កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho៖ ចាញ់ Arsenal ដោយសារតារារបស់ Spurs លេងលាក់ជើងនៅតង់ទី១
15, Mar 2021 , 5:29 pm        
រូបភាព
លោក Jose Mourinho រិះគន់កីឡាករសំខាន់ៗរបស់ខ្លួនលេងលាក់ជើងនៅតង់ទី១ ទើបបណ្តាលឱ្យ Tottenham Hotspur ចាញ់ Arsenal ដោយការវាយបកក្នុងលទ្ធផល ២-១ ក្នុងជំនួប London derby នៅយប់ថ្ងៃទី១៤ ខែមីនា។



ក្រុមកាំភ្លើងធំ ស្គាល់រសជាតិជ័យជម្នះលើកដំបូងលើក្រុមមាន់ខ្នាយមាសចាប់តាំងប៉ះគ្នាលើកចុងក្រោយនាខែធ្នូ ឆ្នាំ ២០១៨ មក ខណៈក្រុមលោក Mourinho នៅសល់គ្នា១០នាក់។ ក្នុងជំនួបលីគ Premier League សប្តាហ៍ទី២៨ Erik Lamela បានប្រើក្បាច់ពិសេស Rabona ដើម្បីសម្រេចទីនាំមុខឱ្យ Spurs មុននៅនាទី៣៣ មុនពេល Martin Oedegaard រកគ្រាប់តាមស្មើវិញនៅនាទី៤៤។
 
Alexandre Lacazette ទទួលបានបាល់ពិន័យប៉េណាល់ទីនៅនាទី៦៤ ដើម្បីជួយ Arsenal ឈ្នះ Spurs ២-១ ខណៈ Lamela ទទួលបានកាតក្រហមនៅនាទិ៧៦។ លោក Mourinho មិនពេញចិត្តនឹងការពិន័យទាំងពីរលើករបស់លោកអាជ្ញាកណ្តាល Michael Oliver ឡើយ។
 
បរាជ័យនេះ បានធ្វើឱ្យ Spurs ខកខានប្រជែងយកចំណាត់ Top 4 ដោយឈរនៅចំណាត់ថ្នាក់លេខ៧ ក្នុងតារាង Premier League ដដែល ដោយរកបាន៤៥ពិន្ទុ តាមពីក្រោយក្រុមលេខ៤ Chelsea ចំនួន ៦ ពិន្ទុ។
 
អ្នកចាត់ការរហស្សនាំ Special one បានសារភាពថាក្រុមរបស់លោកស្ថិតក្រោមស្តង់ទាបនៅវគ្គទី១ និងថែមទាំងរិះគន់កីឡាករសំខាន់ៗរបស់លោកថាលេងលាក់ជើងសម្រាប់ជំនួប London derby នេះទៀតផង។
 
Mourinho បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «នៅក្នុងតង់ទី១ យើងពិតជាលេងអន់ណាស់។ បើនិយាយពីការបង្កើតបាល់ទាត់វាយបក តារាៗមួយចំនួនដូចជាលេងលាក់ជើងតែម្តង។ នៅក្នុងតង់ទី ២ យើងត្រូវតែធ្វើឱ្យប្រសើរឡើងវិញតែយើងរបូត១គ្រាប់»។
 
ការទទួលបាន៣បន្ថែម Arsenal នៅតែរក្សាចំណាត់ថ្នាក់ទី១០ ដដែលក្រោយការប្រកួត២៨លើក មាន៤១ពិន្ទុ។ ខណៈការប្រកួតនៅសល់១០លើកទៀតនឹងចប់រដូវកាលនេះ ក្រុមរបស់លោក Mikel Arteta នៅតែមានឱកាសប្រជែងកៅអី Champions League ឬ Europa League រដូវកាលក្រោយ៕
 

Tag:
 Jose Mourinho
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com