អ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយលោក កក្កដា សុភ័ណ្ឌ មានជិត៤០០នាក់
COVID-19
ជាតិ
អ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយលោក កក្កដា សុភ័ណ្ឌ មានជិត៤០០នាក់
15, Mar 2021 , 1:47 pm        
រូបភាព
លោក កក្កដា សុភ័ណ្ឌ តារាហ្វេសប៊ុកដ៏ល្បីឈ្មោះម្នាក់ បានប្រកាសជាសាធារណៈថា ខ្លួនមានលទ្ធផលវិជ្ជមានកូវីដ-១៩
លោក កក្កដា សុភ័ណ្ឌ តារាហ្វេសប៊ុកដ៏ល្បីឈ្មោះម្នាក់ បានប្រកាសជាសាធារណៈថា ខ្លួនមានលទ្ធផលវិជ្ជមានកូវីដ-១៩
គិតត្រឹមថ្ងៃទី១៥ ខែមីនានេះ អាជ្ញាធរខេត្តតាកែវបានរកឃើញអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលនឹងលោក កក្កដា សុភ័ណ្ឌ ដែលបានឆ្លងជំងឺកូវីដ-១៩ និងបានចូលរួមមង្គលការនៅស្រុកសំរោង ខេត្តតាកែវកាលពីថ្ងៃទី១២ ខែមីនាកន្លងចំនួន៣៨០នាក់។ នេះបើតាមរបាយការណ៍ដែលលោក លី សាវេត អភិបាលរងខេត្តតាកែវ ដែលបានផ្ញើមកសារព័ត៌មានថ្មីៗ។



របាយការណ៍ដែលលោក លី សាវេត អភិបាលរងខេត្តតាកែវបានផ្ញើមកនោះ បានបញ្ជាក់ថាក្នុងចំណោមអ្នកពាក់ព័ន្ធនឹងលោក កក្កដា សុភ័ណ្ឌ ទាំងអស់នោះគឺមានអ្នកប៉ះពាល់ផ្ទាល់នឹងលោកចំនួន២៥នាក់ ដែលពួកគេសុទ្ធតែជាសមាជិកគ្រួសារ និងអ្នករៀបចំមង្គលការនៃកូនកំលោះក្រមុំដែលបានរៀបមង្គលការកាលពីថ្ងៃទី១២ ខែមីនា ដែលស្ថិតនៅក្នុងភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

ដោយឡែក​អ្នក​ដែល​ពាក់ព័ន្ធ​ដោយ​ប្រយោល​នឹង​លោក កក្កដា សុ​ភ័​ណ្ឌ ចំនួន​៤​នាក់ ​ដែល​រស់នៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ក៏ត្រូវ​បានធ្វើ​តេស្ត និង​បានធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ក​ម្ពុ​ជា​-​កូរ៉េ​ខេត្តកំពង់ស្ពឺ​ផងដែរ​។ រីឯទីតាំង​ចំនួន​៣​កន្លែង​នោះ​ត្រូវបាន​អាជ្ញាធរ​បិទ​ជា​បណ្តោះ​សិន​ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។ នេះ​បើតាម​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​ដែល​បានបញ្ជាក់​ប្រាប់​អ្នក​សារព័ត៌​ថ្មីៗ​តាម​ទូរ​សព្ទ​។
 
«​យើង​យកមក​ចំនួន​៤​នាក់ ដែល​មួយ​គ្រួសារ​របស់គាត់​ហ្នឹង​ដែល​យើង​ទើប​ដឹក​មក​ព្រឹក​មិញ​»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ី សំណាង​ដែល​បញ្ជាក់ថា អ្នក​ដែល​ពាក់ព័ន្ធ​ចំនួន​៤​នាក់​នោះ​គឺ​បាន​ចល័ត​ទៅ​ទីតាំង​ចំនួន​៣​កន្លែង​ដែល​ស្ថិតនៅក្នុង​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ 
​កាលពីថ្ងៃទី១៤ ខែមីនា លោក កក្កដា សុភ័ណ្ឌ ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមដ៏ល្បីម្នាក់ បានប្រកាសតាមហ្វេសប៊ុកថា ខ្លួនមានកូវីដ-១៩។ លោកបានសរសេរបន្ថែមថា៖«សូមទោសអ្នករាល់គ្នាផង... បើខ្ញុំមិនមកពិនិត្យ ខ្ញុំគេចវេះ វាជារឿងមិនល្អទេ សុខចិត្តឲ្យអ្នកទាំងអស់គ្នាជេរខ្ញុំ... សូមទោសមិត្តភក្តិ អ្នករាប់អាន ដែលខ្ញុំនាំទុក្ខឲ្យ. សូមមេត្តាទៅពិនិត្យសុខភាពដែលនៅជិត នឹង ស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល កុំឲ្យស្តាយក្រោយដូចខ្ញុំ»។
 
តាមគណនីហ្វេសប៊ុក Instagram និង TikTok តារាហ្វេសប៊ុករូបនេះ បានធ្វើជាអ្នកកំដរក្នុងពិធីការមួយនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ហើយបានជួបមនុស្សជាច្រើន។

ក្នុងចំណោមអ្នកប៉ះពាល់ផ្ទាល់នោះគឺស្ថិតនៅក្នុងស្រុកសំរោងចំនួន១២នាក់ ស្រុកបាទីចំនួន១២នាក់ និងស្រុកត្រាំកក់ចំនួន១នាក់។ ក្រៅពីនោះក៏មានអ្នកប៉ះពាល់ដោយប្រយោលចំនួន៣៥៥នាក់បន្ថែមទៀតផងដែរ។ នេះបើតាមរបាយការណ៍។

លោក លី សាវេត បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា មកដល់ពេលនេះអ្នកដែលពាក់ព័ន្ធទាំងអស់នោះត្រូវបានក្រុមគ្រូពេទ្យកំពុងតែយកសំណាក ហើយបន្ទាប់មកពួកគេនឹងបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ដោយមានក្រុមអាជ្ញាធរឃ្លាំមើល។

បើតាមលោក លី សាវេត មកដល់ពេលនេះ អាជ្ញាធរតាមស្រុកនីមួយៗដែលពាក់ព័ន្ធនឹងលោក កក្កដា សុភ័ណ្ឌ គឺបានបិទជាបណ្តោះអាសន្នដើម្បី ទប់ស្កាត់កុំឲ្យរាលដាលចូលក្នុងសហគមន៍។

តែយ៉ាងណា អភិបាលខេត្តតាកែវ មិនទាន់ចាត់វិធានការផ្អាកកម្មវិធីអាពាហ៍ពិពាហ៍ និងជួបជុំផ្សេងៗ និងការបិទសាលារៀននៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោងខេត្តតាកែវនៅឡើយ។ នេះបើការបញ្ជាក់ពីលោក លី សាវេត អភិបាលរងខេត្តតាកែវ។

កន្លងមកអាជ្ញាធរតាមខេត្តមួយចំនួនក៏បានសម្រេចបិទទីតាំងដែលកំពុងផ្ទុះនូវជំងឺកូវីដ-១៩ផងដែរ។ គិតមកដល់ពេលនេះ ជំងឺកូវីដ-១៩បានឆ្លងរាលដាលដល់រាជធានីខេត្តចំនួន១០ហើយ រួមមានភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង។

នៅកម្ពុជាទាំងមូលមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១៣២៥នាក់ ក្នុងនោះជាសះស្បើយចំនួន៧៣០នាក់។ អ្នកឆ្លងក្នុងសហគមន៍២០កុម្ភៈ កើនដល់៨១០នាក់។ ក្នុងចំណោមនោះជាសះស្បើយចំនួន២៣១នាក់ និងស្លាប់ម្នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com