ចិន ប្រកាសផ្តល់វ៉ាក់សាំងកូវីដ-១៩ ចំនួន៣សែនដូសដល់ទាហានមួកខៀវUN
COVID-19
អន្តរជាតិ
ចិន ប្រកាសផ្តល់វ៉ាក់សាំងកូវីដ-១៩ ចំនួន៣សែនដូសដល់ទាហានមួកខៀវUN
16, Mar 2021 , 8:59 pm        
រូបភាព
រូបថត AFP
រូបថត AFP
ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ(UN) បានប្រកាសថា រដ្ឋាភិបាលចិននឹងផ្តល់វ៉ាក់សាំងចំនួន៣សែនដូសដល់កងកម្លាំងរក្សាសន្តិភាព UN។ ការសន្យាផ្តល់វ៉ាក់សាំងនេះ ធ្វើឡើងក្រោយឥណ្ឌាបានប្រកាសផ្តល់វ៉ាក់សាំងចំនួន២សែនដូសដល់កងកម្លាំងរក្សាសន្តិភាពដែរ។ ចិន និងឥណ្ឌាត្រូវបានមើលឃើញថា កំពុងប្រើប្រាស់វ៉ាក់សាំងដើម្បីពង្រីកឥទ្ធិពលការទូតរបស់ខ្លួនលើឆាកអន្តរជាតិ។



ក្នុងជំនួបជាមួយលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការ UN លោក Zhang Jun ឯកអគ្គរដ្ឋទូតចិន និយាយថា កងកម្លាំងរក្សាសន្តិភាពរបស់អង្គការនេះ នឹងទទួលបានវ៉ាក់សាំងពីចិន ហើយអាទិភាពត្រូវផ្ដល់ដល់កងកម្លាំងដែលកំពុងមានវត្តមាននៅទ្វីបអាហ្វ្រិក។
 
«នេះជាជំហានមួយបន្ថែមទៀតក្នុងការធ្វើឱ្យវ៉ាក់សាំងរបស់ចិនក្លាយជាសម្បត្តិសាធារណៈ និងជាការបង្ហាញផងដែរពីការបន្តគាំទ្រយ៉ាងរឹងមាំទៅដល់ UN និងគោលការណ៍ពហុនិយម»។ ស្ថានបេសកកម្មទូតចិនលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី១៥ ខែមីនា។ 
 
អំឡុងពាក់កណ្តាលខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានប្រកាសពីការផ្តល់វ៉ាក់សាំងទៅកងកម្លាំង UN ប៉ុន្តែពុំបានបញ្ជាក់ពីចំនួន។ នៅគ្រានោះដែរឯកអគ្គរដ្ឋទូតឥណ្ឌាបានបញ្ជាក់ប្រាប់អគ្គលេខាធិការ UN ថាឥណ្ឌាផ្តល់វ៉ាក់សាំង២សែនដូស ដែលក្នុងនោះមាន១សែនដូសសម្រាប់កងកម្លាំងស៊ីវិល UN ។ យ៉ាងណាក្តី ប្រទេសទាំងពីរពុំបានបញ្ជាក់ពីប្រភេទវ៉ាក់សាំងដែលខ្លួននឹងផ្តល់ឱ្យនៅឡើយទេ។
 
ប្រតិបត្តិការរក្សាសន្តិភាពរបស់ UN មានទាហាន ប៉ូលិស និងមន្ត្រីស៊ីវិលចំនួន១សែននាក់ដែលបម្រើការតាមតំបន់ជម្លោះនៅជុំវិញពិភពលោក។ ប៉ុន្តែដោយសារកងកម្លាំងទាំងនោះត្រូវឆ្លាស់វេនទៅទីតាំងប្រតិបត្តិការថ្មី ត្រឡប់ទៅប្រទេសកំណើត និងវត្តមាននៃកងកម្លាំងថ្មីមកជំនួស ចំនួនវ៉ាក់សាំងចាំបាច់ត្រូវមានច្រើនជាងចំនួនទាហាន ប៉ូលិស និងមន្ត្រីដែលកំពុងបម្រើការជាក់ស្តែង។
 
ក្នុងសេចក្តីថ្លែងការណ៍ដដែល ស្ថានបេសកកម្មចិន ក៏បានអះអាងដែរថា ចិនបានផ្តល់ជំនួយជាវ៉ាក់សាំងដល់ប្រទេសចំនួន៦៩ និងអង្គការអន្តជាតិចំនួន២ ក៏ដូចជាការលក់នាំចេញទៅប្រទេសចំនួន២៨ផងដែរ។ ចិន បានផ្តល់វ៉ាក់សាំងទៅឱ្យប្រទេសឯទៀត១០ដងនៃចំនួនវ៉ាក់សាំងដែលបានផ្តល់ឱ្យពលរដ្ឋខ្លួនដែលទើបតែមាន៦៥លានដូសប៉ុណ្ណោះ។ នេះបើយោងតាមលោក Li Bin អនុប្រធានគណៈកម្មការសុខាភិបាលចិន ថ្លែងប្រាប់ក្នុងសន្និសីទសារព័ត៌មានថ្ងៃ១៥ ខែមីនា។
 
រដ្ឋាភិបាលចិន បានដាក់ផែនការផ្តល់វ៉ាក់សាំងដល់ប្រជាជនឱ្យបាន៩០០ ទៅ១០០០លាននាក់ត្រឹមខែកក្កដា ឬសីហាឆ្នាំ២០២២។ វ៉ាក់សាំងទាំង៤នោះមាន វ៉ាក់សាំងចំនួន២ប្រភេទដែលផលិតដោយក្រុមហ៊ុន Sionpharm វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនSinovac និងវ៉ាក់សាំងផលិតដោយក្រុមហ៊ុន CanSinoBIO ។
 
ចំណែកឥណ្ឌាទើបតែចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកាលពីថ្ងៃទី១ ខែមីនាតែប៉ុណ្ណោះដោយប្រើប្រាស់វ៉ាក់សាំងចំនួនពីរប្រភេទគឺវ៉ាក់សាំង AstraZeneca អភិវឌ្ឍដោយអង់គ្លេសផលិតដោយវិទ្យស្ថានSerum ដែលមានឈ្មោះ Covishield និងវ៉ាក់សាំងផលិតដោយក្រុមហ៊ុន Bharat Biotech។ ប្រទេសដែលមានប្រជាជនប្រមាណ១,៣៥ពាន់លាននាក់នេះ គ្រោងនឹងចាក់វ៉ាក់សាំងដល់ពលរដ្ឋខ្លួនឱ្យបាន៣០០លាននាក់ ត្រឹមខែសីហា។
 
 
 
 

Tag:
 ចិន
  ឥណ្ឌា
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com