កីឡាអន្តរជាតិ
អន្តរជាតិ
Messi តាមស្មើកំណត់ត្រា Xavi ក្រោយជួយ Barca បាន៣ពិន្ទុបន្ថែម
16, Mar 2021 , 11:35 am        
រូបភាព
Lionel Messi តាមស្មើកំណត់ត្រារបស់ Xavi Hernandez ក្នុងនាមអ្នកបង្ហាញខ្លួនច្រើនជាងគេសម្រាប់ក្រុម Barcelona ចំនួន៧៦៧លើក នាជំនួបដែលក្រុមយក្សអេស្ប៉ាញយកឈ្នះ Huesca ៤-១ នៅរាត្រីថ្ងៃទី១៥ ខែមីនា។



នាការប្រកួតក្របខណ្ឌ La Liga សប្តាហ៍ទី២៧ Messi ដែលបង្ហាញខ្លួនលើកទី៧៦៧ប្រកួត បានស៊ុតបាល់បញ្ចូលទីចំនួន២គ្រាប់ម្នាក់ឯងផងដែរ។ ខ្សែបម្រើសញ្ជាតិអាហ្សង់ទីនរូបនេះបានចូលរួមជាមួយក្រុម Barca នៅត្រឹមអាយុ១៣ឆ្នាំ កាលពីឆ្នាំ ២០០០ មុនពេលបង្ហាញខ្លួនសម្រាប់ក្រុមឈុតធំជាផ្លូវការនៅ៤ឆ្នាំបន្ទាប់។
 
បច្ចុប្បន្នប្រធានក្រុមវ័យ៣៣ឆ្នាំរូបនេះ កាន់កំណត់ត្រាខ្ពស់បំផុតក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតសម្រាប់ក្លិបរហស្សនាមអ្នកមានបុណ្យចំនួន៦៤៤គ្រាប់ និងបញ្ជូនឱ្យដៃគូសម្រេចទី ២៨៩លើក និងធ្វើបាន Hat-trick ៤៨ដង។
 
បន្ទាប់ពីតាមស្មើកំណត់ត្រាបង្ហាញខ្លួនឱ្យ Barca ច្រើនជាងគេរបស់ Xavi ដែលសព្វថ្ងៃជាគ្រូបង្វឹកក្រុម Al Sadd SC នៃលីគកំពូងកាតា ម្ចាស់ពានរង្វាន់ Ballon d'Or ៦សម័យកាលរូបនេះ នឹងបង្កើតកំណត់ត្រាថ្មី នៅពេលបង្ហាញខ្លួនឱ្យក្រុមក្នុងជំនួបទល់នឹង Real Sociedad សប្តាហ៍ក្រោយ។
 
ឆ្លងកាត់ការប្រកួត២៧លើក Barcelona រកបាន៥៩ពិន្ទុ ឈរនៅចំណាត់ថ្នាក់ទី២ក្នុងតារាង La Liga ដោយតាមពីក្រោយក្រុមកំពូលតារាង Atletico Madrid ចំនួន៤ពិន្ទុ។ Real Madrid នៅលេខរៀងទី៣ មាន៥៧ពិន្ទុ៕
 

Tag:
 Lionel Messi
  Xavi Hernandez
© រក្សាសិទ្ធិដោយ thmeythmey.com