COVID-19
អន្តរជាតិ
ចិន បន្ធូរលក្ខខណ្ឌផ្តល់ទិដ្ឋាការសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងចិន
15, Mar 2021 , 7:59 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ:
ក្រសួងការបរទេសចិន បានប្រកាសថា អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផលិតដោយក្រុមហ៊ុនចិននឹងទទួលបានការបន្ធូរបន្ថយក្នុងការទទួលបានទិដ្ឋាការពេលចូលទឹកដីរបស់ខ្លួនតាមហុងកុង។ វិធានការថ្មី ដែលចូលធរមាននៅថ្ងៃទី១៥ ខែមីនា មានបំណងក្នុងការសម្រួលការធ្វើដំណើររវាងប្រជាជនចិន និងប្រជាជននៃប្រទេសដទៃឯទៀត។


ការកែប្រែវិធានការក្នុងការទទួលបានទិដ្ឋាការរបស់ចិន ធ្វើឡើងអំឡុងពេលដែលចិនព្យាយាមជំរុញការលក់ និងចែកចាយវ៉ាក់សាំងរបស់ខ្លួននៅជុំវិញពិភពលោក ក៏ដូចជាការប្រកួតប្រជែងជាមួយបណ្តាប្រទេសនៅតំបន់អឺរ៉ុប និងអាមេរិកផងដែរ។
 
ក្រោមលក្ខខណ្ឌថ្មី ជនបរទេសដែលធ្វើដំណើរចូលទឹកដីចិន ត្រូវបង្ហាញឯកសារដែលបញ្ជាក់ថា ខ្លួនទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលផលិតនៅប្រទេសចិន។ ការបង្ហាញឯកសារនេះ នឹងជួយសម្រួលជនបរទេសឱ្យបំពេញឯកសារតិចតួចជាងមុន ក៏ដូចជាមិនចាំបាច់ធ្វើតេស្តរកជំងឺកូវីដ-១៩ឡើយ ឬឯកសារប្រកាសពីការធ្វើដំណើរឡើយ។ ជនបរទេសទាំងនោះសំដៅទៅលើបុគ្គល ដែលមានភារកិច្ច ជំនួញ ឬធ្វើការក្នុងប្រទេសចិនមុនពេលផ្ទុះឡើងនៃជំងឺកូវីដ-១៩។
 
ការបន្ធូបន្ថយនេះ ក៏អនុញ្ញាតផងដែរសម្រាប់បុគ្គលទាំងឡាយណាដែលត្រូវធ្វើដំណើរទៅប្រទេសចិន ក្រោមហេតុផលមនុស្សធម៌ដូចជាការចូលរួមបុណ្យសព និងការមើលថែសាច់ញាតិដោយរួមមានប្តីឬប្រពន្ធ ឪពុកម្តាយ កូន ជីដូនជីតា ចៅ បងប្អូនជាដើម។ បុគ្គលទាំងអស់ត្រូវបង្ហាញថា ខ្លួនបានទទួលវ៉ាក់សាំងកូវីដ-១៩យ៉ាងហោចណាស់១៤ថ្ងៃមុនពេលធ្វើដំណើរមកប្រទេសចិន។
 
វិធានាការថ្មី ទំនងជារឿងលំបាកសម្រាប់ប្រជាជននៅតំបន់អឺរ៉ុប និងអាមេរិក។ អាជ្ញាធរសុខាភិបាលនៃប្រទេសអឺរ៉ុបសឹងតែទាំងអស់ រួមទាំងអាមេរិក មិនទាន់អនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងដែលអភិវឌ្ឍ និងផលិតដោយក្រុមហ៊ុនចិននៅឡើយទេ។ បើទោះបីក្រុមហ៊ុន និងរដ្ឋាភិបាលចិនបានប្រកាសពីប្រសិទ្ធភាពនៃវ៉ាក់សាំងទាំងនោះក្តី ការមិនចែករំលែកទិន្ន័យលម្អិតនៃការធ្វើតេស្តវ៉ាក់សាំងជាមូលហេតុមួយដែលនាំឱ្យមានភាពស្ទាក់ស្ទើរក្នុងការជឿទុកចិត្ត ក៏ដូចជាផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង។
 
បច្ចុប្បន្ន ចិន បន្តប្រើប្រាស់វ៉ាក់សាំងក្នុងស្រុក ក៏ដូចជាលក់ និងផ្តល់ជំនួយដល់ប្រទេសជាច្រើននៅអាមេរិកឡាទីន និងអាស៊ីអាគ្នេយ៍ផងដែរ។ នាពេលថ្មីៗនេះ គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានសម្រេចប្រើប្រាស់វ៉ាក់សាំងរបស់ចិនក្នុងការផ្តល់ឱ្យកីឡាករដែលចូលរួមកីឡាអូឡាំពិកក្រុងតូក្យូ ក៏ដូចជាកីឡាអូឡាំពិករដូវត្រជាក់នាក្រុងប៉េកាំងនាឆ្នាំក្រោយ។
 
មកទល់ពេលនេះ ចិនបានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងចំនួន៤ ដែលអភិវឌ្ឍនៅក្នុងស្រុក។ គិតត្រឹមថ្ងៃទី១៥ ខែមីនា ចិនបានចាក់វ៉ាក់សាំងចំនួន៦៥លានដូសដល់ពលរដ្ឋរបស់ខ្លួន និងមានផែនការផ្តល់វ៉ាក់សាំងឱ្យបានយ៉ាងហោចណាស់៨០ភាគរយនៃប្រជាជនសរុប។ នេះបើយោងតាមលោក Li Bin អនុប្រធានគណៈកម្មាធិការសុខាភិបាលចិន ថ្លែងប្រាប់ក្នុងសន្និសីទសារព័ត៌មានថ្ងៃ១៥ ខែមីនា។
 
រដ្ឋាភិបាលចិន បានដាក់ផែនការផ្តល់វ៉ាក់សាំងដល់ប្រជាជនឱ្យបាន៩០០ ទៅ១០០០លាននាក់ត្រឹមខែកក្កដា ឬសីហាឆ្នាំ២០២២។ ខុសពីប្រទេសដទៃ ដែលប្រញាប់ប្រញាល់ចាក់វ៉ាក់សាំង ចិនពុំសូវជាប្រញាប់ប៉ុន្មានឡើយដោយសារតែខ្លួនអាចគ្រប់គ្រងករណីឆ្លងក្នុងស្រុកបាន។ គិតជាចំនួនសរុបវិញ ចិនបានផ្តល់វ៉ាក់សាំងក្នុងបរិមាណ១០ដងទៅប្រទេសឯទៀត ធៀបទៅនឹងបរិមាណដែលខ្លួនបានប្រើប្រាស់សម្រាប់ផ្តល់ពលរដ្ឋខ្លួន៕
 
 
 
 

Tag:
 ចិន
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com