ជាតិ
ឈើហូបផ្លែជាង៥០ប្រភេទ ក្នុងចំណោមដើមឈើចម្រុះជាង២០០ប្រភេទ ត្រូវបានដាំក្នុងសាលារចនា
15, Mar 2021 , 8:29 am        
រូបភាព
ដោយ៖ ប៉ូ សុភា
 
ភ្នំពេញ៖ ឈើហូបផ្លែជាង៥០ប្រភេទ ក្នុងចំណោមដើមឈើចម្រុះជាង២០០ប្រភេទ ត្រូវបានដាំក្នុងសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ។ នេះបើតាមលោក ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលបានរៀបរាប់ប្រាប់ Thmeythmey25 ឈើហូបផ្លែទាំងនោះមានដូចជា ខ្នុរ មៀន ស្វាយ ទៀបស្វិត ទៀបបារាំង ព្នៅ ស្ពឺ កន្ទួត ត្របែក ត្នោត ក្រូចឆ្មារ ទ្រលឹងទឹងក្រខុប ល្ហុង ប័រ ល្វា និងព្រីងជាដើម។ ក្រៅពីឈើហូបផ្លែ ក្នុងបរិវេណសាលា ក៏មានដាំដើមឈើកម្រៗ និងផ្កាតំណាងជាតិផងដែរ។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញស្តាប់កិច្ចសម្ភាស រវាងកញ្ញា ប៉ូ សុភា នៃសារព័ត៌មានThmeythmey25 និងលោកលោក ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដូចតទៅ៖

 
ឈើហូបផ្លែដូចជា ខ្នុរ មៀន ស្វាយ ទៀបស្វិត ទៀបបារាំង ព្នៅ ស្ពឺ កន្ទួត ត្របែក ត្នោត ក្រូចឆ្មារ ទ្រលឹងទឹង ក្រខុប ល្ហុង ប័រ ល្វា ព្រីង ជាដើម សរុបប្រមាណជាង៥០ប្រភេទ ត្រូវបានដាំក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលមានផ្ទៃដីជាង១ម៉ឺនម៉ែត្រក្រឡា កណ្ដាលរាជធានីភ្នំពេញ។ 
 
លោក ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ២៥ថា នៅក្នុងសាលានេះ មានដើមឈើខ្លះមានអាយុកាលយូរឆ្នាំណាស់ហើយ។ ចំពោះការដាំដើមឈើចម្រុះ ក៏ដូចជាឈើហូបផ្លែនៅក្នុងសាលារចនា លោក ហេង សុផាឌី ថាគេដាំដើម្បីជួយដល់បរិស្ថាន ផ្ដល់ជាម្លប់ឱ្យសិស្សក្នុងការស្វ័យសិក្សាក្នុងបរិវេណសាលា។
 
លោក ហេង សុផាឌី បានបញ្ជាក់ថា៖«ក្នុងចំណោមដើមឈើហូបផ្លែទាំងអស់ មានតែដើមល្វាទេ ដែលមានអាយុកាលវែងជាងគេ ប៉ុន្តែលោកមិនដឹងថា គេដាំក្នុងឆ្នាំណានោះឡើយ។ ដើមឈើខ្លះមានអាយុច្រើន ហើយដើមឈើខ្លះទៀត លោកគ្រូអ្នកគ្រូ និងសិស្សនិស្សិត គាត់បានដាំ។ ប៉ុន្តែដើមឈើកម្រមួយចំនួន យើងដាំដើម្បីឱ្យសិស្សបានស្គាល់ ព្រោះវាមានតែនៅក្នុងមុខវិទ្យាសិក្សា តែមិនសូវមានដាំច្រើន»៕












ដើមព្នៅ


ដើមល្វា (ជាឈើហូបផ្លែដែលមានអាយុកាលយូរជាងគេ ក្នុងចំណោមឈើហូបផ្លែជាង៥០ប្រភេទនៅក្នុងបរិវេណសាលា)



Tag:
 ដើមឈើ
  សាលា
  រុក្ខជាតិ
  RUFA
© រក្សាសិទ្ធិដោយ thmeythmey.com