COVID-19
ជាតិ
លោកស្រី ឱ វណ្ណឌីន៖ អ្នកជាសះស្បើយពីកូវីដ-១៩ អាចចាក់វ៉ាក់សាំងបាន
15, Mar 2021 , 10:45 am        
រូបភាព
​ភ្នំពេញ​៖ អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ អាច​ចាក់​វ៉ាក់សាំង​វិញ​បាន​។ លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ថ្លែង​បែបនេះ នៅក្នុង​សន្និសីទកាសែត​ស្តីពី​ច្បាប់ «​វិធានការ​ទប់ស្កាត់​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩» នៅ​ព្រឹក​ថ្ងៃទី​១៥ មីនា​។​


 
​លោកស្រី ឱ វណ្ណឌី​ន បាន​បកស្រាយ​ដោយ​យោងតាម​ការសិក្សារ​បស់​អង្គការ​សុខភាព​ពិភពលោក​ថា អ្នកជំងឺ​កូ​វីដ​-១៩ ដែលជា​សះស្បើយ​វិញ រយៈពេល​ពី​៦​ខែ​ឡើងទៅ នឹង​អាច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កាច​សាហាវ​នេះ​បាន​។​
 
​ដោយឡែក​អ្នក​ស្ថិតនៅក្នុង​ស្ថានភាព​សង្ស័យ ឬ​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ មិនអាច​ចាក់​វ៉ាក់សាំង​បង្ការ​បានឡើយ ដោយ​រង់ចាំ​ទាល់តែ​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​នេះ​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ។​
 
​កម្ពុជា មាន​ពលរដ្ឋ​ទូទៅ និង កងកម្លាំង​យោធា​ចំនួន ២៧៩,៣០៧​នាក់​ហើយ ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​របស់​ចិន​Sinopharm និង​វ៉ាក់សាំង​Astra Zeneca ផលិត​នៅ​ប្រទេស​ឥណ្ឌា​។ នេះ​បើ​យោងតាម​ទ​ន្និ​ន័យ​ផ្សេង​ពីគ្នា​របស់​ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១៥ មីនា​នេះ កម្ពុជា មាន​អ្នក​ជំ​ងឹ​កូ​វីដ​-១៩ ចំនួន​១,៣២៥​នាក់ ក្នុងនោះ​ជាសះស្បើយ ៧៣០​នាក់ ។ ក្នុងចំណោម​អ្នកជំងឺ​ទាំងនោះ មាន​អ្នក​ឆ្លង​៨១០​នាក់ នៃ​ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ ៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com