អន្តរជាតិ
តៃវ៉ាន់ ប្រាប់ក្រុមហ៊ុនខ្លួនរកស៊ីនៅមីយ៉ាន់ម៉ា ឱ្យហូតទង់ជាតិខ្លួនឡើង ដើម្បីកុំឱ្យច្រឡំចិន
15, Mar 2021 , 4:28 pm        
រូបភាព
ការដុតបំផ្លាញអំឡុងពេលបាតុកម្មនៅទីក្រុងយ៉ាំងហ្គោន។ រូបថត AFP
ការដុតបំផ្លាញអំឡុងពេលបាតុកម្មនៅទីក្រុងយ៉ាំងហ្គោន។ រូបថត AFP
ការិយាល័យអ្នកតំណាងតៃវ៉ាន់នៅមីយ៉ាម៉ា នៅថ្ងៃទី១៥ ខែមីនា បានអំពាវនាវឱ្យក្រុមហ៊ុនខ្លួនរកស៊ីនៅទីនោះ ដាក់ស្លាកបញ្ជាក់ក្រុមហ៊ុនតៃវ៉ាន់ និងបង្ហូតទង់ជាតិរបស់ខ្លួនឡើង ដើម្បីកុំឱ្យច្រឡំជាមួយក្រុមហ៊ុនចិន និងបង្ការជនមួយចំនួនដុតក្រុមហ៊ុនខ្លួន ដូចក្រុមហ៊ុនចិន។ ការអំពាវនាវខាងលើ ធ្វើឡើងស្របពេលស្ថានភាពនយោបាយមីយ៉ាន់ម៉ា កាន់តែខ្លាំងឡើង។ ដោយឡែករដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាឯណោះវិញ បានប្រកាសប្រើច្បាប់អាជ្ញាសឹកលើតំបន់មួយចំនួនបន្ថែមទៀតដែរ។


 
ក្រុមហ៊ុនចិនមួយចំនួន នៅក្នុងសង្កាត់Hlaingthaya ត្រូវបានដុតដោយជនមិនស្គាល់មុខនៅថ្ងៃទី១៤ ខែមីនា។ ការដុតរោងចក្រចិននេះ ទំនងបណ្តាលមកពីមិនពេញចិត្តនឹងរដ្ឋាភិបាលក្រុងប៉េកាំង ដែលមិនមានអន្តរាគមន៍លើរដ្ឋប្រហារយោធា។ បើតាមស្ថានទូតចិន បុគ្គលិកជនជាតិចិនជាច្រើននាក់ បានរងរបួស។ កន្លងមក ចិនមិនបានបង្ហាញការរិះគន់ ឬជំហរទាមទារឱ្យរបបសឹកដោះលែងលោកស្រីអ៊ុងសាន ស៊ូជី និងបង្កើតរដ្ឋាភិបាលស៊ីវិលឡើងវិញឡើយ។ ផ្ទុយទៅវិញ ចិន បានត្រឹមតែអំពាវនាវឱ្យភាគីពាក់ព័ន្ធ ដោះស្រាយបញ្ហានយោបាយដោយសន្តិវិធីតែប៉ុណ្ណោះ។ 
 
បើតាមក្រសួងការបរទេសតៃវ៉ាន់ ក្នុងហេតុការណ៍ខាងលើ រោងចក្រតៃវ៉ាន់មួយ ដែលរកស៊ីនៅមីយ៉ាន់ម៉ា ក៏រងគ្រោះដោយការដុតដែរ ដោយជនជាតិតៃវ៉ាន់ចំនួន១០នាក់ បានជាប់នៅក្នុងអាគាររោងចក្រ។ ប៉ុន្តែអ្នកទាំងនោះមានសុវត្ថិភាពធម្មតា។
 
ដើម្បីបង្ការឧប្បទ្ទវហេតុក្នុងថ្ងៃខាងមុខ ការិយាល័យតំណាងតៃវ៉ាន់បានប្រាប់ឱ្យរោងចក្ររបស់ខ្លួន ដាក់ស្លាករោងចក្រតៃវ៉ាន់ និងបង្ហូតទង់តៃវ៉ាន់ឡើង ដើម្បីកុំឱ្យមានការច្រឡំជាមួយក្រុមហ៊ុនចិន ដែលរកស៊ីនៅមីយ៉ាន់ម៉ាដែរ។ បើតាមការិយាល័យតំណាងតៃវ៉ាន់នៅមីយ៉ាន់ម៉ា ការធ្វើបែបនេះ គឺដើម្បីពន្យល់ទៅប្រជាជន និងកម្មករក្នុងស្រុកថា ក្រុមហ៊ុនទាំងនោះ គឺជារបស់តៃវ៉ាន់ ពោលគឺមិនមែនជារបស់ចិនឡើយ។ 
 
ការដុតរោងចក្រច្រឡំរវាងចិន និងតៃវ៉ាន់ មិនមែនជាលើកទីមួយឡើយ។ នៅក្នុងឆ្នាំ២០១៤ ប្រជាជនវៀតណាម បានបាតុកម្មប្រឆាំងចិនលើបញ្ហាសមុទ្រចិនខាងត្បូង។ គ្រានោះបាតុករវៀតណាម ក៏បានច្រឡំដុតរោងចក្រតៃវ៉ាន់មួយចំនួនផងដែរ ដោយស្មានថាជាក្រុមហ៊ុនចិន។
 
ស្របគ្នានេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ប្រកាសប្រើប្រាស់ច្បាប់អាជ្ញាសឹកលើខណ្ឌបន្ថែមទៀតផងដែរក្នុងទីក្រុងយ៉ាំងហ្គោន។ ខណ្ឌទាំងនោះ ប្រមូលផ្តុំទៅដោយរោងចក្រជាច្រើន។ ការប្រើប្រាស់ច្បាប់អាជ្ញាសឹកនេះ ទំនងដើម្បីការពារក្រុមបាតុករ មិនឱ្យមករំខានដំណើរការរបស់រោងចក្រ។ 
 
សូមបញ្ជាក់ថា តៃវ៉ាន់ ដែលចិនតែងតែចាត់ទុកជាដែនដីរបស់ខ្លួន មិនមានទំនាក់ទំនងផ្លូវការជាមួយរដ្ឋាភិបាលក្រុងណៃពិដោឡើយ។ ប៉ុន្តែដែនកោះមួយនេះ មានទំទាក់ទំនងយ៉ាងល្អលើទំនាក់ទំនងជំនួញ និងវប្បធម៌ ជាមួយមីយ៉ាន់ម៉ា៕ 
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com