អន្តរជាតិ
អ្នកការទូតអាមេរិក៖ ចិនត្រូវសម្រួលទំនាក់ទំនងជាមួយអូស្ត្រាលី បើចង់មានទំនាក់ទំនងល្អជាមួយខ្លួន
16, Mar 2021 , 5:15 pm        
រូបភាព
លោក Kurt Campbell មន្ត្រីសម្របសម្រួលកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិកនៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក។ រូបថត AFP
លោក Kurt Campbell មន្ត្រីសម្របសម្រួលកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិកនៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក។ រូបថត AFP
ដោយ:
ការសម្រួលទំនាក់ទំនងជាមួយអូស្ត្រាលី ជាលក្ខខណ្ឌដែលត្រូវបំពេញទុកជាមុនក្នុងការធ្វើឱ្យប្រសើរឡើងទំនាក់ទំនងអាមេរិក-ចិន។ លោក Kurt Campbell មន្ត្រីការទូតជាន់ខ្ពស់អាមេរិកអះអាងបែបនេះក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី។ បើតាមលោក Campbell អាមេរិកប្រាប់ចិនរួចហើយពីរឿងនេះ។



ទំនាក់ទំនងចិន និងអូស្ត្រាលីធ្លាក់ក្នុងស្ថានភាពយ៉ាប់យឺនកាន់តែខ្លាំងលើវិស័យការទូត និងពាណិជ្ជកម្មក្រោយពេលអូស្ត្រាលីចេញមុខមាត់ខ្លាំងជាងគេ ក្នុងការទាមទារឱ្យមានការស៊ើបអង្កេតប្រភពនៃជំងឺឆ្លងកូវីដ-១៩ដែលផ្ទុះឡើងនៅចុងឆ្នាំ២០១៩។ ចិនក៏ឆ្លើយតបវិញជាមួយវិធានការសេដ្ឋកិច្ចជាច្រើនដូចជាការដំឡើងពន្ធលើទំនិញអូស្ត្រាលីជាច្រើន។ 
 
 
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតអូស្ត្រាលី Sydney Morning Herald ដែលចេញនៅថ្ងៃទី១៦ ខែមីនា លោក Kurt Campbell ដែលជាអ្នកសម្របសម្រួលកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិកក្នុងក្រុមប្រឹក្សាសន្តិសុខជាតិនៃសេតវិមាននិយាយថា ការគំរាមផ្នែកសេដ្ឋកិច្ចដោយចិនទៅលើអូស្ត្រាលី ត្រូវតែលើកឡើងក្នុងកិច្ចប្រជុំទាំងអស់ដែលមន្ត្រីអាមេរិកមានជាមួយចិន។ លោកថា បញ្ហានេះ ក៏នឹងត្រូវលើកឡើងក្នុងជំនួបមន្ត្រីជាន់ខ្ពស់អាមេរិក-ចិន នៅរដ្ឋAlaska នាថ្ងៃទី១៨ ខែមីនាដែរ។
 
«យើងត្រូវតែធ្វើឱ្យច្បាស់ថា អាមេរិកនឹងមិនធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយចិន ខណៈសម្ពន្ធមិត្តត្រូវបានគំរាមផ្នែកសេដ្ឋកិច្ចឡើយ»។ លោក Campbell បញ្ជាក់បែបនេះ។ បើតាមអ្នកការទូតជើងចាស់រូបនេះ អាមេរិកដឹងយ៉ាងច្បាស់ពីអ្វីដែលកំពុងកើតឡើងរវាងចិន និងអូស្ត្រាលី ហើយអាមេរិក នឹងមិនលើកឡើងពីជំហានសំខាន់ៗក្នុងការសម្រួលទំនាក់ទំនងរវាងចិនឡើយ បើគោលនយោបាយ និងទំនាក់ទំនងការទូតរវាងចិន និងអូស្ត្រាលីមិនត្រឡប់ទៅសភាពធម្មតាវិញ។ 
 
សេដ្ឋកិច្ចអូស្រ្តាលី អាស្រ័យមួយភាគធំលើការនាំចេញផលិតផលទៅក្រៅប្រទេស ជាពិសេសទីផ្សារចិន។ បន្ថែមពីនេះ វិស័យអប់រំ និងទេសចរណ៍អូស្រ្តាលី ក៏ពឹងផ្អែកលើនិស្សិត និងភ្ញៀវទេសចរណ៍ចិនផងដែរ។ កន្លងទៅ រដ្ឋាភិបាលចិន ធ្លាប់បានព្រមានពលរដ្ឋខ្លួនឱ្យពិចារណាឡើងវិញចំពោះការទៅលេងអូស្ត្រាលី ឬការរៀនសូត្រនៅទីនោះ។ ក្នុងការប៉ាន់ស្មាន វិធានការសេដ្ឋកិច្ចរបស់ចិនលើអូស្ត្រាលីប៉ះពាល់ដល់ទំនិញ និងសេវាកម្មដែលមានតម្លៃ២០ពាន់លានដុល្លារឯណឡ។
 
ក្រៅតែពីអូស្ត្រាលី លោកCampbell ក៏លើកឡើងផងដែរថាហ្វីលីពីន វៀតណាម តៃវ៉ាន់ និងជប៉ុនក៏រងការគំរាមសេដ្ឋកិច្ចបែបនេះពីចិន។ លោកថា ការគំរាមបែបសេដ្ឋកិច្ចលើប្រទេសដទៃដោយចិននេះ ក៏ត្រូវយកមកពិភាក្សាផងដែរ។
 
លោក Campbell ដែលមន្ត្រីការទូតក្រោមរដ្ឋបាលប្រធានាធិបតីបារ៉ាក់ អូបាម៉ា និងរដ្ឋមន្ត្រីការបរទេសហ៊ីឡារី គ្លីនតុន ត្រូវបានចាត់ទុកជាស្ថាបនិកនៃគោលនយោបាយការបរទេស «សំដៅមកកាន់អាស៊ី» របស់អាមេរិក។ គោលនយោបាយនេះ ជាការបង្វែរសកម្មភាព និងធនធានរបស់អាមេរិកផ្នែកការទូត និងយោធា ដើម្បីបង្កើនវត្តមានរបស់អាមេរិកក្នុងទ្វីបអាស៊ី និងទប់ជាមួយនឹងការកើនឡើងនៃឥទ្ធិពលរបស់ចិន៕
 

Tag:
 ចិន
  អាមេរិក
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com