៥០-៤៥០គីឡូក្រាម។
 
ការថែទាំ៖ ក្រោយដាំខ្ទឹមត្រូវស្រោចទឹកភ្លាមៗ ដើម្បីផ្ដល់សំណើមដី។ ជាទូទៅគេត្រូវស្រោចទឹកក្នុងមួយថ្ងៃពីរដង។ ដំណាំខ្ទឹម ត្រូវការទឹកចាប់ពីដុះលូតលាស់ រហូតដល់ខ្ទឹមចាប់ផ្ដើមទុំ ប្រែពណ៌ពីបៃតងទៅលឿងរហូត ៧០ភាគរយ ទើបឈប់ស្រោចទឹក។ ដំណាំខ្ទឹម ក៏មានជំងឺ សត្វល្អិត រំខានមួយចំនួនដែរ ដូចជា សត្វល្អិត និងខ្មូតក្នុងដី កណ្ដៀរ ជាដើម។
 
ការប្រមូលផល៖ គេអាចប្រមូលផលខ្ទឹមស ក្រោយដាំបានរយៈពេល ៩០ទៅ ១២០ថ្ងៃ។ មុនពេលប្រមូលផលខ្ទឹមស ត្រូវឈប់ស្រោចទឹកមុន ១០ទៅ ១៥ថ្ងៃ។ បន្ទាប់ពីដកខ្ទឹមរួចត្រូវហាលឲ្យបាន ២ ទៅ៣ថ្ងៃ ហើយត្រូវយកខ្ទឹមស ទៅព្យួរទុកឲ្យបានត្រឹមត្រូវ៕

Tag:
 បច្ចេកទេសដាំខ្ទឹមស
© រក្សាសិទ្ធិដោយ thmeythmey.com