កីឡាអន្តរជាតិ
អន្តរជាតិ
Di Maria ត្រូវប្ដូរចេញភ្លាមៗក្នុងជំនួស PSG ទល់ Nantes ខណៈចោរចូលប្លន់ដល់ក្នុងផ្ទះ
×
ដោយ៖ជា យូគៀង
Angel Di Maria ត្រូវបានប្តូរចេញភ្លាមៗ អំឡុងការប្រកួតរវាង Paris Saint Germain ទល់នឹង Nantes កីឡដ្ឋាន Parc De Princes នៅរាត្រីថ្ងៃទី១៤ ខែមីនា ក្រោយពេលទទួលដំណឹងបន្ទាន់ថាចោរចូលប្លន់ដល់ក្នុងផ្ទះ។ Marquinhos ក៏ត្រូវរងគ្រោះដោយសារតែរឿងប៉ុងប៉ងចូលប្លន់ដូចគ្នានេះដែរ។
ខ្សែបម្រើសញ្ជាតិអាហ្សង់ទីន ត្រូវបានអ្នកចាត់ការ Mauricio Pochettino សម្រេចប្តូរចេញជំនួសដោយ Leandro Paredes នៅនាទី៦២ ខណៈ PSG កំពុងស្ថិតនៅមានពិន្ទុ ១-១ ជាមួយក្រុមភ្ញៀវ Nantes នៅឡើយ។ ក្រោយដូរចេញមិនដល់១០នាទីផង Nantes បានបន្ថែមមួយគ្រាប់ដែលជាគ្រាប់ជ័យជម្នះរបស់ពួកគេ ក្នុងទល្ធផល ២-១។
ទាក់ទងមូលហេតុនៃការប្តូរចេញនេះ Di Maria បានទទួលដំណឹងពីបុគ្គលិកនៅកន្លែងការប្រកួតថាផ្ទះរបស់គេត្រូវបានចោរចូលប្លន់។ អំពើប្លន់លើគ្រួសាររបស់ Di Maria មិនមែនជាលើកទីមួយសម្រាប់រូបគេឡើយ។ អំឡុងខ្សែបម្រើវ័យ៣៣ឆ្នាំរូបនេះនៅប្រកបអាជីពជាមួយ Manchester United ក៏ធ្លាប់ជួបហេតុការនេះម្តងរួចមកហើយ។
ក្រុម PSG ហាក់រង្គោះរង្គើដោយសារតែទទួលបានព័ត៌មានរបស់ Di Maria ដែលនាំឱ្យសមាជិកក្រុមមានការព្រួយបារម្ភ និងគ្មានកំលាំងក្នុងការលេងបាល់បន្ត។ សូម្បីតែក្រុមគ្រួសាររបស់កីឡាករខ្សែការពារ Marquinhos ក៏ត្រូវបានរងគ្រោះដោយសារតែរឿងប៉ុងប៉ងចូលប្លន់អំឡុងការប្រកួតនេះដែរ។
PSG ស្ថិតក្នុងចំណាត់ថ្នាក់ទី២ក្នុងតារាង Ligue 1 បារាំង ដោយរកបាន៦០ពិន្ទុ ពីការប្រកួត២៩លើក តាមពីក្រោយក្រុមនាំមុខកំពូលតារាង Lille ចំនួន៣ពិន្ទុ៕
© រក្សាសិទ្ធិដោយ thmeythmey.com