ជាតិ
សេដ្ឋកិច្ច
កូរ៉េ នឹងផ្តល់ជំនួយ១០លានដុល្លារ ដល់កម្ពុជា សម្រាប់បោសសម្អាតមីនក្នុងរយៈពេល៥ឆ្នាំ
16, Mar 2021 , 8:29 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) នឹងផ្តល់ហិរញ្ញប្បទានចំនួន១០លានដុល្លារ ដល់កម្ពុជា សម្រាប់សកម្មភាពបោសសម្អាតមីនក្នុងរយៈពេល៥ឆ្នាំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ( UNDP)ដោយបញ្ជាក់ថា ថវិកានេះ គឺជាជំនួយឥតសំណងរបស់កូរ៉េ ក្នុងការគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា។

 
ថវិកាដែលជាជំនួយឥតសំណងនេះ គឺត្រូវបានចុះហត្ថលេខាប្រគល់-ទទួលលើកិច្ចព្រមព្រៀងត្រីភាគី រវាង លោក លី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីនកម្ពុជា  លោក Nick Beresford អ្នកតំណាងUNDP និង លោក Rho Hyunjun នាយកប្រចាំប្រទេសនៃភ្នាក់ងារ KOICA  តាមប្រព័ន្ធវីដេអូ(អនឡាញ) កាលពីថ្ងៃទី១៥មីនា។
 
សេចក្តីប្រកាសព័ត៌មានដដែលខាងលើ បានបន្ថែមថា ជំនួយឥតសំណង១០លានដុល្លារ របស់សាធារណៈរដ្ឋកូរ៉េនេះ ជាគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR IV) សម្រាប់រយៈពេល៥ឆ្នាំ ពោលពីឆ្នាំ២០២១ ដល់ ២០២៥។ 
 
វត្តមាននៃគ្រាប់មីន  និងសំណល់ជាតិផ្ទុះពីសង្រ្គោមនៅកម្ពុជា បន្តប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាជន ដែលធ្វើឱ្យមនុស្សស្លាប់ របួស និងពិការភាពជាច្រើននៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា។ វត្តមាននៃគ្រាប់មីន និងសំណល់ជាតិផ្ទុះ ដែលរ៉ាយប៉ោយ នៅកម្ពុជានេះ បានក្លាយជាឧបសគ្គដ៏ធំ ដល់ការពង្រីកវិស័យកសិកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការអនុវត្តនូវការប្រកបដោយចីរភាព (SDGs) នៅក្នុងឆ្នាំ២០២៥។ 
 
លោក លី ធុជ បានអះអាងដូច្នេះ៖« ជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ តាមរយៈKOICAនេះ នឹងជួយបំពេញបន្ថែម ដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់កម្ពុជា ក្នុងការដោះស្រាយផលប៉ះពាល់អវិជ្ជមានទាំងនេះ»។ 
 


ចាប់ពីឆ្នាំ១៩៧៩ ដល់ ២០២០ កម្ពុជាមានប្រជាពលរដ្ឋជិត ២ម៉ឺននាក់បានស្លាប់ និងរងរបួសដោយពិការដាច់ដៃជើងជាង ៤,៥ម៉ឺននាក់ផ្សេងទៀត ដោយសារគ្រាប់មីន និងគ្រាប់សំណល់ជាតិផ្ទុះ។
 
កម្ពុជាត្រូវបន្តបោសសម្អាតផ្ទៃដី ដែលមានមីនចំនួន៨៤៥គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម ចំនួន១,៣១៦គីឡូម៉ែត្រការ៉េបន្ថែមទៀត ក្នុងការសម្រេចឱ្យបាន នូវចក្ខុវិស័យតាមផែនការយុទ្ធសាស្ត្រជាតិ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»។ ដើម្បីសម្រេចឱ្យបាន នូវចក្ខុវិស័យតាមផែនការយុទ្ធសាស្ត្រជាតិ ការបោះសម្អាតផ្ទៃដីមីនទាំងនេះ  កម្ពុជាត្រូវការថវិកាជិត៤០០លានដុល្លារអាមេរិក៕ 
 
 

Tag:
 មីន
© រក្សាសិទ្ធិដោយ thmeythmey.com