ជាតិ
ស.ស.យ.ក. រំឭកសមាជិកឱ្យចូលរួមជាមួយអាជ្ញាធរមូលដ្ឋានប្រយុទ្ធនឹងកូវីដ-១៩
× ជាថ្មីម្តងទៀត សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានណែនាំដល់សមាជិករបស់ខ្លួននៅតាមខេត្តរាជធានីបន្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
តាមរយៈសេចក្តីណែនាំមួយចុះថ្ងៃទី១៥មីនានេះ ស.ស.យ.ក. បានជំរុញឱ្យសមាជិករបស់ខ្លួននៅតាមរាជធានី-ខេត្ត បន្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងអំពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាជនកម្ពុជា ឱ្យបានកាន់តែទូលំទូលាយ។ ទោះយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំនៃចលនាយុវជនដ៏ធំនេះ បានរំឭកដល់សមាជិករបស់ខ្លួនឱ្យប្រយ័ត្ននិងការពារខ្លួនមិនឱ្យឆ្លងជំងឺកូវីដ-១៩ ដែលកំពុងតែផ្ទុះឡើងក្នុងពេលបច្ចុប្បន្ននេះ។
សេចក្តីណែនាំដែលមាន៥ចំណុច ថ្នាក់ដឹកនាំស.ស.យ.ក. បានប្រាប់ទៅសមាជិករបស់ខ្លួនឱ្យត្រៀមខ្លួនសហការ និងគាំទ្រតាមលទ្ធភាពជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នេះ នៅតាមមូលដ្ឋាន។ សេចក្តីណែនាំសរសេរយ៉ាងដូច្នេះទៀតថា៖«ក្នុងដំណាក់កាលបន្តបន្ទាប់ដែលរាជរដ្ឋាភិបាលកម្ពុជាទទួលបានវ៉ាក់សាំងបន្ថែមសម្រាប់យុទ្ធនាការចាក់វ់ាក់សាំងប្រឆាំងជំងឺកូវីដ១៩ គណៈកម្មការ ស.ស.យ.ក. រាជធានីខេត្ត ត្រូវត្រៀមខ្លួនសហការជាមួយមន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន តាមតម្រូវការ និងស្ថានភាពជាក់ស្តែង ដើម្បីចូលរួមចំណែកបន្ថែមជំរុញយុទ្ធនាការនេះ។»។
ទោះយ៉ាងណាក៏ដោយ ការចូលរួមទាំងឡាយត្រូវចៀសវាងការប្រមូលផ្តុំ និងត្រូវគោរពតាមវិធានសុខាភិបាល និងវិធានរដ្ឋបាលនានា។ នេះជាការបញ្ជាក់នៅក្នុងសេចក្តីណែនាំនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com